អំពី New Creation TV
អំពី New Creation TV
បំភ្លឺមនុស្សលោកដោយដំណឹងល្អរបស់ព្រះយេស៊ូវ ម្ដងមួយភាសា។
ព្រះដ៏ជាសេចក្ដីស្រឡាញ់ដែលស្គាល់ចំឈ្មោះ។ ព្រះដ៏ជាសេចក្ដីសង្ឃឹមដែលនៅជាប់ជាមួយអ្នកក្នុងគ្រាងងឹត។ ព្រះដ៏ជាការលើកលែងទោសដែលឱបក្រសោបអ្នក ដោយព្រះហស្ដបើកចំហសម្រាប់អ្នក។
មានមនុស្សជាច្រើននៅជុំវិញពិភពលោកមិនទាន់បានជួបប្រទះនឹងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ និងអ្វីដែលទ្រង់បានធ្វើនៅលើឈើឆ្កាង ជាដំណឹងល្អដែលនាំយើងគ្រប់គ្នាចេញពីភាពងងឹតចូលទៅក្នុងពន្លឺ។
នោះហើយជាមូលហេតុដែលយើងខិតខំសម្រេចបេសកកម្មមួយ ៖ ដើម្បីចែករំលែកដំណឹងល្អជាភាសាផ្សេងៗនៅជុំវិញពិភពលោក ដើម្បីឲ្យមនុស្សកាន់តែច្រើនអាចមកជួបប្រទះនឹងសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះពួកគេ!
ព្រះយេស៊ូវ ជាអ្នកដែលស្រង់យកជីវិតមនុស្សចេញពីភាពងងឹត
ចាប់ពីការប្រោសអ្នកជំងឺឲ្យបានជាសះស្បើយក្នុងរបៀបដ៏អស្ចារ្យ រហូតដល់ការរួចផុតពីការញៀន រហូតដល់ការស្តារឡើងវិញនូវទំនាក់ទំនងនានា។ យើងបន្តស្ដាប់ឮពីមនុស្សនៅទូទាំងពិភពលោក អំពីរបៀបដែលជំនួបជាមួយព្រះយេស៊ូវបានផ្លាស់ប្ដូរជីវិតរបស់ពួកគេ។
នៅបណ្ដាប្រទេសនានា ផលប៉ះពាល់ដែលយើងបានឃើញតាមរយៈការពង្រីកវិសាលភាពឌីជីថល និងកម្មវិធីទូរទស្សន៍របស់យើងផ្តល់ឲ្យយើងនូវហេតុផលកាន់តែច្រើនដើម្បីបន្តដំណើររបស់យើង។
ហើយយើងដឹងថានៅមានដំណើរដ៏វែងឆ្ងាយទៀតដែលត្រូវបន្ត!
ទីកន្លែងដែល New Creation TV កំពុងផ្សព្វផ្សាយពាសពេញពិភពលោក
ក្នុងនាមជាសាខាបេសកកម្មសកលនៃក្រុមជំនុំ New Creation Church យើងផ្តល់លទ្ធភាពឲ្យមនុស្សកាន់តែច្រើននៅជុំវិញពិភពលោកបានជួបប្រទះនឹងព្រះយេស៊ូវដោយផ្ទាល់ តាមរយៈព័ន្ធកិច្ចរបស់គ្រូគង្វាលយ៉ូសែប ព្រីនស៍ ៖
វត្តមានរបស់យើង
ភាសាផ្សេងទូទាំងពិភពលោក
ប្រទេស និងដែនដី ដែល New Creation TV ត្រូវបានផ្សាយ និងចាក់ផ្សាយជាភាសាផ្សេងៗ
សូមឲ្យដំណឹងល្អបំភ្លឺជីវិតរបស់អ្នកនៅថ្ងៃនេះ នៅពេលអ្នកជួបនឹងព្រះយេស៊ូវ និងព្រះគុណដ៏អស្ចារ្យរបស់ទ្រង់!
អំពីគ្រូគង្វាល យ៉ូសែប និង វេនឌី ព្រីនស៍
សំឡេងឈានមុខគេនៃបដិវត្តន៍ព្រះគុណ
ដោយបានបម្រើការពេញម៉ោងជាងពីរទសវត្សរ៍កន្លងមក គ្រូគង្វាល យ៉ូសែប ព្រីនស៍ សព្វថ្ងៃនេះ គឺជាសំឡេងឈានមុខគេក្នុងការប្រកាសដំណឹងល្អនៃព្រះគុណនៅជុំវិញពិភពលោកតាមរយៈសៀវភៅ ធនធានបង្រៀន និងព័ន្ធកិច្ចទូរទស្សន៍របស់លោក។
លោកគ្រូគង្វាល ព្រីនស៍ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតដូចជា The Power of Right Believing, Destined To Reign និង Unmerited Favor ព្រមទាំងជាវាគ្មិនសន្និបាតដែលទទួលការអញ្ជើញឲ្យអធិប្បាយយ៉ាងមមាញឹកផងដែរ។ លោកបានជះឥទ្ធិពលដល់អ្នកដឹកនាំក្រុមជំនុំនៅទូទាំងពិភពលោក ដោយផ្សព្វផ្សាយដំណឹងល្អដ៏បរិសុទ្ធ ឥតកាឡៃរបស់ព្រះយេស៊ូវដោយភាពក្លាហាន។ លោកត្រូវបានគេស្គាល់ដោយសារការបង្រៀនព្រះបន្ទូលតាមរបៀបថ្មីសន្លាង ជាក់ស្តែង និងប្រកបដោយការបើកសម្តែង ដែលតែងតែបង្ហាញពីព្រះយេស៊ូវ។ បែបបទនៃការអធិប្បាយដែលមានភាពកំប្លែង ស្វាហាប់ និងទាក់ទាញរបស់លោកក៏បានធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាច្រើនដែលបានតាមដានកម្មវិធីទូរទស្សន៍ប្រចាំថ្ងៃរបស់លោក។ បច្ចុប្បន្ននេះ ការផ្សាយរបស់លោកបានប៉ះពាល់ដល់រាប់លានក្រុមគ្រួសារនៅទូទាំងទ្វីបអាមេរិកខាងជើង អឺរ៉ុប អាហ្វ្រិក អូស្ត្រាលី និងអ៊ីស្រាអែល ទាំងនៅលើប៉ុស្ដិ៍ទូរទស្សន៍អាណាចក្រ និងគ្រិស្តបរិស័ទ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា
«ចូរនាំព្រះបុត្រារបស់យើងត្រឡប់មកក្រុមជំនុំវិញ»។
– គ្រូគង្វាល យ៉ូសែប ព្រីនស៍
ក្រោមការដឹកនាំរបស់គ្រូគង្វាល ព្រីនស៍ ក្រុមជំនុំ New Creation Church បានរីកចម្រើនជាងមួយរយដង។ បច្ចុប្បន្ន លោកបម្រើការងារជាមួយក្រុមជំនុំក្នុងតួនាទីស្ម័គ្រចិត្ត។
