ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
ចែករំលែកតាមរយៈ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើអ្នកជឿក្នុងសញ្ញាថ្មី អាចប្រើប្រេងតាំងសម្រាប់អ្វីខ្លះសព្វថ្ងៃនេះ? លោកគ្រូ យ៉ូសែប ព្រីនស៍ បង្រៀនចេញពីព្រះគម្ពីរ អំពីរបៀបដែលប្រេងតាំងចែងអំពីព្រះគ្រីស្ទ និងកិច្ចការដែលទ្រង់បានបញ្ចប់។ ការយល់ដឹងអំពីរឿងនេះនឹងផ្តល់ឲ្យអ្នកនូវសិទ្ធិចូលទៅកាន់ព្រះពរដ៏អស្ចារ្យដែលមកពីព្រះ ចំពោះផ្នែកសុខភាព ភាពពេញលេញ និងការផ្គត់ផ្គង់!
ព្រះគម្ពីរលើកឡើងច្រើនដងអំពីស្រូវ ស្រាទំពាំងបាយជូរ និងប្រេង។ អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាព្រះអម្ចាស់តែងតែលើកឡើងពីរបស់ទាំងបីនេះជាមួយគ្នា។ ដូច្នេះខ្ញុំបានសួរព្រះអម្ចាស់ ហើយខ្ញុំអរព្រះគុណទ្រង់ដែលការស្វែងរកចម្លើយត្រូវបានបញ្ចប់ហើយ។
តាមរយៈស្រូវ ស្រាទំពាំងបាយជូរ និងប្រេង យើងអាចទទួលបានដោយព្រះគុណ មិនមែនដោយការសម្រេចបាន ឬការខិតខំនោះទេ យើងទទួលបានទាំងអស់ក្នុងព្រះយេស៊ូវ។ មនុស្សបានទទួលយកផ្លូវទៅបញ្ហា នៅឯសួនអេដែន។ ដូចគ្នានេះដែរ អ្នកអាចទទួលយកផ្លូវរបស់អ្នកត្រឡប់ទៅរកព្រះពររបស់ព្រះវិញនៅថ្ងៃនេះ។
ការឃើញព្រះគ្រីស្ទនៅក្នុងស្រូវ ស្រាទំពាំងបាយជូរ និងប្រេង
ស្រូវ និងស្រាទំពាំងបាយជូរតំណាងឲ្យពិធីលៀងព្រះអម្ចាស់ ដែលនិយាយអំពីព្រះកាយដែលបាក់បែករបស់ព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានបង្ហូរ។ ដើម្បីធ្វើនំប៉័ង អ្នកយកស្រូវសាលី ឬស្រូវផ្សេងទៀត មកកិននិងវាយធ្វើជាម្សៅនំ។ បន្ទាប់មក អ្នកវាយម្សៅទៅជាដុំ រួចដាក់វាចូលក្នុងភ្លើងដ៏ក្ដៅដើម្បីឲ្យវាឆ្អិនក្លាយជានំប៉័ង។ នោះជាអ្វីដែលបានកើតឡើងចំពោះព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងនៅលើឈើឆ្កាង ៖ ទ្រង់បានក្លាយជានំប៉័ងជីវិតរបស់យើង។
ដើម្បីទទួលបានស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរមិនត្រឹមតែត្រូវបេះពីដើមប៉ុណ្ណោះទេ ថែមទាំងត្រូវកិន និងជាន់ឈ្លីទៀតផង។ ដូចគ្នានេះដែរ ព្រះយេស៊ូវរបស់យើងត្រូវបានជាន់ឈ្លីដោយការជំនុំជម្រះរបស់ព្រះ ហើយទ្រង់បានក្លាយជាស្រាទំពាំងបាយជូរថ្មីសម្រាប់យើងទាំងអស់គ្នា។
