ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ចែករំលែកតាមរយៈ
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោរពេញដោយអំណរ សេចក្តីសុខសាន្ត និងភាពពេញលេញផ្លូវចិត្ត។ សូមចូលរួមជាមួយលោកគ្រូ យ៉ូសែប ព្រីនស៍ នៅក្នុងស៊េរីដែលមានបីភាគនេះ ហើយស្វែងយល់ពីរបៀបដែលអ្នកអាចយកឈ្នះលើចំណងផ្លូវចិត្តទាំងអស់ ដោយសម្រាកក្នុងការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ និងកិច្ចការដែលទ្រង់បានបញ្ចប់នៅលើឈើឆ្កាង។
ការសម្រាកក្នុងការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ
ប្រសិនបើអ្នកកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងគំនិតអវិជ្ជមាននៅថ្ងៃនេះ មិនថាក្នុងកម្រិតណាមួយនោះទេ សូមកុំចុះចាញ់ឡើយ។ ព្រះអម្ចាស់ជ្រាបពីការជាប់ស្ទះខាងផ្លូវចិត្ត និងអារម្មណ៍ដែលអ្នកកំពុងឆ្លងកាត់ ហើយទ្រង់ពិតជាចង់រំដោះអ្នកឲ្យមានសេរីភាពពីការបាក់ទឹកចិត្ត ការធ្លាក់ទឹកចិត្ត និងការបរាជ័យ។ ទ្រង់ពាក់មកុដបន្លានៅលើព្រះសិរសារបស់ទ្រង់ ដើម្បីឲ្យអ្នកអាចមានចិត្តដែលមានសេរីភាពពីការសង្កត់សង្កិន។ ទ្រង់ទ្រាំទ្រនឹងការដាក់ទោសដើម្បីសេចក្តីសុខសាន្តរបស់អ្នក ដើម្បីឲ្យអ្នកអាចរីករាយនឹងភាពពេញលេញដ៏ឥតខ្ចោះមកពីព្រះ និងសេចក្តីសុខសាន្តរបស់ទ្រង់ (អេសាយ ៥៣:៣)។ ជាក់ស្តែង អ្នកកំពុងអានអត្ថបទនេះឥឡូវនេះបង្ហាញថា ទ្រង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នក ហើយកំពុងធ្វើការដើម្បីឲ្យចិត្តរបស់អ្នកមានសេរីភាព៖ ចូរគ្រាន់តែបន្តអានចុះ!
រឿងដំបូងដែលអ្នកត្រូវដឹងគឺថា សមរភូមិកើតឡើងនៅក្នុងចិត្តរបស់អ្នក។ អ្នកឃើញហើយ អារក្សមិនមានអំណាចពិតប្រាកដទេ (កូល៉ុស ២:១៥) ដូច្នេះវាអាចត្រឹមតែងាកទៅប្រើការកុហក និងការបោកបញ្ឆោតប៉ុណ្ណោះ។ វាដាក់ការកុហក និងការពិតពាក់កណ្តាលនៅក្នុងចិត្តរបស់អ្នក ដើម្បីបញ្ឆោតអ្នក និងធ្វើឲ្យអ្នកជឿអ្វីដែលវាចង់ឲ្យអ្នកជឿ។ ហើយវាធ្វើដូច្នោះដោយប្រយោល និងដោយមានល្បិចកលដោយប្រើសព្វនាមផ្ទាល់ខ្លួនថា «ខ្ញុំ» ៖ ខ្ញុំមិនស្អាត។ ខ្ញុំជាមនុស្សបរាជ័យ។ ខ្ញុំជាមនុស្សញៀន ៖ ដើម្បីឲ្យអ្នកយកគំនិតទាំងនោះទុកជាគំនិតខ្លួនឯង ហើយជឿថាខ្លួនអ្នកពិតជាមនុស្សបែបនោះមែន។ វាដាំការកុហកបែបនេះនៅក្នុងខួរក្បាលរបស់អ្នក ដើម្បីឲ្យអ្នកយល់ច្រឡំអំពីអត្តសញ្ញាណរបស់អ្នក ឬធ្វើឲ្យអ្នកជួបនឹងវិបត្តិអត្តសញ្ញាណ!
