ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
ចែករំលែកតាមរយៈ
យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល្អនៃព្រះគុណ ដែលដំបូងឡើយបានប្រទានដល់សាវ័កប៉ុល។ ជាងមួយទសវត្សរ៍ចុងក្រោយនេះ ខ្ញុំមានអភ័យឯកសិទ្ធិដ៏អស្ចារ្យក្នុងការអានរបាយការណ៍សរសើរ និងទីបន្ទាល់ជាច្រើនដែលបានផ្ញើទៅកាន់ការិយាល័យព័ន្ធកិច្ចរបស់យើងពីមនុស្សជាទីស្រឡាញ់ដែលមានសេរីភាពពីការញៀនគ្រប់ប្រភេទ ដូចជាការជក់បារី គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសរឿងអាសអាភាស។
លើសពីការត្រូវបានរំដោះចេញពីនឹមដ៏ធ្ងន់នៃកំហុស និងការថ្កោលទោស ជីវិតពិត អាពាហ៍ពិពាហ៍ពិត និងគ្រួសារពិតកំពុងត្រូវបានបំផ្លាស់បំប្រែ ហើយមនុស្សទាំងនេះកំពុងរស់នៅដើម្បីសិរីល្អរបស់ព្រះយេស៊ូវតាមរយៈព្រះចេស្ដានៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់។ ព្រះគុណមិនមែនជាចលនា ការបង្រៀន ឬប្រធានបទដែលត្រូវសិក្សានោះទេ។ ព្រះគុណនិយាយអំពីមនុស្សម្នាក់។ ព្រះនាមរបស់ទ្រង់គឺព្រះយេស៊ូវ។ អ្វីដែលមនុស្សម្នាក់ជឿអំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើនៅលើឈើឆ្កាង ធ្វើឲ្យគ្រប់យ៉ាងមានភាពខុសប្លែកគ្នា។
ការសោយរាជ្យលើអំពើបាបតាមរយៈព្រះគុណ
ដើម្បីយល់ពីព្រះគុណរបស់ព្រះវាមានសារៈសំខាន់ណាស់ដែលយើងត្រូវយល់ពីភាពខុសគ្នារវាងក្រិត្យវិន័យក្នុងសេចក្ដីសញ្ញាចាស់ និងព្រះគុណក្នុងសេចក្ដីសញ្ញាថ្មី។ គម្ពីរយ៉ូហាន ១:១៧ ប្រាប់យើងថា «ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ»។ ក្រឹត្យវិន័យបានប្រទានមកតាមរយៈអ្នកបម្រើម្នាក់ ឯព្រះគុណ និងសេចក្តីពិតចូលមកតាមរយៈព្រះរាជបុត្រា។ ក្រឹត្យវិន័យនិយាយអំពីអ្វីដែលមនុស្សគួរតែធ្វើ ឯព្រះគុណបើកសម្ដែងថាព្រះជានរណា។ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ (សូមមើល ២ កូរិនថូស ៣:៦)។ តាមក្រឹត្យវិន័យ ព្រះទាមទារសេចក្តីសុចរិតពីមនុស្សដែលមានបាប។ ប៉ុន្តែតាមព្រះគុណ ព្រះប្រទានសេចក្តីសុចរិតទុកជាអំណោយទាន។ អស់អ្នកជឿលើព្រះយេស៊ូវ ហើយទទួលស្គាល់ទ្រង់ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ គឺស្ថិតនៅក្រោមព្រះគុណក្នុងសេចក្ដីសញ្ញាថ្មី។