ប្រេងអូលីវបានមកពីផ្លែអូលីវ។ ប៉ុន្តែនៅពេលដែលអ្នកច្របាច់ផ្លែអូលីវឲ្យខ្លាំង អ្នកនឹងរកមិនឃើញប្រេងទេ មានតែជ័រពណ៌សប៉ុណ្ណោះ។ ម្យ៉ាងទៀត ផ្លែអូលីវមានរសជាតិល្វីងខ្លាំង។ ដើម្បីទទួលបានប្រេង ផ្លែ និងគ្រាប់ត្រូវតែកិនកម្ទេចដោយទម្ងន់ដ៏ធ្ងន់លើត្បាល់កិនអូលីវ។ ការកិនកម្ទេចក៏លុបបំបាត់ភាពល្វីងផងដែរ។ ដូចគ្នានេះដែរ ព្រះយេស៊ូវត្រូវបានកម្ទេចក្រោមបន្ទុក និងទម្ងន់នៃអំពើបាបរបស់យើង និងក្រោមការជំនុំជម្រះរបស់ព្រះដ៏វិសុទ្ធ។ ទ្រង់ត្រូវបានកម្ទេចឲ្យក្លាយជាប្រេងតាំងដែលព្យាបាលយើងនៅសព្វថ្ងៃនេះ។
ត្រូវបានជ្រើសតាំងដោយព្រះ
ព្រះកំពុងនាំក្រុមជំនុំទៅកាន់កន្លែងដែលយើងឃើញពីសារៈសំខាន់នៃប្រេងតាំងដ៏បរិសុទ្ធ។ មាគ៌ាបស់ព្រះតែងតែសម្រាប់ឲ្យយើងធ្វើសកម្មភាព លើអ្វីដែលយើងអាចធ្វើបាននៅក្នុងធម្មជាតិ ហើយទ្រង់នឹងធ្វើនៅក្នុងអធិធម្មជាតិ ជាអ្វីដែលយើងមិនអាចធ្វើបាន។ ការប្រើប្រាស់ប្រេងតាំងគឺស្របតាមព្រះគម្ពីរ និងត្រូវបានជ្រើសតាំងដោយព្រះ។ ដូច្នេះសូមកុំឲ្យមនុស្សប្រាប់អ្នកថា អ្នកមានអបិយជំនឿចំពោះការប្រើប្រាស់ប្រេងតាំងឲ្យសោះ។
តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង។
– យ៉ាកុប ៥:១៤-១៥
ជាការអនុវត្តមួយនៅក្នុងក្រុមជំនុំដើមដំបូងក្នុងការប្រើប្រាស់ប្រេងតាំងលើអ្នកជំងឺ។ ដូច្នេះ នៅពេលដែលពួកព្រឹទ្ធាចារ្យនៃក្រុមជំនុំបានទៅជួបអ្នកជំងឺ ពួកគេបានលាបប្រេងលើអ្នកជំងឺក្នុងព្រះនាមព្រះអម្ចាស់។ «ហើយការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកជំងឺ» បង្ហាញយើងយ៉ាងច្បាស់ថា នេះមិនមែនជាជំនឿអបិយទេ ប៉ុន្តែជាអ្វីមួយដែលធ្វើឡើងដោយជំនឿ។ តើអ្នកមានជំនឿដោយរបៀបណា? «…សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ »។ (រ៉ូម ១០:១៧) ដូច្នេះ នៅពេលដែលអ្នកមានការបើកសម្តែងអំពីអ្វីដែលព្រះគម្ពីរបង្រៀនលើប្រធានបទណាមួយ ជំនឿសម្រាប់ផ្នែកនោះនឹងកើតឡើង។
ប្រេងថ្មីនៃសម្ពន្ធមេត្រីថ្មី