ដូច្នេះសមរភូមិមិនមែននៅនៅខាងក្រៅខ្លួន នៅជាមួយប្តី ឬប្រពន្ធ ចៅហ្វាយ មិត្តរួមការងាររបស់អ្នក ឬសូម្បីតែសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនោះទេ គឺវានៅក្នុងចិត្តរបស់អ្នក។ ចិត្តរបស់អ្នកគឺជាសមរភូមិដែលមារសត្រូវចូលចិត្តវាយប្រហារ។ ហើយគំនិតគឺជាអាវុធដែលវាជ្រើសរើស។
ចូរជឿត្រឹមត្រូវ ហើយរីកចម្រើន
អ្នកឃើញហើយ ព្រះគម្ពីរចែងថា ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ (សុភាសិត ២៣:៧)។ នោះហើយជាមូលហេតុដែលខ្ញុំប្រកាសយ៉ាងមុតមាំថា ការជឿត្រឹមត្រូវបង្កើតបានជាការរស់នៅត្រឹមត្រូវ។. ផ្ទុយពីនេះក៏ជាការពិតដែរ ៖ ការជឿខុសបង្កើតបានជាការរស់នៅខុស។ សាវ័កប៉ុលប្រាប់យើងថា «…កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង …» (រ៉ូម ១២:២)។ យើងត្រូវកែចិត្តជាថ្មីដោយសេចក្ដីពិតរបស់ព្រះ ហើយកុំបន្តគិតតាមរបៀបដែលលោកីយគិត ឬតាមរបៀបដែលអារក្សចង់ឲ្យយើងគិត។
បងប្អូនអើយ វាសំខាន់ខ្លាំងណាស់ក្នុងការការពារអ្វីដែលយើងគិតនៅក្នុងចិត្ត ឬគំនិតរបស់យើង ពីព្រោះព្រះគម្ពីរចែងថាឲ្យ «អ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ»” (៣ យ៉ូហាន ១:២ ការដកស្រង់របស់ខ្ញុំ)។ ម្យ៉ាងវិញទៀត របៀបដែលអ្នកចម្រើនទៅខាងក្រៅ គឺជាប់ទាក់ទងនឹងរបៀបដែលអ្នកចម្រើននៅខាងក្នុងព្រលឹងអ្នក។
ព្រលឹងរួមមានចិត្តគំនិត បំណង និងអារម្មណ៍។ ប្រសិនបើអ្នកចង់ឲ្យសុខភាព ជីវិតគ្រួសារ អាជីព ព័ន្ធកិច្ច ពោលគឺគ្រប់យ៉ាងទាំងអស់បានរីកចម្រើន នោះអ្នកត្រូវចម្រើននៅក្នុងព្រលឹងអ្នកជាមុនសិន។ ព្រះយេស៊ូវមានបន្ទូលថា ប្រសិនបើអ្នកមានកំណប់ដ៏ល្អដែលកប់ទុកនៅក្នុងចិត្តរបស់អ្នក អ្នកនឹងបញ្ចេញសេចក្តីល្អ ហើយប្រសិនបើអ្នកមានកំណប់អាក្រក់នៅក្នុងចិត្តរបស់អ្នក អ្នកនឹងបញ្ចេញសេចក្តីអាក្រក់ (ម៉ាថាយ ១២:៣៥)។ ដូច្នេះ វាជាការសំខាន់ណាស់ក្នុងការបំពេញចិត្ត និងគំនិតរបស់យើងជាមួយនឹងកំណប់ល្អនៃបន្ទូលសន្យានៃសេចក្ដីសញ្ញាថ្មីរបស់ព្រះជាម្ចាស់ ជំនួសឲ្យសំរាមនៃលោកីយ នោះយើងអាចបញ្ចេញនូវសេចក្តីល្អៗនៅក្នុងជីវិតរបស់យើងបាន។ ប្រសិនបើយើងអនុញ្ញាតឲ្យការកុហក និងរឿងអាក្រក់ផ្សេងទៀតចូលមក នោះលទ្ធផលគឺការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការភ័យខ្លាច ការមិនទុកចិត្ត ភាពភ័យស្លន់ស្លោ ភាពព្រងើយកន្តើយ និងទម្រង់ផ្សេងទៀតនៃសេចក្តី