ទោះជាបែបនេះក៏ដោយ គ្រីស្ទបរិស័ទជាច្រើនសព្វថ្ងៃនេះនៅតែរស់នៅក្នុងភាពច្របូកច្របល់។ ពួកគេយកក្រឹត្យវិន័យ និងព្រះគុណលាយឡំគ្នាដោយប្រកាន់តាមទិដ្ឋភាពមួយចំនួនរបស់ក្រឹត្យវិន័យ និងទិដ្ឋភាពមួយចំនួនរបស់ព្រះគុណនៅក្នុងដំណើរជាគ្រីស្ទបរិស័ទរបស់ពួកគេ។ ដូច្នេះពួកគេបន្តបរាជ័យ ជាជាងសោយរាជ្យលើអំណាចនៃអំពើបាបតាមរយៈព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្តីសុចរិត។
គម្ពីរ រ៉ូម ៥:១៧ ប្រាប់យើងយ៉ាងច្បាស់ថា «អ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិត»។ ពេលយើងសោយរាជ្យក្នុងជីវិត យើងសោយរាជ្យលើអំពើបាប ការញៀន និងអំពើអាក្រក់គ្រប់ទម្រង់។
សូមអរព្រះគុណព្រះ ដែលព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងកំពុងស្តារភាពបរិសុទ្ធនៃដំណឹងល្អអំពីព្រះគុណឡើងវិញនៅថ្ងៃនេះ ហើយមនុស្សជាច្រើនកំពុងទទួលបានសេរីភាពពីការញៀនរយៈពេលវែង និងចំណងផ្សេងៗទៀត។ ពួកគេចែករំលែកដោយអំណរយ៉ាងខ្លាំងអំពីរបៀបដែលព្រះអម្ចាស់បានរំដោះពួកគេយ៉ាងអស្ចារ្យពីការប្រើប្រាស់សារធាតុញៀន និងការញៀនផ្លូវភេទរាប់ទសវត្សរ៍ អាការៈភ័យស្លន់ស្លោញឹកញាប់ និងសូម្បីតែជំងឺធ្លាក់ទឹកចិត្តរយៈពេលវែងផងដែរ។ អ្នកដទៃទៀតសរសេរសំបុត្រមក ពោរពេញដោយការអរព្រះគុណ ពីព្រោះទ្រង់បានស្តារអាពាហ៍ពិពាហ៍ និងទំនាក់ទំនងរបស់ពួកគេជាមួយកូនៗរបស់ពួកគេដែលបានបែកបាក់ឡើងវិញ ហើយបានព្យាបាលរាងកាយរបស់ពួកគេនៅពេលដែលគ្រូពេទ្យប្រាប់ថាពួកគេគ្មានសង្ឃឹមទេ។ ចំណុចសំខាន់រួមមួយបាននាំបងប្អូនជាទីស្រឡាញ់ទាំងនេះចេញពីការបរាជ័យទៅរកជ័យជម្នះ ពីការបែកបាក់ទៅរកការទម្លុះទម្លាយ ៖ គឺពួកគេទាំងអស់គ្នាបានជួបផ្ទាល់ជាមួយព្រះអម្ចាស់ព្រះយេស៊ូវរបស់យើង ហើយបានឃើញការបើកសំដែងអំពីព្រះគុណដ៏អស្ចារ្យរបស់ទ្រង់។
ការបង្ខូចទ្រង់ទ្រាយការស្តារឡើងវិញនូវសេចក្តីពិតរបស់ព្រះ
ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលយើងដឹងថា នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជំនុំមានការស្តារឡើងវិញនូវសេចក្តីពិតរបស់ព្រះយ៉ាងណា សព្វថ្ងៃក៏មានការបង្ខូចទ្រង់ទ្រាយការស្តារឡើងវិញនូវសេចក្តីពិតអំពីព្រះគុណយ៉ាងនោះដែរ។ មានភាពចម្រូងចម្រាស ភាពមិនត្រឹមត្រូវ និងការក្លែងបន្លំជាច្រើនចំពោះកិច្ចការពិតនៃព្រះគុណដែលព្រះកំពុងធ្វើនៅក្នុងក្រុមជំនុំរបស់ទ្រង់ និងក្នុងជីវិតរបស់មនុស្ស។ វាក៏ជារឿងគួរឲ្យសោកស្ដាយផងដែរ ដែលមនុស្សមួយចំនួនតូចបានបំភ្លៃការពិតអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះ ដោយប្រើប្រាស់ «ព្រះគុណ» ជាលេសសម្រាប់ការរស់នៅបែបអសីលធម៌ ដែលជាការបំពានព្រះបន្ទូលរបស់ព្រះយ៉ាងច្បាស់។