ចូរយើងមើលទំនុកដំកើង ៩២ ដែលជាទំនុកដំកើងសម្រាប់ថ្ងៃឈប់សម្រាក។ នៅក្នុងខទី ១០ ចែងថា «តែទ្រង់បានដំកើងស្នែងរបស់ទូលបង្គំឡើងដូចជាស្នែងនៃគោព្រៃទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ»។ ព្រះរំពឹងថាយើងមានប្រេងថ្មី (ស្រស់) ព្រោះនៅពេលដែលប្រេងទុកនៅស្ងៀមយូពេក វានឹងក្លាយទៅជាខះ។
ពាក្យ «ស្រស់» ជាភាសាហេព្រើរគឺ raanan ដែលមានន័យថា «ពណ៍បៃតង»។ សូមកត់សម្គាល់ថា ប្រេងអូលីវសុទ្ធពេញលក្ខណៈមានពណ៌បៃតង។ ពណ៌បៃតងសំដៅលើភាពថ្មី ឬយុវវ័យ។ ដូច្នេះប្រេង ត្រូវតែជាប្រេងនៃសេចក្ដីសញ្ញាថ្មី ព្រោះថាប្រេងនៃសេចក្ដីសញ្ញាចាស់គឺខះទៅហើយ។
សេចក្ដីសញ្ញាចាស់ប្រាប់អ្នកថា អ្នកត្រូវតែស្ដាប់បង្គាប់ព្រះ មុនពេលទ្រង់អាចព្យាបាលរូបកាយរបស់អ្នក។ មនុស្សមួយចំនួនជឿដូច្នោះ ហើយជំនឿរបស់ពួកគេក៏ក្លាយទៅជាខះ។ ពួកគេនឹងនៅឆ្ងាយពីព្រះបន្តិចម្តងៗ ដោយសារតែការជំនឿខុស។
ប៉ុន្តែតើអ្នកដឹងទេថា សេចក្ដីសញ្ញាថ្មីមិនបង្រៀនដូច្នោះទេ? សេចក្ដីសញ្ញាថ្មីបង្រៀនថា ទោះបីជាអ្នកធ្វើមានកំហុសក៏ដោយ ព្រះនឹងព្យាបាលអ្នក។ ដូចដែលបានឃើញមុននេះនៅក្នុងព្រះគម្ពីរយ៉ាកុប ៥:១៥ ទោះបីជាមនុស្សម្នាក់បានប្រព្រឹត្តអំពើបាបក៏ដោយ គាត់មិនចាំបាច់មានអារម្មណ៍ថាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ព្រោះព្រះនឹងអត់ទោសបាបរបស់គាត់តាមរយៈការអធិស្ឋានដោយជំនឿ។ នៅពេលដែលអំពើបាប ដែលជាឧបសគ្គធំបំផុត ត្រូវបានដកចេញ តើមានអ្វីរារាំងយើងពីការទទួលពីព្រះនោះ?
បន្ទាប់ពីយើងបានអធិស្ឋានលើប្រេងអូលីវ ប្រេងនោះនឹងក្លាយជាប្រេងតាំងដ៏បរិសុទ្ធ។ «បរិសុទ្ធ» មានន័យថា ញែកចេញសម្រាប់គោលបំណងរបស់ព្រះ។ វាក៏មានន័យថា «ញែកចេញពី» គឺពីភាពងងឹតទៅជាពន្លឺ ពីភាពខ្វះខាតទៅជាភាពបរិបូរណ៍ និងជំងឺទៅជាភាពពេញលេញ។ ដូច្នេះ ប្រេងតាំង លែងគ្រាន់តែជាប្រេងធម្មជាតិទៀតហើយ។ ខបន្ទាប់ចែងថា ៖
ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
– ទំនុកដំកើង ៩២:១១
នៅពេលដែលអ្នកត្រូវបានលាបប្រេងបៃតង ឬប្រេងស្រស់ វានឹងប៉ះពាល់ដល់ភ្នែក និងត្រចៀករបស់អ្នក។ ភ្នែករបស់អ្នកនឹងឃើញជ័យជម្នះ ហើយត្រចៀករបស់អ្នកនឹងស្ដាប់ឮជ័យជម្នះ។ ដូច្នេះ «មនុស្សអាក្រក់» ឬសត្រូវរបស់អ្នកនឹងមិនរីកចម្រើនទេ ប៉ុន្តែអ្នកនឹងរីកចម្រើន!