ស្លាប់។
ការមានសេរីភាពចេញពីបន្ទាយរឹងមាំនៃផ្លូវចិត្ត
ការកុហក និងរឿងអវិជ្ជមានដែលយើងជឿ និងគិតអំពី នឹងក្លាយជាបន្ទាយរឹងមាំ ហើយបន្ទាយរឹងមាំនឹងបង្កើតជាទម្លាប់ដែលនៅទីបំផុតនឹងកំណត់របៀបរស់នៅរបស់យើង។
ឧទាហរណ៍ ប្រសិនបើអ្នកជឿថាការទៅផ្សារទំនើបដែលមានមនុស្សច្រើននឹងបង្កឲ្យមានអាការៈថប់បារម្ភធ្ងន់ធ្ងរ ឬការភ័យស្លន់ស្លោដ៏គួរឲ្យភ័យខ្លាចមួយផ្សេងទៀត នោះអ្នកនឹងបង្កើតទម្លាប់ជៀសវាងមិនចូលផ្សារទំនើប ឬកន្លែងដែលមានមនុស្សច្រើនកុះករ។ ប្រសិនបើអ្នកជឿលើពាក្យស្លោកថា «ធ្លាប់ញៀនម្តងគឺ ញៀនរហូត» នោះអ្នកនឹងមានទំនោរបដិសេធជំនួយណាមួយដែលផ្តល់ឲ្យអ្នក ហើយចុងបញ្ចប់ អ្នកនឹងបន្តវដ្តនៃការញៀនដែលមិនចេះចប់នេះ។ ប្រសិនបើឪពុកម្តាយ និងគ្រូបង្រៀនរបស់អ្នកប្រាប់អ្នកថាអ្នកល្ងង់ ឬគ្មានប្រយោជន៍ ហើយអ្នកជឿពួកគេ នោះអ្នកនឹងឃើញខ្លួនឯងថាជាមនុស្សបរាជ័យដែលគ្មានអនាគត។ អ្នកនឹងមើលមិនឃើញថាមានប្រយោជន៍អ្វីទេក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់អ្នក។ អ្នកនឹងមិនដឹង ឬរកមិនឃើញអំណោយទានដែលព្រះបានដាក់ក្នុងជីវិតរបស់អ្នកទេ ហើយអ្នកក៏នឹងមិនឃើញថាមានប្រយោជន៍អ្វីដែរក្នុងការបណ្តុះក្រមសីលធម៌ការងារល្អ។
លោកសាវ័កប៉ុលនិយាយអំពីបន្ទាយរឹងមាំទាំងនេះដែលលើកខ្លួនឡើងទាស់នឹងសេចក្តីពិតនៃព្រះ។ ហើយលោកបង្ហាញយើងពីរបៀបរំដោះខ្លួនឲ្យមានសេរីភាពពីបន្ទាយរឹងមាំទាំងនោះ ៖ ដោយនាំយកគំនិតទាំងអស់ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ ៖
ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត នឹងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
— ២ កូរិនថូស ១០:៤–៥
សូមកត់សម្គាល់ថា យើងត្រូវនាំយកគំនិតទាំងអស់មកឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។ វាជារឿងគួរឲ្យសោកស្ដាយណាស់ដែលការបកប្រែមួយចំនួនដូចជា New International Version (NIV) និង New Living Translation (NLT) បកប្រែឲ្យមានអត្ថន័យថា យើងត្រូវធ្វើឲ្យគំនិតទាំងអស់របស់យើងស្ដាប់បង្គាប់ព្រះគ្រីស្ទវិញ។ ដោយសារតែរឿងនេះ គ្រីស្ទបរិស័ទជាច្រើនគិតថា អត្ថបទគម្ពីរនេះគឺនិយាយអំពីការស្ដាប់បង្គាប់ព្រះគ្រីស្ទយ៉ាងល្អឥតខ្ចោះនៅក្នុងគំនិតរបស់ពួកគេ។ ប៉ុន្តែ អ្វីដែលលោកប៉ុលកំពុងនិយាយនៅទីនេះគឺថា យើងត្រូវគិត ហើយបង្វែរគំនិតរបស់យើងឲ្យស្ដាប់បង្គាប់ព្រះគ្រីស្ទវិញ មិនមែនការស្ដាប់បង្គាប់របស់យើងផ្ទាល់នោះទេ។