ដោយបានកសាង និងបណ្តុះក្រុមអ្នកដឹកនាំ និងពួកជំនុំនៃក្រុមជំនុំ New Creation Church លើគ្រឹះដ៏រឹងមាំរបស់ព្រះយេស៊ូវគ្រីស្ទ ឥឡូវនេះលោកគ្រូគង្វាល ព្រីនស៍ កំពុងបំពេញបេសកកម្មដែលព្រះបានប្រទានដល់លោកយ៉ាងសកម្មនៅជុំវិញពិភពលោក ដើម្បីប្រកាសដោយគ្មានការសម្របសម្រួលនូវព្រះគុណរបស់ព្រះ ដែលមនុស្សមិនសមនឹងទទួលបាន។ លោកគ្រូដឹកនាំព័ន្ធកិច្ច យ៉ូសែបព្រីនស៍ អាយអិនស៊ី ជាអង្គការអន្តរជាតិមិនស្វែងរកប្រាក់ចំណេញ ដែលខិតខំក្នុងការកសាង លើកទឹកចិត្ត និងបំផុសគំនិតមនុស្សជាមួយនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការចាក់ផ្សាយតាមទូរទស្សន៍ ក៏ដូចជាបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយថ្មី។ ព័ន្ធកិច្ចរបស់លោកគ្រូគង្វាល ព្រីនស៍ ក្នុងនាមជាគ្រូគង្វាល គ្រូបង្រៀន វាគ្មិនសន្និបាត និងអ្នកនិពន្ធ បន្តផ្លាស់ប្រែជីវិតមនុស្សជាច្រើន ដោយដោះលែងមនុស្សឲ្យរួចផុតពីនឹមដ៏ធ្ងន់នៃក្រឹត្យវិន័យ កំហុស និងការថ្កោលទោស ដោយចង្អុលបង្ហាញពួកគេទៅកាន់ព្រះយេស៊ូវ និងកិច្ចការដែលបានបញ្ចប់របស់ទ្រង់នៅឯកាល់វ៉ារី។
លោកគ្រូគង្វាល ព្រីនស៍ ជឿជាក់លើអ្វីដែលប្រសើរបំផុតនៅក្នុងមនុស្សម្នាក់ៗ ហើយប្តេជ្ញាជួយពួកគេឲ្យរកឃើញពីរបៀបដែលពួកគេអាចសោយរាជ្យក្នុងជីវិតតាមរយៈភាពបរិបូរណ៍នៃព្រះគុណ និងព្រះអំណោយទាននៃសេចក្តីសុចរិត។ លោកមានបំណងចិត្តចង់ជួយអ្នកជឿជំនាន់នេះឲ្យយល់អំពីសម្ពន្ធមេត្រីថ្មីនៃព្រះគុណ ហើយដឹងថាព្រះវរបិតារបស់ពួកគេដែលគង់នៅឯស្ថានសួគ៌ប្រទានព្រះពរយ៉ាងធំធេងដល់ពួកគេ សព្វព្រះហឫទ័យនឹងពួកគេ ព្រមទាំងស្រឡាញ់ពួកគេយ៉ាងខ្លាំង។
អ្នកគ្រូ វេនឌី ព្រីនស៍
ជាភរិយាដ៏ស្មោះត្រង់ចំពោះគ្រូគង្វាល ព្រីនស៍ និងជាម្តាយដែលពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះកូន ចេសស៊ីកា សេណា (Jessica Shayna) និង ចាស្ទីន ដាវីឌ (Justin David) អ្នកគ្រូ វេនឌី ព្រីនស៍ គឺជាស្ត្រីដ៏មានគុណធម៌ដែលបានរៀបរាប់នៅក្នុងសុភាសិត ជំពូក ៣១។ អ្នកគ្រូគឺជាប្រភពនៃសេចក្តីស្រឡាញ់ និងការគាំទ្រឥតឈប់ឈរចំពោះគ្រូគង្វាល ព្រីនស៍ ហើយបានប្តេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់កូន ចេសស៊ីកា សេណា និង ចាស្ទីន ដាវីឌ ឲ្យរីកចម្រើនតាមមាគ៌ារបស់ព្រះអម្ចាស់។ ការបន្ទាបខ្លួន ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ដ៏ចេញពីចិត្តរបស់អ្នកគ្រូចំពោះព្រះ និងមនុស្សផងទាំងពួងបាននាំឲ្យអ្នកគ្រូមានការប្រឹក្សាយោបល់ និងប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។
ខ្ញុំអធិស្ឋានថា ក្នុងនាមជាក្រុមជំនុំ យើងនឹងដូចនាងម៉ារា ដែលអង្គុយនៅឯព្រះបាទាព្រះយេស៊ូ ធ្វើរឿងមួយដែលចាំបាច់ គឺទទួលពីទ្រង់ និងទទួលបានសេចក្តីស្រឡាញ់ និងព្រះគុណរបស់ទ្រង់ជារៀងរាល់ថ្ងៃ។
– វេនឌី ព្រីនស៍
អំពីក្រុមជំនុំ New Creation Church
ក្រុមជំនុំ New Creation Church គឺជាក្រុមជំនុំក្នុងតំបន់មួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
និមិត្តរបស់យើង គឺដើម្បីមើលឃើញព្រះយេស៊ូវនៅក្នុងភាពល្អអស្ចារ្យគួរជាទីស្រឡាញ់នៃរូបអង្គទ្រង់ និងភាពល្អឥតខ្ចោះនៃកិច្ចការរបស់ទ្រង់ ហើយដើម្បីឲ្យមនុស្សស្គាល់ទ្រង់តាមរយៈការប្រកាសដំណឹងល្អ។
នៅក្រុមជំនុំ New Creation Church យើងជឿថាយើងជាមនុស្សជាទីស្រឡាញ់របស់ព្រះ។ ទ្រង់បានបង្ហាញរឿងនេះ តាមរយៈការលះបង់នូវអ្វីដែលល្អបំផុតនៅស្ថានសួគ៌ គឺព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ គឺព្រះយេស៊ូវ សម្រាប់អ្នក និងខ្ញុំ។ នៅពេលដែលយើងយល់ពីការបើកបង្ហាញនៃសេចក្ដីពិតនេះ យើងត្រូវបានផ្លាស់ប្រែដោយព្រះគុណរបស់ទ្រង់ពីខាងក្នុងមកក្រៅ។ នោះជាភាពល្អអស្ចារ្យនៃការជឿ និងការរស់នៅក្នុងសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះវរបិតា!