មុនពេលអ្នកអានព្រះគម្ពីរ អ្នកអាចប្រាប់ព្រះអម្ចាស់ថា «ព្រះអម្ចាស់អើយ ទូលបង្គំកំពុងលាបប្រេងលើភ្នែកទូលបង្គំ។ សូមឲ្យទូលបង្គំឃើញទ្រង់ជាថ្មីម្ដងទៀតនៅក្នុងអត្ថបទគម្ពីរ»។ បន្ទាប់មក អ្នកនឹងឃើញថាព្រះគម្ពីរមានជីវិតសម្រាប់អ្នក។ អ្នកកំពុងពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដើម្បីប្រទានការបើកសម្ដែងដល់អ្នក ដើម្បីណែនាំអ្នកអំពីសេចក្តីពិតទាំងអស់ ហើយមិនទុកចិត្តលើការចេះដឹងរបស់អ្នកឡើយ។
នឹមត្រូវបានបំផ្លាញ បន្ទុកត្រូវបានដកចេញ
នៅថ្ងៃនោះ បន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯងនឹងបាត់ចេញពីកឯងដែរ
ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។– អេសាយ ១០:២៧
ពេលខ្លះ អ្នកមានអារម្មណ៍តានតឹង ហើយពោរពេញដោយការព្រួយបារម្ភ។ បន្ទាប់ពីការឈ្លោះប្រកែកគ្នា ឬគ្រានៃការជម្លោះ អ្នកមានអារម្មណ៍ថាមានបន្ទុកនៅលើស្មារបស់អ្នក។ ពាក្យថា «គេ» នៅក្នុងខគម្ពីរខាងលើសំដៅទៅលើពួកសាសន៍អាសស៊ើរ ដែលជាសត្រូវរបស់អ៊ីស្រាអែលនៅពេលនោះ។ សព្វថ្ងៃនេះ វាតំណាងឲ្យវិញ្ញាណរបស់មេប្រឆាំងព្រះគ្រីស្ទ ឬអារក្សដែលព្យាយាមគាបសង្កត់អ្នក។ គោឈ្មោលមាននឹមជុំវិញករបស់វាដើម្បីអូសរទេះ។ ដូចគ្នានេះដែរ អារក្សចង់ដាក់នឹមនៅលើករបស់អ្នក ដើម្បីទាញអ្នកទៅគ្រប់ទីកន្លែងដែលវាចង់ឲ្យអ្នកទៅ។ ឧទាហរណ៍ ប្រសិនបើអ្នកញៀនជាតិនីកូទីន អារក្សប្រាប់អ្នកថា «អ្នកមិនអាចមិនជក់បារីបានទេ។ ខ្ញុំបាននាំអ្នកទៅដល់កន្លែងដែលខ្ញុំចង់ឲ្យអ្នកបាន»។
ប៉ុន្តែរបស់ដែលអាចបំផ្លាញនឹមនេះបានគឺប្រេងតាំង។ អ្នកអាចនិយាយថា «លោកគ្រូ ព្រីនស៍ ប្រេងតំណាងឲ្យឬទ្ធានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ»។ មែនហើយ មានពាក់ព័ន្ធនឹងព្រះវិញ្ញាណដ៏វិសុទ្ធ១០០ភាគរយ។ ប៉ុន្តែ នៅក្នុងបរិបទនេះ ព្រះមានបន្ទូលថាត្រូវប្រើ «ប្រេងតាំង»។ បន្ទាប់មក ឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំផ្លាញចំណងអារក្សសាតាំងទាំងអស់នៅក្នុងជីវិតរបស់អ្នក។
សូមកត់សម្គាល់ថា នឹមនឹងត្រូវ «បំផ្លាញ» មិនមែន «ខូច» ទេ។ មានភាពខុសគ្នារវាងពាក្យទាំងពីរនេះ។ នៅពេលដែលអ្វីមួយបានខូច នោះអាចជួសជុលបាន។ ប៉ុន្តែ នៅពេលដែលអ្វីមួយត្រូវបានបំផ្លាញ វាមិនអាចជួសជុលបានទេ។ ប្រេងតាំងរបស់ព្រះនឹងបំផ្លាញចំណងអារក្សសាតាំងទាំងអស់នៅក្នុងជីវិតរបស់អ្នក ដែលមិនអាចជួសជុលបាន!