ចូរផ្តោតសំខាន់លើការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ
បងប្អូនអើយ នេះជារបៀបដែលអ្នកយកឈ្នះសមរភូមិនៃចិត្តរបស់អ្នក ៖ ដោយដឹងថាវានិយាយអំពីការស្ដាប់បង្គាប់របស់ព្រះយេស៊ូវ។ នោះហើយជាអ្វីដែលព្រះចង់ឲ្យគំនិតរបស់អ្នកផ្តោតទៅលើ។ តើការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទជាអ្វី? វាគ្រាន់តែជាការស្ដាប់បង្គាប់របស់ទ្រង់រហូតទៅដល់ឈើឆ្កាង ដែលបាននាំមកនូវការអត់ទោសទាំងស្រុង និងសេចក្តីសុចរិតដ៏អស់កល្បជានិច្ចរបស់អ្នក ៖
ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ [អ័ដាម] មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់ [ព្រះយេស៊ូវ] បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ។
— រ៉ូម ៥:១៩
ក្នុងនាមជាគ្រីស្ទបរិស័ទ អ្នកនឹងត្រូវបានអត់ទោសអស់កល្បជានិច្ចចំពោះអំពើបាបទាំងអស់ រួមទាំងគំនិតអវិជ្ជមានទាំងអស់ (ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល) មិនមែនដោយសារតែការស្ដាប់បង្គាប់ ឬការប្រព្រឹត្តល្អរបស់អ្នកនោះទេ ប៉ុន្តែដោយសារតែការស្ដាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ។ ហើយអ្នកជាមនុស្សសុចរិតជារៀងរហូត មិនមែនដោយសារតែការស្ដាប់បង្គាប់ ឬការប្រព្រឹត្តល្អរបស់អ្នកនោះទេ ប៉ុន្តែដោយសារតែការស្ដាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ។ ហាលេលូយ៉ា!
អ្នកជាមនុស្សសុចរិតជារៀងរហូត មិនមែនដោយសារតែការស្ដាប់បង្គាប់ ឬការប្រព្រឹត្តល្អរបស់អ្នកនោះទេ ប៉ុន្តែដោយសារតែការស្ដាប់បង្គាប់ដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ។
បងប្អូនជាទីស្រឡាញ់អើយអ្នកឃើញទេ ទាំងអស់នេះគឺអំពីការសម្លឹងមើលទៅឈើឆ្កាង ជាកន្លែងដែលព្រះរាជបុត្រានៃព្រះបានលះព្រះជន្មរបស់ទ្រង់សម្រាប់អ្នក។ ទ្រង់មិនចាំបាច់ត្រូវរងទុក្ខលំបាក និងត្រូវសុគតទេ ប៉ុន្តែទ្រង់បានជ្រើសរើសធ្វើដូច្នេះ ដើម្បីឲ្យអ្នកបានរាប់ជាសុចរិត និងមានព្រះពរគ្រប់ប្រការ រួមទាំងជីវិតអស់កល្បជានិច្ចផងដែរ។ នោះហើយជាតម្លៃរបស់អ្នកចំពោះទ្រង់ ហើយនោះជាទំហំនៃសេចក្តីស្រឡាញ់ទ្រង់ចំពោះអ្នក!