គ្រូគង្វាល យ៉ូសែប ព្រីនស៍ អធិប្បាយព្រះបន្ទូលជាប្រចាំនៅក្នុងក្រុមជំនុំ New Creation Church ក្នុងតួនាទីស្ម័គ្រចិត្ត ហើយសារមេរៀនរបស់លោកគ្រូដែលផ្តោតលើព្រះគ្រីស្ទ បានឮទៅដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។
សេចក្ដីថ្លែងការណ៍ស្ដីពីការមិនជាប់ពាក់ព័ន្ធ
ក្រៅពីអ្នកដែលបានរៀបរាប់យ៉ាងជាក់លាក់នៅលើគេហទំព័ររបស់យើង ឬនៅក្នុងការឆ្លើយឆ្លងផ្លូវការរបស់យើង ក្រុមជំនុំ New Creation Church មិនមានទំនាក់ទំនងជាមួយក្រុមជំនុំ ព័ន្ធកិច្ច ឬព័ន្ធការី អង្គការ ចលនា ឬវេទិកាឌីជីថលណាមួយឡើយ មិនថាក្នុងស្រុក ឬនៅបរទេស។ ក្នុងករណីដែលមានបុគ្គល ក្រុមជំនុំ អង្គការ ឬក្រុមណាមួយដែលអះអាងថាមានការពាក់ព័ន្ធជាមួយក្រុមជំនុំ New Creation Church (និង/ឬ គ្រូគង្វាល យ៉ូសែប ព្រីនស៍) ពួកគេធ្វើបែបនេះដោយយើងមិនបានដឹង ឬមិនបានអនុញ្ញាត ហើយមិនតំណាងឲ្យយើងទេ។
ប្រសិនបើអ្នកដឹងថាមានបុគ្គល ក្រុមជំនុំ អង្គការ ឬក្រុមណាមួយដែលអះអាងថាមានការពាក់ព័ន្ធជាមួយយើង ឬទទួលការគាំទ្រពីយើង (និង/ឬ គ្រូគង្វាល យ៉ូសែប ព្រីនស៍) និង/ឬប្រើប្រាស់ការអះអាងបែបនេះដើម្បីរៃអង្គាសថវិកា ឬដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍របស់ពួកគេ សូមជូនដំណឹងមកយើងជាបន្ទាន់នៅត្រង់នេះ។
ដើម្បីស្វែងយល់បន្ថែមអំពីក្រុមជំនុំ New Creation Church សូមចុចត្រង់នេះ។
អ្វីដែលយើងជឿ
ក្រុមជំនុំ New Creation Church គឺជាក្រុមជំនុំក្នុងតំបន់មួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ និមិត្តរបស់យើង គឺដើម្បីមើលឃើញព្រះយេស៊ូវនៅក្នុងភាពល្អអស្ចារ្យគួរជាទីស្រឡាញ់នៃរូបអង្គទ្រង់ និងភាពល្អឥតខ្ចោះនៃកិច្ចការរបស់ទ្រង់ ហើយដើម្បីឲ្យមនុស្សស្គាល់ទ្រង់តាមរយៈការប្រកាសដំណឹងល្អ។
យើងខ្ញុំសូមអញ្ជើញលោកអ្នកឲ្យស្វែងយល់បន្ថែមអំពី មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងខ្ញុំ និងអ្វីដែលយើងខ្ញុំជឿអំពី ការយកឈ្នះលើបាប ព្រះចេស្ដានៃព្រះគុណ ការប្រែចិត្ត ការផ្គត់ផ្គង់របស់ព្រះ ពិធីលៀងព្រះអម្ចាស់ និង ការរួបរួម នៃក្រុមជំនុំ ដែលព្រះបានត្រាស់ហៅយើងនៅក្នុងសេចក្តីប្រកាសជំនឿរបស់យើងខាងក្រោម។
អ្នកក៏ប្រហែលជាចង់អានអត្ថបទមួយស្តីពី ព្រះគុណដ៏ពិត និងព្រះគុណក្លែងក្លាយ។.
យើងជឿ និងអះអាងនូវគោលជំនឿរបស់ពួកសាវ័ក និងគោលជំនឿណាយស៊ីន។
យើងជឿលើសិទ្ធិអំណាចនៃព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។ យើងជឿថាអត្ថបទគម្ពីរទាំងអស់ត្រូវបានបណ្ដាលឲ្យតែងឡើងដោយព្រះ ហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គោលលទ្ធិដ៏ត្រឹមត្រូវ (២ ធីម៉ូថេ ៣:១៦-១៧)។
យើងជឿថាមានព្រះតែមួយអង្គ ដែលគង់នៅអស់កល្បជានិច្ច ជាបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ៣:១៦-១៧, ២ កូរិនថូស ១៣:១៤, អេភេសូរ ៤:៤-៦)។
យើងជឿលើភាពជាព្រះរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការប្រសូតរបស់ទ្រង់ពីស្ត្រីព្រហ្មចារី ក្នុងជីវិតដែលគ្មានបាបរបស់ទ្រង់ ក្នុងព្រះចេស្ដារបស់ទ្រង់ក្នុងការប្រោសឲ្យជា ក្នុងការអស្ចារ្យរបស់ទ្រង់ ក្នុងសុគតដែលប្រោសលោះរបស់ទ្រង់តាមរយៈការបូជាព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាង ក្នុងការរស់ឡើងវិញរបស់ទ្រង់ និងក្នុងការយាងឡើងទៅគង់នៅខាងស្ដាំព្រះវរបិតា ជាសម្ដេចសង្ឃ និងជាព្រះអង្គសម្រុះសម្រួលរបស់យើង។ យើងជឿថាព្រះអម្ចាស់ព្រះយេស៊ូវនឹងយាងមកវិញម្តងទៀត ដូចដែលទ្រង់បានសន្យា (យ៉ូហាន ១៤:២-៣, ម៉ាថាយ ២៤:៣០)។
យើងជឿថា ពិធីបុណ្យជ្រមុជទឹកគឺជាការបង្ហាញចេញមកខាងក្រៅអំពីជំនឿរបស់យើង ដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកជឿ ជាមួយនឹងការសុគត ការបញ្ចុះព្រះសព និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវនៃយើង (កិច្ចការ ៨:១២, រ៉ូម ៦:៤)។
យើងជឿថា ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះដែលកម្សាន្ដលួងលោមចិត្តយើង។ ព្រះអង្គណែនាំយើងនៅគ្រប់វិស័យនៃជីវិតរបស់យើង (យ៉ូហាន ១៤:២៦)។ យើងជឿលើការជ្រមុជក្នុងព្រះវិញ្ញាណបរិសុទ្ធ ដោយមានភស្តុតាងជាការអធិស្ឋានដោយការណែនាំពីព្រះវិញ្ញាណ (កិច្ចការ ២:១-៤)។ យើងជឿលើព្រះអំណោយទានទាំងប្រាំបួននៃព្រះវិញ្ញាណ និងលក្ខណៈទាំងប្រាំបួននៃផលផ្លែនៃព្រះវិញ្ញាណ (១ កូរិនថូស ១២:៧-១១, កាឡាទី ៥:២២-២៣)។