ការស្ដារឡើងវិញនូវពេលវេលា និងជីវិតគ្រួសារ
នៅពេលដែលអារក្សចង់ទាស់នឹងអ្នក វិធីមួយក្នុងចំណោមវិធីផ្សេងទៀតដែលដើម្បីទាស់នឹងអ្នកគឺ លួចពីអ្នក។ នៅក្នុងចោទិយកថា ជំពូកទី ២៨ មានគោលការណ៍គួរឲ្យចាប់អារម្មណ៍មួយដែលត្រូវសង្កេតមើល ដែលទាក់ទងនឹងបណ្តាសា។
ឯងនឹងនាំយកពូជពង្រោះជាច្រើន ទៅសាបព្រោះនៅក្នុងស្រែឯង តែនឹងច្រូតបានតែបន្តិចវិញទេ ដ្បិតកណ្តូបនឹងកាត់បំផ្លាញទាំងអស់ទៅ ឯងនឹងដាំចំការទំពាំងបាយជូរ ហើយខំថែទាំរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ ឯងនឹងមានដើមអូលីវនៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់
– ចោទិយកថា ២៨:៣៨–៤០
«គ្រាប់ពូជ» នៅត្រង់នេះសំដៅទៅលើស្រូវ ហើយនៅក្នុង «ចម្ការទំពាំងបាយជូរ» អ្នកមានស្រាទំពាំងបាយជូរ។ សូមកត់សម្គាល់ថា អារក្សចេញមកស៊ីស្រូវ និងស្រាទំពាំងបាយជូររបស់អ្នក ដូច្នេះអារក្សនឹងបញ្ជូនកណ្តូប និងដង្កូវមក។ វាក៏ចេញមកស៊ីប្រេងរបស់អ្នកដែរ។
ចូរយើងពិនិត្យមើលខគម្ពីរបន្ទាប់ ដើម្បីស្វែងយល់ពីមូលហេតុដែលអារក្សចង់លួចយករបស់ទាំងនេះចេញពីជីវិតរបស់អ្នក។
ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
– ចោទិយកថា ២៨:៤១
នៅពេលណាដែលខ្វះស្រូវ ស្រាទំពាំងបាយជូរ និងប្រេង ជីវិតគ្រួសាររបស់អ្នកក៏នឹងរងផលប៉ះពាល់ដែរ។ អ្នកប្រហែលជាមានកូនដែលអ្នកស្រឡាញ់យ៉ាងខ្លាំង ប៉ុន្តែពេលគេធំឡើង អ្នកនឹងឃ្លាតពីពួកគេ។ ការសេពគប់ជាមួយមិត្តភក្តិមិនល្អ ពួកគេក្លាយជាឈ្លើយនៃការផឹកស្រា ការជប់លៀង និងការញៀនផ្សេងៗ។
ប៉ុន្តែ ព្រះបានរៀបចំផ្លូវចេញសម្រាប់អ្នក។
… ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះ សំរាប់ឯងរាល់គ្នា គឺជាភ្លៀងដើម នឹងភ្លៀងចុងរដូវ ដូចកាលមុន អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហៀរហូរ ដោយទឹកទំពាំងបាយជូរ នឹងប្រេង។
– យ៉ូអែល ២:២៣-២៤
«ភ្លៀងដំបូង» ជាភាសាហេព្រើរសំដៅទៅលើគ្រូបង្រៀននៃសេចក្តីសុចរិត។ មូលហេតុដែលព្រះប្រទានគ្រូនៃសេចក្តីសុចរិតដល់អ្នក គឺដើម្បីឲ្យក្រុមជំនុំ ផ្ទះរបស់អ្នក និងកន្លែងធ្វើការរបស់អ្នកនឹងពោរពេញដោយស្រូវ និងហូរហៀរដោយស្រាទំពាំងបាយជូរថ្មី និងប្រេង។ ហើយខគម្ពីរបន្ទាប់ចែងថា ៖
អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ នឹងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ។
– យ៉ូអែល ២:២៥
នៅទីនេះ «កណ្តូបចង្រិត» សំដៅទៅលើដង្កូវ។ ព្រះគម្ពីរ King James ប្រើពាក្យថា «palmerworm/ដង្កូវដូង»។ នៅពេលដែលជីវិតរបស់អ្នកពោរពេញដោយស្រូវ ស្រាទំពាំងបាយជូរ និងប្រេង សងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវបានស៊ីបង្ខូចដោយកណ្តូបចង្រិត ដង្កូវ។ អ្នកខ្លះអាចនិយាយថា «លោកគ្រូ ព្រីនស៍ ពេលដែលឆ្នាំកន្លងផុត គឺផុតហើយ»។ ប៉ុន្តែព្រះអាទិករដែលបង្កើតពេលវេលាមានបន្ទូលថា ទ្រង់នឹងសងបំពេញឯងរាល់ឆ្នាំដែលត្រូវបានខ្ជះខ្ជាយ!