វាមានសារសំខាន់ណាស់ដែលយើងមិនធ្វើការសន្និដ្ឋានដោយខ្លួនឯងអំពីព្រះគុណរបស់ព្រះដោយផ្អែកលើមនុស្សមួយចំនួនតូចដែលបំពានវានោះទេ ប៉ុន្តែត្រូវសិក្សាព្រះបន្ទូលរបស់ព្រះដោយខ្លួនឯង ដើម្បីយល់ពីអ្វីដែលជាដំណឹងល្អដើម ដែលឥតសៅហ្មងអំពីព្រះគុណពិតប្រាកដ។
ការទទួលខុសត្រូវរបស់យើងក្នុងនាមជាគ្រូអធិប្បាយព្រះបន្ទូលដែលបានទទួលដំណឹងល្អ មិនមែនត្រូវដកថយពីសេចក្តីពិតអំពីព្រះគុណរបស់ព្រះនោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់ស្តាប់ដំបូន្មានដែលលោកសាវ័កប៉ុលបានផ្តល់ឲ្យធីម៉ូថេ។ គាត់បានណែនាំសិស្សវ័យក្មេងរបស់គាត់ឲ្យ «ចូរមានកម្លាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» និង «ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ» (២ ធីម៉ូថេ ២:១, ២ ធីម៉ូថេ ២:១៥)
ដោយហេតុផលនេះ នៅក្នុងអត្ថបទនេះខ្ញុំចង់លើកឡើងអំពីការបង្រៀនសំខាន់ៗមួយចំនួនអំពីព្រះគុណដែលមិនត្រឹមត្រូវ និងក្លែងក្លាយ ដែលបានរីករាលដាល និងនាំមនុស្សមួយចំនួនឲ្យវង្វេង។ ការបង្រៀនព្រះគុណក្លែងក្លាយ និងក្លែងបន្លំទាំងនេះក៏បានធ្វើឲ្យគ្រូគង្វាល និងគ្រូអធិប្បាយព្រះបន្ទូលមួយចំនួនងាកចេញពីដំណឹងល្អនៃព្រះគុណផងដែរ។ នេះជារឿងដ៏គួរឲ្យសោកស្ដាយបំផុត ហើយការអធិស្ឋានរបស់ខ្ញុំគឺអធិស្ឋានសម្រាប់គ្រូគង្វាល និងអ្នកដឹកនាំក្រុមជំនុំនៅជុំវិញពិភពលោកឲ្យទទួលបានការបើកសម្ដែង និងការយល់ដឹងដ៏ត្រឹមត្រូវអំពីដំណឹងល្អ ដែលកំពុងផ្លាស់ប្តូរជីវិត និងទាក់ទាញបងប្អូនដ៏ជាទីស្រឡាញ់ឲ្យចូលមកក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គសង្គ្រោះរបស់យើង។ ខ្ញុំអធិស្ឋានថា ក្នុងនាមជាអ្នកគង្វាលដែលព្រះបានតែងតាំងឲ្យមើលថែហ្វូងចៀមរបស់យើង យើងមិនធ្វើការវិនិច្ឆ័យដោយផ្អែកលើការដកស្រង់ពាក្យសម្តីមិនពេញលេញ និងពាក្យចចាមអារ៉ាមនោះទេ ប៉ុន្តែត្រូវពិនិត្យពិច័យឲ្យបានហ្មត់ចត់នូវអ្វីដែលគ្រូអធិប្បាយអំពីព្រះគុណម្នាក់ៗកំពុងបង្រៀន ហើយពិនិត្យដោយប្រុងប្រយ័ត្នធៀបនឹងអត្ថបទគម្ពីរ។
តើព្រះគុណជាអាជ្ញាប័ណ្ណសម្រាប់ប្រព្រឹត្តអំពើបាបមែនឬទេ
ដោយសារតែការបំពាន និងការធ្វើជាតំណាងមិនត្រឹមត្រូវនៃការបង្រៀនអំពីព្រះគុណពិត ខ្ញុំបានឮមនុស្សជាច្រើនដាស់តឿនគ្នាថា «ចូរប្រយ័ត្នចំពោះការបង្រៀនអំពីព្រះគុណដ៏គ្រោះថ្នាក់នោះ វាផ្តល់អាជ្ញាប័ណ្ណដល់មនុស្សឲ្យប្រព្រឹត្តអំពើបាប»។