យើងជឿដំណឹងល្អថា ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវមក ហើយអ្នកណាដែលជឿលើទ្រង់ មិនត្រូវវិនាសឡើយ គឺនឹងមានជីវិតអស់កល្បជានិច្ចវិញ។ ដ្បិតព្រះមិនបានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកក្នុងលោកិយ ដើម្បីជំនុំជម្រះលោកិយទេ គឺដើម្បីឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ (យ៉ូហាន ៣:១៦-១៧)។ យើងជឿថាយើងត្រូវបានត្រាស់ហៅឲ្យនាំដំណឹងល្អនេះ ជាដំណឹងល្អនៃព្រះគុណ ទៅកាន់គ្រប់ជាតិសាសន៍ (កិច្ចការ ២០:២៤)។
យើងជឿថា ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត (យ៉ូហាន ១៤:៦)។ អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវ នោះនឹងបានសង្គ្រោះ (រ៉ូម ១០:១៣)។ ព្រះគម្ពីរប្រាប់យើងថា «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត។ ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:៩–១០)។
យើងជឿថា បាបបានញែកយើងចេញពីព្រះដ៏បរិសុទ្ធ ហើយទោសនៃបាបគឺសេចក្តីស្លាប់។ រ៉ូម ៦:២៣ ប្រាប់យើងថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ ដំណឹងល្អគឺថា រ៉ូម ៦:២៣ មិនឈប់ត្រឹមហ្នឹងទេ។ ខគម្ពីរនេះបន្តចែងប្រាប់យើងថា «តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ នៅក្នុងព្រះគ្រីស្ទ «យើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់» (អេភេសូរ ១:៧)។ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង» (១ យ៉ូហាន ១:៩)។ ដូច្នេះ ជាការសំខាន់ណាស់ នៅពេលដែលនរណាម្នាក់ក្លាយជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ពួកគេទទួលស្គាល់អំពើបាបរបស់ពួកគេ ទទួលស្គាល់ថាពួកគេត្រូវការព្រះអង្គសង្គ្រោះ ហើយធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ដើម្បីទទួលបានការអត់ទោសបាបដ៏ពេញលេញរបស់ទ្រង់ ចំពោះអំពើបាបទាំងអស់របស់ពួកគេ។
យើងជឿថា ក្នុងនាមជាអ្នកជឿដែលបានកើតជាថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទ យើងត្រូវបានត្រាស់ហៅឲ្យរស់នៅដោយជ័យជម្នះលើអំណាចនៃបាប និង «ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង» (កូល៉ុស ១:១០)។ យើងជឿថា អំពើបាបតែងតែមានផលវិបាកដែលបំផ្លិចបំផ្លាញ។ នេះមិនមែនជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់ព្រះទៅលើអ្នកជឿនោះទេ ប៉ុន្តែជាផលវិបាកបំផ្លិចបំផ្លាញនៃអំពើបាបខ្លួនឯង។ ជាឧទាហរណ៍ អ្នកជឿអាចប្រើជម្រើសដោយសេរីរបស់ពួកគេ ហើយដាក់ដៃរបស់ពួកគេចូលទៅក្នុងភ្លើង។ ផលវិបាកបំផ្លិចបំផ្លាញគឺជាលទ្ធផលនៃការជ្រើសរើសរបស់បុគ្គលនេះផ្ទាល់ មិនមែនជាការដាក់ទណ្ឌកម្មពីព្រះទេ។
យើងជឿថាព្រះគុណគឺជាគ្រូដែលបង្រៀនអ្នកជឿដ៏ពិតឲ្យបដិសេធអំពើទុច្ចរិត និងតណ្ហាខាងលោកិយ។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា «ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ» (ទីតុស ២:១១-១២)។ ព្រះគុណមិនមែនជាលេសដើម្បីឲ្យអ្នកជឿប្រព្រឹត្តបាបទេ។ បុគ្គលណាដែលធ្វើការអះអាងមិនត្រឹមត្រូវបែបនេះ ដើម្បីបង្ហាញថាជម្រើសនៃជីវិតរបស់ពួកគេមានភាពត្រឹមត្រូវ បុគ្គលនោះមិនយល់ពីដំណឹងល្អនៃព្រះគុណ ហើយក៏មិនតំណាងឲ្យអ្វីដែលយើងជឿដែរ។
យើងជឿថាបាបនឹងមិនមានអំណាចលើអ្នកជឿដែលមានការបើកសម្ដែងត្រឹមត្រូវអំពីដំណឹងល្អនៃព្រះគុណ និងអ្នកដែលកាន់អត្តសញ្ញាណដ៏សុចរិតរបស់ពួកគេនៅក្នុងព្រះគ្រីស្ទឡើយ។ រ៉ូម ៦:៨, ១២–១៤ បញ្ជាក់យ៉ាងច្បាស់ថា ៖ «បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ...ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្ដីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ»។
ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ (រ៉ូម ៦:១៤)
យើងជឿថា ផលផ្លែដ៏ប្រសើរនៃដំណឹងល្អនៃព្រះគុណនឹងនាំទៅរកជីវិតដែលមានជ័យជម្នះលើអំពើបាប អាពាហ៍ពិពាហ៍ដ៏មានសុភមង្គល គ្រួសាររឹងមាំ ចិត្តសប្បុរសពិតប្រាកដ និងអ្នកជឿដែលបានកើតជាថ្មី ដែលសោយរាជ្យនៅគ្រប់វិស័យនៃជីវិតរបស់ពួកគេ ដើម្បីថ្វាយសិរីល្អដល់ព្រះ។ រ៉ូម ៥:១៧ ប្រាប់យើងថា «ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ»។