បង្ហាញពីសម្រស់នៃដើមអូលីវ
នៅពេលអ្នកសិក្សាពីដើមអូលីវ អ្នកនឹងទទួលបានព្រះពរ ព្រោះគ្រប់ផ្នែកនៃដើមឈើមានអត្ថន័យ។ សព្វថ្ងៃនេះ នៅពេលអ្នកទៅសួនច្បារគែតសេម៉ានីនៅអ៊ីស្រាអែល អ្នកនឹងឃើញដើមអូលីវចាស់ៗដែលមានមែករួញៗ។ គួរឲ្យចាប់អារម្មណ៍ ដើមអូលីវមានប្រហោងមិនដូចដើមឈើភាគច្រើនទេ។
ហេតុអ្វីបានជាដើមអូលីវមានប្រហោង? ដើមអូលីវតំណាងឲ្យយើងម្នាក់ៗ ហើយព្រះចង់ឲ្យយើងចងចាំជានិច្ចថា យើងត្រូវបានបង្កើតឡើងដោយព្រះដោយមានគោលបំណងនេះ គឺសម្រាប់ទ្រង់តែប៉ុណ្ណោះ មិនមែនខ្លួនយើង ឬអារក្សទេ។
មនុស្សដែលមិនបំពេញ ឬបដិសេធមិនទទួលយកគោលបំណងរបស់ព្រះសម្រាប់ពួកគេ នឹងមានអារម្មណ៍ថាទទេនៅខាងក្នុង។ ពួកគេអាចធ្វើរឿងជាច្រើនដើម្បីបំពេញខ្លួនឯង ៖ រស់នៅដើម្បីភាពរីករាយ រកប្រាក់បានច្រើន ទទួលបានអ្វីដែលពួកគេចង់បាន ប៉ុន្តែពួកគេនឹងមានអារម្មណ៍ថានៅទទេ។ អ្នកថែមទាំងអាចមើលឃើញភាពទទេ ប្រសិនបើអ្នកសម្លឹងមើលទៅក្នុងភ្នែករបស់ពួកគេ។ ប៉ុន្តែ នៅពេលអ្នកក្រឡេកមើលអ្នកដែលពោរពេញដោយព្រះ មានភ្លើងនៅក្នុងភ្នែករបស់ពួកគេ និងប្រភពទឹកនៅក្នុងជំហានរបស់ពួកគេគ្រប់ទីកន្លែងដែលពួកគេទៅ។
នៅក្នុងព្រះគម្ពីរ ព្រះពិពណ៌នាអំពីប្រជាជនអ៊ីស្រាអែលរបស់ទ្រង់ថាជា «ដើមអូលីវខ្ចី»។ (យេរេមា ១១:១៦) យើង ដែលពីមុនជាសាសន៍ដទៃ ត្រូវបានបំបៅកណ្តាលមែកទាំងនោះ ។ (រ៉ូម ១១:១៣-២៥) ដើមអូលីវរស់នៅបានយូរ ដូច្នេះរំពឹងថានឹងរស់នៅបានល្អ និងយូរអង្វែង។ តើអ្នកធ្លាប់ឆ្ងល់ទេថា តើដើមអូលីវរស់នៅបានយូរប៉ុណ្ណា?