ប្រសិនបើអ្នកឮការបង្រៀនអំពី «ព្រះគុណ» ណាមួយដែលប្រាប់អ្នកថា វាមិនអីទេបើអ្នកប្រព្រឹត្តអំពើបាប រស់នៅដោយមិនគោរពព្រះអម្ចាស់ ហើយថាគ្មានលទ្ធផលនៃអំពើបាបទេនោះ ដំបូន្មានរបស់ខ្ញុំចំពោះអ្នកគឺត្រូវគេចចេញពីការបង្រៀននោះចុះ។
គេទើបតែបង្ហាញអ្នកពីព្រះគុណក្លែងក្លាយហើយ។ ព្រះគុណដ៏ពិតបង្រៀនថា អ្នកជឿលើព្រះគ្រីស្ទបានទទួលការត្រាស់ហៅឲ្យរស់នៅប្រកបដោយភាពបរិសុទ្ធ ឥតមានកំហុស និងឥតបន្ទោសបាន។ វាបង្រៀនថា អំពើបាបតែងតែបង្កើតឲ្យមានលទ្ធផលជាការបំផ្លិចបំផ្លាញ ហើយមានតែតាមរយៈអំណាចនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចត្រូវបានរំដោះឲ្យមានសេរីភាពពីការត្រួតត្រារបស់អំពើបាប។ សូមសិក្សាគម្ពីរ ទីតុស ២:១១–១៥ ៖
ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
ព្រះបន្ទូលរបស់ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះគុណរបស់ព្រះបង្រៀនយើងឲ្យបដិសេធអំពើទុច្ចរិត ហើយរស់នៅក្នុងជីវិតដែលគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ចូរប្រយ័ត្នចំពោះការបង្រៀនពីព្រះគុណក្លែងក្លាយ ដែលផ្ទុយនឹងអត្ថបទគម្ពីរ។
ដូច្នេះតើយើងដឹងដោយរបៀបណាថានរណាម្នាក់ពិតជារស់នៅក្រោមព្រះគុណរបស់ព្រះមែននោះ?
យើងមើលទៅជីវិតរបស់ពួកគេ។
ប្រសិនបើនរណាម្នាក់កំពុងបោះបង់ប្រពន្ធរបស់គាត់ដើម្បីទៅរកលេខារបស់គាត់ ហើយប្រាប់អ្នកថាគាត់នៅក្រោម «ព្រះគុណ» ចូរប្រាប់មនុស្សម្នាក់នេះវិញថាគាត់មិននៅក្រោមព្រះគុណទេ ប៉ុន្តែនៅក្រោមការបោកបញ្ឆោតវិញ! ចូរធ្វើតាមអំណាចនៃព្រះបន្ទូលរបស់ព្រះ មិនមែនតាមអ្វីដែលបុរសម្នាក់នេះនិយាយនោះទេ។ គម្ពីរ រ៉ូម ៦:១៤ ចែងថា «ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ»។ ប្រសិនបើមនុស្សម្នាក់នេះពិតជារស់នៅក្រោមព្រះគុណមែន នោះគាត់នឹងមិនត្រូវអំពើបាបត្រួតត្រាដូច្នេះឡើយ។ ហើយគ្មាននរណាម្នាក់ដែលរស់នៅក្នុងអំពើបាបអាចប្រើប្រាស់ព្រះគុណជាលេសដើម្បីប្រព្រឹត្តអំពើបាបបានដោយស្របច្បាប់នោះទេ ពីព្រោះវាប្រឆាំងនឹងអត្ថបទគម្ពីរដ៏បរិសុទ្ធរបស់ព្រះ។
ព្រះគុណពិតប្រាកដមិនមែនជាអាជ្ញាប័ណ្ណសម្រាប់ប្រព្រឹត្តអំពើបាបទេ វាគឺជាអំណាចដើម្បីរស់នៅខ្ពស់លើសពីការត្រួតត្រារបស់អំពើបាប»។ ព្រះគុណពិតប្រាកដមិនសម្របសម្រួលស្តង់ដារនៃភាពបរិសុទ្ធរបស់ព្រះ ហើយមិនអត់ឱនចំពោះអំពើបាបនោះទេ វាគឺជាចម្លើយដែលផ្តល់អំណាចដល់មនុស្សឲ្យរស់នៅក្នុងជីវិតដ៏សិរីរុងរឿង ដែលឧស្សាហ៍ធ្វើការល្អ។