យើងជឿថា អ្នកជឿដែលបានកើតជាថ្មីយ៉ាងពិតប្រាកដ មិនកំពុងតែស្វែងរកលេសដើម្បីប្រព្រឹត្តអំពើបាបនោះទេ។ តើពួកគេអាចធ្វើដូចម្តេច ប្រសិនបើពួកគេបានរងឥទ្ធិពលពីសេចក្តីស្រឡាញ់ និងការលះបង់របស់ព្រះយេស៊ូវ? យើងជឿថា ពួកគេកំពុងស្វែងរកផ្លូវចេញពីអំពើបាប និងចេញពីគុកនៃការភ័យខ្លាច កំហុស និងការថ្កោលទោស។ យើងបានសង្កេតឃើញថា កាលណាយើងប្រកាសពីព្រះគុណដ៏អស្ចារ្យ និងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌរបស់ព្រះកាន់តែច្រើន យើងកាន់តែទទួលបានទីបន្ទាល់ជាច្រើនអនេកពីមនុស្សនៅជុំវិញពិភពលោក ដែលត្រូវបានរំដោះចេញពីរូបភាពអាសអាភាស ការញៀនស្រា គ្រឿងញៀន និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ នោះគឺជាព្រះចេស្ដានៃដំណឹងល្អនៃព្រះគុណ។ នៅពេលដែលមានមនុស្សប្រកាសអំពីព្រះយេស៊ូវ នោះបាបបាត់បង់អំណាចក្នុងការគ្រប់គ្រងលើជីវិតរបស់មនុស្ស ហើយការប្រែចិត្តពិតប្រាកដកើតមានឡើង។
យើងជឿថាសព្វថ្ងៃនេះ យើងស្ថិតនៅក្រោមសេចក្ដីសញ្ញាថ្មីនៃព្រះគុណ។ «ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ» (យ៉ូហាន ១:១៧)។ សេចក្ដីសញ្ញាចាស់នៃក្រឹត្យវិន័យត្រូវបានប្រទានមកតាមរយៈអ្នកបម្រើម្នាក់។ ព្រះគុណ និងសេចក្តីពិតបានមកតាមរយៈព្រះរាជបុត្រា។ ក្រឹត្យវិន័យនិយាយអំពីអ្វីដែលមនុស្សគួរតែក្លាយជា។ ព្រះគុណបង្ហាញថាព្រះជានរណាចំពោះមនុស្ស។ នៅក្នុងការអស្ចារ្យដំបូងរបស់លោកម៉ូសេ ទ្រង់បានប្រែទឹកទៅជាឈាម ដែលបណ្តាលឲ្យស្លាប់។ នៅក្នុងការអស្ចារ្យដំបូងនៃព្រះគុណ ព្រះយេស៊ូវបានប្រែទឹកទៅជាស្រា ដែលនាំឲ្យមានជីវិត និងការអបអរសាទរ។ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ (២ កូរិនថូស ៣:៦)។ នៅក្រោមក្រឹត្យវិន័យ ព្រះទាមទារនូវសេចក្ដីសុចរិតពីមនុស្សដែលបានរលួយខូចខាងឯវិញ្ញាណ។ ប៉ុន្តែនៅក្រោមព្រះគុណ ព្រះប្រទានសេចក្តីសុចរិតជាអំណោយទានមួយ (២ កូរិនថូស ៥:២១, រ៉ូម ៥:១៧)។
យើងជឿថា តាមរយៈកិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងឯកាល់វ៉ារី អស់អ្នកជឿលើទ្រង់ ហើយទទួលស្គាល់ទ្រង់ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ គឺស្ថិតនៅក្រោមសេចក្ដីសញ្ញាថ្មីនៃព្រះគុណ។ នៅក្រោមក្រឹត្យវិន័យ ព្រះបានមានបន្ទូលថា ទ្រង់នឹងមិនលើកលែងទោសអ្នកដែលមានទោសឡើយ ប៉ុន្តែនឹងដាក់ទោសអំពើបាបរបស់ពួកគេដល់ជំនាន់ទីបី និងទីបួន (និក្ខមនំ ៣៤:៧)។ នៅក្រោមព្រះគុណ ព្រះមានបន្ទូលថា «ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» (ហេព្រើរ ៨:១២)។ ក្រឹត្យវិន័យគឺផ្តោតលើមនុស្ស ចំណែកឯព្រះគុណគឺផ្តោតលើព្រះយេស៊ូវ។ ក្រឹត្យវិន័យផ្តោតលើអ្វីដែលយើងត្រូវតែសម្រេចបានដើម្បីបានសុចរិត។ ព្រះគុណផ្តោតទាំងស្រុងលើអ្វីដែលព្រះយេស៊ូវបានសម្រេចសម្រាប់ការការរាប់ជាសុចរិតរបស់យើង។ នៅក្រោមក្រឹត្យវិន័យ យើងត្រូវបានដកហូតសិទ្ធិដោយសារការមិនស្តាប់បង្គាប់របស់យើង។ នៅក្រោមព្រះគុណ យើងមានសិទ្ធិដោយសារការស្ដាប់បង្គាប់របស់ព្រះយេស៊ូ។ នៅក្រោមក្រឹត្យវិន័យ យើងត្រូវបានរាប់ជាសុចរិតនៅពេលដែលយើងធ្វើត្រឹមត្រូវ។ នៅក្រោមព្រះគុណ យើងត្រូវបានប្រោសឲ្យបានសុចរិតនៅពេលដែលយើងជឿត្រឹមត្រូវ (រ៉ូម ៤:៣-៨)។
ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ (យ៉ូហាន ១:១៧)។
យើងជឿថាបទបញ្ជាទាំងដប់ប្រការគឺបរិសុទ្ធ យុត្តិធម៌ រុងរឿង និងល្អប្រសើរ ហើយយើងឲ្យតម្លៃ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រឹត្យវិន័យដ៏ល្អឥតខ្ចោះរបស់ព្រះ។ យើងជឿថាបទបញ្ជាទាំងដប់ប្រការគឺបរិសុទ្ធនៅក្នុងបទដ្ឋានស្តង់ដារនៃបទបញ្ជានោះ ហើយក៏តម្រូវដោយមិនលម្អៀងនៅក្នុងភាពបរិសុទ្ធ ដូចដែលកាឡាទី ៣:១១ បញ្ជាក់យ៉ាងច្បាស់ថា «ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ»។ ការរាប់ជាសុចរិតនៅចំពោះព្រះអាចកើតឡើងបានតែដោយសារជំនឿលើព្រះគ្រីស្ទប៉ុណ្ណោះ ៖ «យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ គឺដោយសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ... ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រិត្យវិន័យ ដោយសារក្រិត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្ដីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ» (កាឡាទី ២:១៦, ១៩-២១)។
យើងជឿថា អ្នកជឿដែលបានផ្លាស់ប្រែដោយព្រះចេស្ដានៃព្រះគុណរបស់ព្រះអម្ចាស់ នឹងចង់អនុវត្ត ព្រមទាំងរក្សាឧត្តមភាពខាងផ្នែកសីលធម៌ តម្លៃ និងគុណធម៌ដែលគាំទ្រដោយបញ្ញត្តិទាំងដប់ប្រការ។ ព្រះគុណពិត បង្កើតភាពបរិសុទ្ធពិត។ ដូចលោកសាវ័កប៉ុលបានប្រកាសថា «សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាកិច្ចសម្រេចតាមក្រឹត្យវិន័យហើយ» (រ៉ូម ១៣:១០)។