អត្ថប្រយោជន៍នៃប្រេងអូលីវដែលបញ្ចេញតាមរយៈឈើឆ្កាង
កាលពីប៉ុន្មានឆ្នាំមុន កាលខ្ញុំនៅក្រុងកាពើណិម ជាស្រុកកំណើតរបស់ព្រះយេស៊ូវ ខ្ញុំបានទៅមើលកន្លែងគៀបប្រៀងអូ។ មគ្គុទ្ទេសក៍បានពន្យល់ថា ផ្លែអូលីវត្រូវបានកិនកម្ទេច រួចសង្កត់ដោយថ្មដ៏ធំមួយ។ ការសង្កត់លើកទីមួយផលិតប្រេងអូលីវសុទ្ធបំផុត ដែលត្រូវបានប្រើដើម្បីបំភ្លឺព្រះវិហាររបស់ជនជាតិយូដា។ ប្រេងដែលចេញពីការសង្កត់លើកទីពីរ ត្រូវបានប្រើសម្រាប់ធ្វើជាឱសថ ចំពោះប្រេងដែលសង្កត់ចេញជាលើកទីបី ឬចុងក្រោយត្រូវបានប្រើសម្រាប់ធ្វើជាសាប៊ូ។
នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្តែងមកខ្ញុំថា «នោះហើយជាអ្វីដែលបានកើតឡើងចំពោះព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី»។ សួនច្បារគែតសេម៉ានី ដែលមានន័យថា «សង្កត់យកប្រេង» គឺជាកន្លែងដែលព្រះយេស៊ូវត្រូវបានសង្កត់ជាលើកដំបូងនៅក្នុងសម័យកាលនៃភាពងងឹត (លូកា ២២:៥៣) ដូច្នេះយើងនឹងតែងតែភ្លឺ ហើយដើរក្នុងពន្លឺជានិច្ច។
ពន្លឺធ្វើឲ្យអ្នកឃើញអ្វីដែលអ្នកដទៃ ដូចជាដៃគូប្រកួតប្រជែងរបស់អ្នក សាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ មិនអាចមើលឃើញនៅក្នុងធម្មជាតិ។ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលផ្តល់ឲ្យអ្នកនូវការយល់ដឹងខាងវិញ្ញាណ។ ឧទាហរណ៍ មនុស្សបានឃើញដាវីឌជាក្មេងគង្វាលចៀម។ ប៉ុន្តែព្យាការីសាំយូអែល ក្រោមប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធ គាត់បានឃើញស្តេចមួយអង្គនៅក្នុងដាវីឌ។ ដូច្នេះប្រេងតាំងនឹងធ្វើឲ្យអ្នកឃើញក្នុងបៀបដែលព្រះទតឃើញ។ ហើយនៅពេលដែលអ្នកឃើញក្នុងរបៀបដែលទ្រង់ទតឃើញ អ្នកនឹងរីករាយជាមួយអ្វីដែលទ្រង់រីករាយ។
ការសង្កត់លើកទីពីរបានកើតឡើងបន្ទាប់ពីព្រះយេស៊ូវត្រូវបាននាំចេញពីសួនច្បារគែតសេម៉ានី ហើយត្រូវបានគេវាយដំ។ ព្រះយេស៊ូវគឺជា «ឱសថ» របស់យើង ព្រោះ «យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»។ (អេសាយ ៥៣:៥)
សមាជិកម្នាក់នៅក្នុងក្រុមជំនុំរបស់យើងបានប្រាប់ខ្ញុំថា មានពេលមួយ គាត់មានជំងឺត្រអកនៅលើភ្លៅខាងឆ្វេងរបស់គាត់។ គាត់បានលាបថ្នាំគ្រប់ប្រភេទលើភ្លៅរបស់គាត់ ប៉ុន្តែជំងឺត្រអក មិនបានធូរស្រាលទេ។ នៅពេលដែលខ្ញុំប្រកាសអំពីប្រេងតាំងជាលើកដំបូង គាត់បានទិញប្រេងអូលីវមួយចំនួន ហើយអធិស្ឋានលើប្រេងអូលីវនោះ។ បន្ទាប់មក គាត់បានចាប់ផ្តើមលាបប្រេងអូលីវនោះជារៀងរាល់ថ្ងៃរយៈពេលមួយសប្តាហ៍។ ថ្ងៃនេះ គាត់បានជាសះស្បើយពីជំងឺត្រអក!