ឥឡូវនេះ តើអ្នកផ្តោតលើការស្ដាប់បង្គាប់របស់ព្រះយេស៊ូវដើម្បីយកឈ្នះសមរភូមិនៅក្នុងចិត្តរបស់អ្នកដោយរបៀបណា? ឧបមាថាអ្នកបានគិតពីភាពអាម៉ាស់ ការថ្កោលទោស និងភាពគ្មានតម្លៃចំពោះកំហុសអតីតកាល ឬចំណុចខ្សោយជាក់លាក់ណាមួយ។ ខ្ញុំសូមលើកទឹកចិត្តអ្នកឥឡូវនេះ ឲ្យមើលពីរបៀបដែលតម្លៃសម្រាប់ការអត់ទោស និងការទទួលយករបស់អ្នកត្រូវបានបង់យ៉ាងពេញថ្លៃដោយព្រះអម្ចាស់។ សូមមើលពីរបៀបដែលអ្នកបានទទួលការអត់ទោសនៅក្នុងព្រះគ្រីស្ទ (អេភេសូរ ១:៧) ត្រូវបានទទួលយកទាំងស្រុង ត្រូវបានស្រឡាញ់ និងមានតម្លៃនៅក្នុងព្រះនេត្ររបស់ទ្រង់។
ស្រដៀងគ្នានេះដែរ នៅពេលដែលអារក្សព្យាយាមធ្វើឲ្យអ្នកជាប់ជំពាក់នឹងគំនិតអំពីតណ្ហា ការច្រណែន ចិត្តលោភលន់ ឬការស្អប់ ចូរជញ្ជឹងគិតអំពីរបៀបដែលនៅក្នុងព្រះគ្រីស្ទ អ្នកមានគំនិតរបស់ទ្រង់ (១ កូរិនថូស ២:១៦) ហើយជាគំនិតរបស់ទ្រង់ដែលឥតសៅហ្មង បរិសុទ្ធ និងថ្លៃថ្នូរ។ ចូរជញ្ជឹងគិតអំពីអ្វីដែលការស្ដាប់បង្គាប់របស់ទ្រង់សម្រេចបានសម្រាប់អ្នក ហើយប្រកាសសេចក្តីពិតទាំងនេះមកលើខ្លួនអ្នក។ នេះជារបៀបដែលអ្នកនាំគំនិតរបស់អ្នកឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទ ហើយទប់ទល់នឹងគំនិតអវិជ្ជមានដែលអារក្សដាំនៅក្នុងខួរក្បាលរបស់អ្នក។ នេះជារបៀបដែលអ្នកបំបែកវដ្តនៃអំពើបាប និងការបរាជ័យក្នុងជីវិតរបស់អ្នក។
ប្រហែលជាអ្នកមានបន្ទាយរឹងមាំផ្លូវចិត្តមួយដែលនិយាយថា ខ្ញុំតែងតែទន់ខ្សោយ និងឈឺច្រើន។ ជំនួសឲ្យការផ្តោតលើគំនិតនេះ សូមផ្តោតលើរបៀបដែលព្រះយេស៊ូវ ដោយការស្ដាប់បង្គាប់របស់ទ្រង់ចំពោះព្រះវរបិតា និងសេចក្ដីស្រឡាញ់ចំពោះអ្នក បានទ្រាំទ្រជំងឺទាំងអស់របស់អ្នកនៅលើឈើឆ្កាង ដើម្បីឲ្យអ្នកអាចមានសុខភាពដ៏ឥតខ្ចោះមកពីព្រះ។ សូមជញ្ជឹងគិតអំពីខគម្ពីរដូចជាអេសាយ ៥៣:៤-៥ ហើយនិយាយថា «ព្រះយេស៊ូវពិតជាបានទ្រាំទ្រជំងឺរបស់ខ្ញុំ ហើយបានទទួលផ្ទុករាល់ការឈឺចាប់របស់ខ្ញុំ។ ការដាក់ទណ្ឌកម្មសម្រាប់សុខុមាលភាពទាំងមូលរបស់ខ្ញុំបានធ្លាក់មកលើទ្រង់ ហើយខ្ញុំបានជាសះស្បើយដោយសារស្នាមរំពាត់របស់ទ្រង់!»