យើងជឿថា រាស្ត្ររបស់ព្រះដែលស្ថិតនៅក្រោមព្រះគុណមិនត្រឹមតែបំពេញតាមអក្សរនៃក្រឹត្យវិន័យប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងព្រះគ្រីស្ទ ពួកគេបំពេញលើពីនោះ ហើយទៅឆ្ងាយជាងនោះ។ ឧទាហរណ៍ ក្រឹត្យវិន័យអាចបញ្ជាតែមនុស្សម្នាក់មិនឲ្យប្រព្រឹត្តអំពើផិតក្បត់ប៉ុណ្ណោះ ហើយខណៈពេលដែលមនុស្សម្នាក់អាចរក្សាក្រឹត្យវិន័យនោះនៅសម្បកក្រៅ ក៏អាចទៅរួចដែលថា នៅខាងក្នុងចិត្តរបស់ពួកគេ ពួកគេនៅតែគ្មានសេចក្តីស្រឡាញ់ចំពោះប្តី ឬប្រពន្ធរបស់ពួកគេ។ ព្រះគុណមិនត្រឹមតែដោះស្រាយជាមួយនឹងការកែប្រែអាកប្បកិរិយាដោយបង្ហាញចេញមកខាងក្រៅ ឬសម្បកក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ដោះស្រាយនឹងការកែប្រែក្នុងកម្រិតកាន់តែជ្រៅ។ ព្រះគុណបង្រៀនបុរសម្នាក់ឲ្យស្រឡាញ់ប្រពន្ធរបស់គាត់ ដូចដែលព្រះគ្រីស្ទស្រឡាញ់ពួកជំនុំ និងកសាងអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតដោយផ្អែកលើព្រះចេស្ដានៃឈើឆ្កាង។ នោះគឺជាព្រះចេស្ដាដែលនាំការផ្លាស់ប្រែនៃព្រះគុណរបស់ព្រះ។ អំណាចក្នុងការស្រឡាញ់ និងរស់នៅជីវិតដែលប្រកបដោយសីលធម៌ និងថ្វាយសិរីល្អដល់ព្រះ ជាដំបូងកើតចេញពីការជួបប្រទះនូវសេចក្តីស្រឡាញ់ដ៏ស្និទ្ធស្នាលបំផុតរបស់ព្រះអម្ចាស់ចំពោះយើង (១ យ៉ូហាន ៤:១៩)។ នៅពេលដែលបានជួបប្រទះនឹងព្រះគុណដ៏លើសលប់របស់ព្រះ មនុស្សម្នាក់មិនត្រឹមតែមិនលោភលន់ចង់បានអ្វីដែលជារបស់អ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានអំណាចក្នុងការមានចិត្តទូលាយចំពោះអ្នកជិតខាង និងសហគមន៍របស់ពួកគេផងដែរ។ យើងជឿថានេះជាអ្វីដែលបានកើតឡើងចំពោះលោកសាខេ បន្ទាប់ពីគាត់បានជួបប្រទះនឹងព្រះគុណរបស់ព្រះដោយផ្ទាល់។ គាត់បាននិយាយថា «មើល ព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ» (លូកា ១៩:៨)។
យើងជឿថា ជាការសំខាន់ណាស់ក្នុងការយល់ដឹងពីអត្ថន័យដើមនៃពាក្យក្រិកសម្រាប់ «ការប្រែចិត្ត» ហើយមិនមែនគ្រាន់តែជាប្រពៃណីនៃការធ្វើពិធីចិត្តនឹកស្ដាយដោយបង្ហាញចេញមកខាងក្រៅនោះទេ។ ពាក្យក្រិកសម្រាប់ «ប្រែចិត្ត» គឺ metanoia ដែលមានន័យថា «ការផ្លាស់ប្តូរចិត្តគំនិត»។ ការប្រែចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរចិត្តគំនិតពិតប្រាកដ គឺជ្រៅជាងការបង្ហាញពីការប្រែចិត្ត ដែលបង្ហាញចេញមកខាងក្រៅសុទ្ធសាធ។ មនុស្សម្នាក់អាចមើលទៅហាក់ដូចជាសោកស្ដាយពីសម្បកខាងក្រៅ និងថែមទាំងយំសោកទៀតផង ហើយនៅតែមិនទាន់បានឆ្លងកាត់ការទម្លុះទម្លាយនៅលើអំពើបាបរបស់ពួកគេ។ ការប្រែចិត្តពិតប្រាកដ (metanoia) និយាយអំពីការប្រែចិត្តពិតប្រាកដ ការទទួលស្គាល់អំពើខុសឆ្គង និងការមានបំណងចិត្តពិតប្រាកដដើម្បីងាកចេញពីអំពើបាប ហើយត្រឡប់ទៅរកព្រះគុណវិញ ដោយមានការបើកសម្តែងនៃឈើឆ្កាង (២ កូរិនថូស ៧:៩-១០)។
យើងជឿថា មនុស្សម្នាក់អាចជួបប្រទះនឹងការប្រែចិត្តពិតប្រាកដ និងរួចផុតពីអំពើបាបបាន ដោយមានជំនឿលើប្រសិទ្ធភាពនៃកិច្ចការដែលព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងបានសម្រេច។ យើងជឿថា ប្រសិនបើអ្នកជឿម្នាក់បានធ្លាក់ចូលទៅក្នុងអំពើបាប ហើយកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងទម្លាប់បាបនៅថ្ងៃនេះ ជាការសំខាន់ណាស់ដែលពួកគេមានការផ្លាស់ប្តូរចិត្តគំនិត ហើយជឿដោយជំនឿថា សូម្បីតែអំពើបាបនោះ ក៏ត្រូវបានកាត់ទោសនៅក្នុងព្រះកាយរបស់ព្រះយេស៊ូវ ហើយចាប់ផ្តើមទទួលការអត់ទោសពីព្រះសាជាថ្មី ព្រះគុណដែលមិនសមនឹងទទួលបានពីព្រះ និងសេចក្តីសុចរិតរបស់ព្រះ ដើម្បីយកឈ្នះលើភាពទន់ខ្សោយនោះ។ យើងសូមលើកទឹកចិត្តដល់អ្នកដែលបានដួលចុះ កុំរត់ចេញពីព្រះអម្ចាស់ព្រះយេស៊ូវរបស់យើង ប៉ុន្តែត្រូវរត់ទៅរកទ្រង់វិញ។ ព្រះយេស៊ូវគឺជាដំណោះស្រាយ ជាចម្លើយ និងជាជ័យជម្នះចេញពីវដ្តដែលនាំការបំផ្លិចបំផ្លាញនៃបាប (រ៉ូម ៥:១៧)។
ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ។ (រ៉ូម ៥:១៧)