ការសង្កត់ចុងក្រោយ ដែលប្រេងត្រូវបានប្រើសម្រាប់ការលាងសម្អាត បានកើតឡើងនៅលើឈើឆ្កាង។ ព្រះយេស៊ូវត្រូវបានកម្ទេចដោយព្រះពិរោធរបស់ព្រះដ៏បរិសុទ្ធ និងដ៏សុចរិត ដោយព្រះយេស៊ូវរងទុក្ខវេទនាក្រោមការវិនិច្ឆ័យ និងការដាក់ទណ្ឌកម្មចំពោះអំពើបាបរបស់យើង។ ព្រះលោហិតរបស់ទ្រង់បានលាងសម្អាតយើងពីអំពើបាបរបស់យើង។
ប្រេងអូលីវធម្មជាតិមិនមានឥទ្ធិពលអ្វីមកលើអ្នកទេ លុះត្រាតែអ្នកបរិភោគ ឬប្រើប្រាស់វា។ ប៉ុន្តែ នៅពេលដែលអ្នកអធិស្ឋានលើដបប្រេងអូលីវធម្មជាតិរបស់អ្នកក្នុងព្រះនាមព្រះយេស៊ូវ ព្រះបានញែកប្រេងនោះចេញ ហើយក្លាយជាប្រេងតាំងដ៏បរិសុទ្ធ។ សូមប្រើប្រេងជាសិរីរុងរឿងរបស់ព្រះ ហើយឃើញការអស្ចារ្យ ការផ្គត់ផ្គង់ និងការស្ដារឡើងវិញរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក!
ការអធិស្ឋានសម្រាប់ប្រេងតាំង
អ្នកអាចទៅរកគ្រូគង្វាល ឬអ្នកដឹកនាំនៅក្នុងក្រុមជំនុំក្នុងតំបន់របស់អ្នក ដើម្បីអធិស្ឋាន និងញែកប្រេងរបស់អ្នកជាបរិសុទ្ធសម្រាប់អ្នក។ ក្នុងនាមជាស្តេច និងបូជាចារ្យក្នុងព្រះគ្រីស្ទ (វិវរណៈ ១:៦) អ្នកក៏អាចអធិស្ឋានលើប្រេង ហើយញែកវាចេញឲ្យបរិសុទ្ធផងដែរ។ នេះគឺជាការអធិស្ឋានសម្រាប់ព្រះពរ និងការញែកប្រេងរបស់អ្នកឲ្យបរិសុទ្ធ ៖
“ព្រះវរបិតានៅស្ថានសួគ៌ជាទីស្រឡាញ់ ប្រេងនិងដបនេះ គ្រាន់តែជាប្រេងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ ទូលបង្គំទូលសុំព្រះអង្គ ព្រះវរបិតា ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមចាក់ប្រេងតាំងលើប្រេងមួយដបដែលទូលបង្គំកាន់នៅក្នុងដៃទូលបង្គំ។ សូមចាក់ប្រេងតាំង ហើយញែកចេញ សម្រាប់គោលបំណងដ៏បរិសុទ្ធរបស់ព្រះអង្គ។ សូមធ្វើឲ្យប្រេងនេះក្លាយជាប្រេងតាំងដ៏បរិសុទ្ធ។
សូមប្រើប្រេងនេះសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ ព្រះវរបិតា។ យោងតាមព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងម៉ាកុស ៦:១៣ និងយ៉ាកុប ៥:១៤ សូមប្រើវាដើម្បីធ្វើឲ្យអ្នកដែលលាបវាមានសុខភាពល្អ រឹងមាំ និងពេញកម្លាំង ជំងឺនិងរោគាផ្សេងៗត្រូវចេញឆ្ងាយពីពួកគេ។
ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានថា នៅពេលដែលប្រេងនេះត្រូវបានញែកចេញឥឡូវនេះ សម្រាប់គោលបំណងបរិសុទ្ធ សូមឲ្យប្រេងនេះនាំសិរីរុងរឿងរបស់ព្រះអង្គចុះមក ហើយនាំការអស្ចារ្យរបស់ព្រះអង្គចុះមកដែរ។ គ្រប់ទីកន្លែងដែលបានលាបប្រេងនេះ សូមឲ្យប្រែក្លាយភាពងងឹតទៅជាពន្លឺ។ សូមឲ្យប្រែភាពខ្វះខាតទៅជាភាពបរិបូរណ៍។ សូមឲ្យប្រែជំងឺទៅជាការព្យាបាល។ សូមឲ្យមានការស្តារឡើងវិញ និងផលផ្លែដ៏អស្ចារ្យ។
ព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលប្រេងមួយដបនេះបានប្រែជាប្រេងតាំងដ៏បរិសុទ្ធ។ ទូលបង្គំអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សេចក្ដីសុចរិតជាអំណោយ
អ្នកមិនអាចទទួលបានព្រះពរពីព្រះតាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...