ព្រះមានបន្ទូលថាអ្នកជានរណានៅក្នុងព្រះបន្ទូលរបស់ទ្រង់
គឺអ្នកជាយ៉ាងនោះមែន។
នៅពេលអ្នកជញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់ទ្រង់ចំពោះអ្នក សូមមើលឃើញខ្លួនអ្នកមានសុខភាពល្អ និងរឹងមាំ។ សូមមើលឃើញខ្លួនអ្នកលេងកីឡា និងទៅដើរលេងវិស្សមកាល។ សូមចងចាំថា អារក្សដាក់គំនិតអវិជ្ជមាននៅក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកកំណត់អត្តសញ្ញាណខ្លួនឯងថាជាមនុស្សឈឺច្រើន មិនអាចរីករាយនឹងជីវិតបាន។ ប៉ុន្តែ អ្នកមិនមែនជាមនុស្សដូចដែលអារក្សនិយាយនោះទេ។ ព្រះមានបន្ទូលថាអ្នកជានរណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ គឺអ្នកជាយ៉ាងនោះមែន។ សូមនិយាយឲ្យខ្លាំងៗជាមួយខ្ញុំឥឡូវនេះ ៖ «ខ្ញុំមិនមែនជាមនុស្សដូចដែលអារក្សនិយាយនោះទេ។ ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានរណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ ខ្ញុំជាយ៉ាងនោះមែន!»
បងប្អូនជាទីស្រឡាញ់អើយ នៅពេលដែលអ្នកយកគំនិតរបស់អ្នកឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញតាមវិធីនេះ ទឹកនៃជីវិតរបស់ព្រះអម្ចាស់នឹងហូរចូលមកក្នុងអ្នក។ អ្នកនឹងឃើញស្លឹកឈើងាប់នៃជំងឺធ្លាក់ទឹកចិត្ត ការឲ្យតម្លៃខ្លួនឯងទាប ការថប់បារម្ភ ភាពអស់សង្ឃឹម និងភាពល្វីងជូរចត់ដាច់ជ្រុះមកយ៉ាងអស្ចារ្យ។ អ្នកនឹងបង្កើតផលផ្លែថ្មីនៃការចេះទប់ចិត្តខ្លួនឯង ស្ថិរភាពផ្លូវអារម្មណ៍ សេចក្តីសុខសាន្ត និងអំណរដោយមិនចាំបាច់ខំប្រឹង។ អ្នកនឹងចាប់ផ្តើមរស់នៅដោយរំពឹងថានឹងមានសេចក្តីល្អ ហើយនិយាយថា «ខ្ញុំជាសេចក្តីសុចរិតរបស់ព្រះនៅក្នុងអង្គព្រះគ្រីស្ទ!» ព្រះអម្ចាស់ស្រឡាញ់ខ្ញុំយ៉ាងជ្រាលជ្រៅ ហើយសព្វព្រះហឫទ័យនឹងខ្ញុំយ៉ាងខ្លាំង! ខ្ញុំលើសពីអ្នកដែលមានជ័យជម្នះ ដោយសារព្រះគ្រីស្ទដែលស្រឡាញ់ខ្ញុំ!»
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
សេចក្ដីសុចរិតជាអំណោយ
អ្នកមិនអាចទទួលបានព្រះពរពីព្រះតាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...