យើងជឿលើការប្រោសឲ្យបានបរិសុទ្ធជាលំដាប់។ ពេលដែលយើងទទួលព្រះយេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង យើងទទួលបានការអត់ទោស ការលាងសម្អាត បានគ្រប់លក្ខណ៍ក្នុងសេចក្តីសុចរិត និងបានសង្រ្គោះ។ យើងក៏ត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រីស្ទដែរ (ហេព្រើរ ១០:១០)។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវយល់ថាការបើកសម្តែង និងដំណើរការនៃការញែកជាបរិសុទ្ធរបស់យើងនៅក្នុងព្រះគ្រីស្ទគឺកើតឡើងបន្តិចម្តងៗ។ ក្នុងនាមជាអ្នកជឿ យើងមិនអាចក្លាយជាមនុស្សសុចរិតជាងនេះទេ ប៉ុន្តែយើងអាចកាន់តែបរិសុទ្ធជាងមុន ឬបរិសុទ្ធស្របតាមរបៀបរស់នៅរបស់យើង។ អាចនិយាយក្នុងន័យម្យ៉ាងទៀត ខណៈដែលអ្នកជឿត្រូវបានប្រោសឲ្យបានសុចរិត ហើយបានរាប់ជាសុចរិតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវម្ដងជាសូរេច ការញែកជាបរិសុទ្ធកំពុងបន្តនៅក្នុងការរីកចម្រើនរបស់ពួកគេជាគ្រីស្ទបរិស័ទ។ កាលណាមនុស្សម្នាក់កាន់តែរីកចម្រើនក្នុងព្រះគុណ និងក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះអម្ចាស់ នោះមនុស្សម្នាក់នោះកាន់តែបានទទួលការលាងសម្អាតម្តងហើយម្តងទៀតដោយទឹកនៃព្រះបន្ទូលនៃព្រះគុណរបស់ព្រះ ហើយមនុស្សម្នាក់នោះរីកចម្រើននៅក្នុងការញែកជាបរិសុទ្ធ និងក្នុងភាពបរិសុទ្ធ។ នេះហើយជាមូលហេតុដែលអ្នកនិពន្ធសៀវភៅហេព្រើរនិយាយថា យើងជាអ្នកដែលកំពុងត្រូវ «បានញែកជាបរិសុទ្ធ» ទោះជាយើង «បានគ្រប់លក្ខណ៍អស់កល្បជានិច្ច» ដោយការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទនៅឯឈើឆ្កាងក៏ដោយ (ហេព្រើរ ១០:១៤)។
យើងជឿថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត» (២ ធីម៉ូថេ ៣:១៦)។ ដូច្នេះយើងប្រុងប្រយ័ត្នចំពោះ «ការបង្រៀនដោយព្រះគុណ» ក្លែងក្លាយណាមួយដែលនិយាយថា អាកប្បកិរិយា វិន័យ ការកែតម្រូវ និងការរស់នៅត្រឹមត្រូវមិនសំខាន់។ ការបើកសម្តែងនៃការអត់ទោសមិនកាត់បន្ថយ ហើយក៏មិនលះបង់ចោលនូវការរស់នៅដោយត្រឹមត្រូវនោះដែរ។ ផ្ទុយទៅវិញ ការបើកសម្ដែងនោះគឺជាគ្រឿងបន្ថែមដែលធ្វើឱ្យការរស់នៅដោយត្រឹមត្រូវកើតមានឡើង។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលយើងដឹងថា ព្រះអម្ចាស់នឹងមិនកែតម្រូវយើងដោយប្រើប្រាស់គ្រោះថ្នាក់សោកនាដកម្មដ៏រន្ធត់ ជំងឺ និងរោគាផ្សេងៗឡើយ។ ព្រះគម្ពីរប្រាប់យើងថា «ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ» (សុភាសិត ៣:១២)។
យើងជឿថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ មានព្រះហឫទ័យផ្គត់ផ្គង់ដល់កូនៗរបស់ទ្រង់ ដូចដែលយើងជាឪពុកម្តាយនៅលើផែនដីចង់ផ្គត់ផ្គង់ដល់កូនៗរបស់យើងដែរ។ ព្រះអម្ចាស់ព្រះយេស៊ូវនៃយើងបានបង្ហាញពីព្រះហឫទ័យរបស់ព្រះវរបិតានៅក្នុងសេចក្ដីអធិប្បាយលើភ្នំ នៅពេលដែលទ្រង់មានបន្ទូលថា «ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ» (ម៉ាថាយ ៦:៣១-៣២)។ ទោះជាយ៉ាងណាក៏ដោយ ថ្វីបើព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌សព្វព្រះហឫទ័យឲ្យកូនៗរបស់ទ្រង់ទទួលបានការផ្គត់ផ្គង់យ៉ាងបរិបូរណ៍ និងទទួលបានជោគជ័យដ៏ល្អវិសេស (២ កូរិនថូស ៩:៨, យ៉ូស្វេ ១:៨, ទំនុកដំកើង ១:១-៣) ទ្រង់មិនចង់ឲ្យកូនៗរបស់ទ្រង់វង្វេងនឹងសម្ភារៈនិយម ឬងប់ងុលនឹងការដេញតាមស្វែងរកប្រាក់នោះទេ (សាស្តា ៥:១០, ម៉ាថាយ ៦:២៤)។
លោកសាវ័កប៉ុល បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសំបុត្ររបស់លោកទៅកាន់លោកធីម៉ូថេ ដែលលោកសរសេរថា «តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន។ តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ ហើយដេញតាមសេចក្ដីសុចរិត សេចក្ដីគោរពប្រតិបត្តិដល់ព្រះ សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីសំឡូតវិញ» (១ ធីម៉ូថេ ៦:៦–១១)។ យើងជឿថាអាទិភាពរបស់យើងគឺត្រូវស្វែងរកព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងជាទីមួយក្នុងគ្រប់កិច្ចការទាំងអស់ ហើយតាំងទ្រង់ជាគោលដ៏សំខាន់បំផុតនៃជីវិតរបស់យើង មិនមែនជាការស្វែងរកប្រាក់ និងភាពជោគជ័យលើលោកិយនោះទេ។ នៅពេលដែលយើងទុកចិត្តលើទ្រង់ ព្រះពររបស់ទ្រង់នឹងមកតាមក្រោយ។ យើងជឿថា ព្រះពរ ភាពចម្រុងចម្រើន និងជោគជ័យដ៏ត្រចះត្រចង់ពីព្រះអម្ចាស់ គឺជាអ្វីដែលគ្រប់ជ្រុងជ្រោយ មិនមែនត្រឹមតែជាសម្ភារៈ ឬហិរញ្ញវត្ថុប៉ុណ្ណោះទេ ហើយវាចាប់ផ្តើមជាមួយនឹងការចម្រើនឡើងខាងព្រលឹង (៣ យ៉ូហាន ១:២)។
អ្នកស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យអ្នកបានចំរើនឡើងគ្រប់ជំពូក ហើយឲ្យបានសុខសប្បាយខាងរូបសាច់ ដូចជាព្រលឹងអ្នកបានចំរើនឡើងដែរ។ (៣ យ៉ូហាន ១:២)
យើងជឿថា មនុស្សដែលស្ថិតនៅក្រោមព្រះគុណមានស្មារតីសប្បុរស ដោយផ្តល់ពេលវេលា ថាមពល និងធនធានហិរញ្ញវត្ថុរបស់ពួកគេដោយចេញពីចិត្តដើម្បីជួយ ស្រឡាញ់ និងយកចិត្តទុកដាក់ដល់អ្នកដែលខ្វះខាត។ ក្នុងនាមជាក្រុមជំនុំ យើងចូលរួមយ៉ាងសកម្ម និងសាបព្រោះដោយសប្បុរសចំពោះគំនិតផ្តួចផ្តើមជាច្រើននៅក្នុងសហគមន៍មូលដ្ឋានរបស់យើង ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាច្រើននៅជុំវិញពិភពលោក។ ចំពោះអ្នកដែលមានជីវភាពធូរធារជាង យើងលើកទឹកចិត្តពួកគេឲ្យស្តាប់ដំបូន្មានដែលលោកសាវ័កប៉ុលបានផ្តល់មកថា «ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ចូរបង្គាប់ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួន ដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច» (១ ធីម៉ូថេ ៦:១៧-១៩)។ យើងមិនយល់ស្របនឹងអ្វីដែលត្រូវបានគេហៅថា «ដំណឹងល្អនៃភាពចម្រុងចម្រើន» ទេ ហើយយើងក៏មិនបង្រៀនថា អ្នកជឿទាំងអស់នឹងមានទ្រព្យសម្បត្តិច្រើនដែរ។ យើងមិនលើកទឹកចិត្តឲ្យមានចិត្តលោភលន់ សម្ភារៈនិយម កំណាញ់ ឬស្រឡាញ់ប្រាក់ឡើយ។ ផ្ទុយទៅវិញ យើងបង្រៀនថា អ្នកជឿត្រូវបានប្រទានពរឲ្យក្លាយជាព្រះពរដល់អ្នកដទៃ (លោកុប្បត្តិ ១២:៣, ២ កូរិនថូស ៩:៨)។
យើងជឿថា ពិធីលៀងព្រះអម្ចាស់រំឭកដល់ការសោយទិវង្គតរបស់ព្រះអម្ចាស់ ហើយយើងទទួលពិធីលៀងព្រះអម្ចាស់ដើម្បីរំឭកដល់ទ្រង់ (១ កូរិនថូស ១១:២៤-២៥)។ ពិធីលៀងព្រះអម្ចាស់ក៏ត្រូវបានគេស្គាល់ថាជា ពិធីលៀងព្រះអម្ចាស់ (Eucharist) មកពីពាក្យក្រិក eucharistia ដែលមានន័យថា «ការអរព្រះគុណ»។ នៅលើឈើឆ្កាង «តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ នៅពេលដែលយើងចងចាំ និងគោរពដល់ការសោយទិវង្គតរបស់ព្រះអម្ចាស់តាមរយៈការទទួលពិធីលៀងព្រះអម្ចាស់ដោយជំនឿ យើងកំពុងអរព្រះគុណព្រះ និងទទួលបានអ្វីៗគ្រប់យ៉ាងដែលទ្រង់បានសម្រេចនៅលើឈើឆ្កាងជំនួសយើង ដែលរួមមានសុខភាព ភាពពេញលេញ និងសេចក្ដីសុខសាន្ដ។ យើងចូលរួមជាមួយអ្នកសរសេរគម្ពីរទំនុកដំកើងក្នុងការប្រកាសដោយអរព្រះគុណទ្រង់ចេញពីចិត្តយើងថា «ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញ ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯងបានស្កប់ស្កល់ដោយរបស់ល្អ ប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី» (ទំនុកដំកើង ១០៣:១-៥)។
យើងជឿលើការចូលរួមក្នុងពិធីលៀងព្រះអម្ចាស់រួមគ្នា ជាព្រះកាយដែលមានការរួបរួមរបស់ព្រះគ្រីស្ទរៀងរាល់ថ្ងៃអាទិត្យ ស្របតាមប្រពៃណីនៃក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ ព្រះគម្ពីរប្រាប់យើងថា «លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង» (កិច្ចការ ២០:៧)។
យើងជឿថា យើងត្រូវបានត្រាស់ហៅឲ្យដូចជាក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ ដែល «នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង» (កិច្ចការ ២:៤២)។ ក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ ច្បាស់ណាស់មានការបើកសម្តែងយ៉ាងស៊ីជម្រៅអំពីខ្លឹមសារ សារៈសំខាន់ និងព្រះចេស្ដានៃពិធីលៀងព្រះអម្ចាស់។ នោះហើយជាមូលហេតុដែលពួកគេមិនបានទទួលពិធីនោះតែម្តងម្កាលនោះទេ។ តាមពិតទៅ ព្រះគម្ពីរប្រាប់យើងថា «រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់» (កិច្ចការ ២:៤៦)។
រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់។ (កិច្ចការ ២:៤៦)
យើងជឿថា រាល់ពេលដែលយើងទទួលពិធីលៀងព្រះអម្ចាស់ មិនថានៅក្នុងការជួបជុំក្រុមជំនុំ ឬពី «ផ្ទះមួយទៅផ្ទះមួយ» ដូចនៅក្នុងក្រុមជំនុំដំបូង (កិច្ចការ ២:៤៦) យើងគួរតែពិនិត្យពិច័យខ្លួនឯង ដើម្បីធានាថាយើងទទួលតាមរបៀបដែលសក្តិសមសម្រាប់ពិធីលៀងព្រះអម្ចាស់។ ការទទួលតាមរបៀបដែលសក្តិសមមានន័យថា ទទួលជាមួយនឹងការបើកសម្តែងអំពីកិច្ចការដែលបានបញ្ចប់របស់ទ្រង់ ដោយទទួលស្គាល់ថាយើងមិនមែនទទួលទានអាហារធម្មតាទេ ប៉ុន្តែជាអាហារដ៏បរិសុទ្ធ និងញែកដាច់ពីគេ។ វាមានន័យថា យើងត្រូវទទួលទានជាមួយនឹងជំនឿរបស់យើងដែលផ្តោតលើព្រះអម្ចាស់ព្រះយេស៊ូវនៃយើង ដោយដឹងជានិច្ចថា នៅពេលដែលយើងទទួលទាននំប៉័ង យើងចងចាំថាព្រះកាយរបស់ទ្រង់បានខ្ទេចខ្ទាំ ដើម្បីឲ្យរូបកាយរបស់យើងបានជាសះស្បើយពេញលេញ (១ កូរិនថូស ១១:២៤, អេសាយ ៥៣:៥)។ ហើយនៅពេលដែលយើងទទួលទានពីពែង យើងចងចាំថា ព្រះលោហិតរបស់ទ្រង់ត្រូវបានបង្ហូរសម្រាប់ការអត់ទោស និងការលើកលែងទោសអំពើបាបទាំងអស់របស់យើង (ម៉ាថាយ ២៦:២៨, កូល៉ុស ២:១៣)។
យើងជឿថា ខណៈពេលដែលមានការអនុវត្ត និងជំនឿខុសៗគ្នានៅទូទាំងនិកាយគ្រីស្ទបរិស័ទផ្សេងៗគ្នា នៅទូទាំងប្រវត្តិសាស្ត្រក្រុមជំនុំ យើងទាំងអស់គ្នានៅតែអាចរួបរួមគ្នាដោយសុខដុម ជាផ្នែកមួយនៃព្រះកាយរបស់ព្រះគ្រីស្ទ ហើយរួបរួមគ្នាជុំវិញគោលលទ្ធិគ្រឹះរបស់គ្រីស្ទបរិស័ទ ដូចដែលបានចែងនៅក្នុងគោលជំនឿរបស់ពួកសាវ័ក និងគោលជំនឿណាយស៊ីន (១ កូរិនថូស ១២:១២, អេភេសូរ ៤:៣)។