តែងតែមានមនុស្សមួយចំនួនតូចដែលកំពុងបំពានលើព្រះគុណ ញុះញង់ឲ្យមានភាពចម្រូងចម្រាសដោយការបង្រៀនពីព្រះគុណក្លែងក្លាយ ហើយរស់នៅតាមរបៀបដែលមិនថ្វាយសិរីល្អដល់ព្រះអម្ចាស់។ ប៉ុន្តែ តើយើងគួរតែឆ្លើយតបបែបណា? តើយើងគួរគេចវេះពីការអធិប្បាយ និងការបង្រៀនអំពីព្រះគុណពិតរបស់ព្រះ ដោយសារតែភាពចម្រូងចម្រាស និងការបំពានទាំងនោះមែនឬទេ? ពិតជាមិនដូច្នោះទេ។ ខ្ញុំសូមលើកទឹកចិត្តអ្នកនៅថ្ងៃនេះ ដោយព្រះបន្ទូលក្នុងគម្ពីរទីតុសឲ្យ «ប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ»។
ម្យ៉ាងទៀត សូមកុំដកខ្លួនចេញពីការប្រកាសអំពីព្រះគុណរបស់ព្រះឡើយ។ តាមពិតទៅ យើងបង្កើនការអធិប្បាយទ្វេរដងពីដំណឹងល្អពិតប្រាកដរបស់យើង ដែលបង្រៀនមនុស្សទាំងអស់ឲ្យ «លះចោល សេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ» ហើយឲ្យ «រស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ»។ ការអធិប្បាយអំពីព្រះគុណពិតប្រាកដកាន់តែច្រើនប៉ុណ្ណា ការបង្រៀនអំពីព្រះគុណក្លែងក្លាយនឹងត្រូវបានលុបបំបាត់ចោលកាន់តែច្រើនប៉ុណ្ណោះ។
មនុស្សអាចប្រើពាក្យព្រះគុណដោយសេរី ដោយហៅខ្លួនឯងថា «គ្រូអធិប្បាយអំពីព្រះគុណ» ជាមួយ «ព័ន្ធកិច្ចនៃព្រះគុណ» ឬ «ក្រុមជំនុំនៃព្រះគុណ»។ ប៉ុន្តែ យើងត្រូវចេះវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ គ្រាន់តែពួកគេប្រើពាក្យព្រះគុណ មិនមានន័យថាពួកគេតំណាងឲ្យដំណឹងល្អនៃព្រះគុណដោយត្រឹមត្រូវ ឬពិតប្រាកដនោះទេ។ សូមសាកល្បងមើលគ្រប់ការទាំងអស់! ត្រូវប្រាកដថាជំហររបស់ពួកគេប្រឆាំងនឹងអំពើបាបគឺច្បាស់លាស់ ព្រោះអំពើបាបគឺជាការបំផ្លិចបំផ្លាញ ហើយនាំមកនូវលទ្ធផលដែលបង្កគ្រោះថ្នាក់ជាច្រើន។
ព្រះគុណពិតមិនមែនមិនគោរពតាមសីលធម៌នៃបញ្ញត្តិទាំងដប់ប្រការទេ
មានការពន្យល់មិនត្រឹមត្រូវជាច្រើនអំពីបទបញ្ញត្តិទាំងដប់ប្រការនៅក្នុងការបង្រៀនអំពីព្រះគុណក្លែងក្លាយ។ ត្រូវច្បាស់ថា ព្រះគុណពិតបង្រៀនថា បទបញ្ញត្តិទាំងដប់ប្រការគឺបរិសុទ្ធ យុត្តិធម៌ និងល្អ។ ការបង្រៀនអំពីព្រះគុណពិតគាំទ្រដល់ភាពល្អឥតខ្ចោះខាងសីលធម៌ គុណតម្លៃ និងគុណធម៌ដែលគាំទ្រដោយបញ្ញត្តិទាំងដប់ប្រការ។ បញ្ញត្តិទាំងដប់ប្រការមានស្តង់ដារដ៏ល្អឥតខ្ចោះ ហើយលក្ខខណ្ឌតម្រូវដ៏បរិសុទ្ធនៃបញ្ញត្តិនោះគ្មានការបត់បែនទេ ដែលគម្ពីរកាឡាទី ៣:១១ ចែងថា ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ។ ការរាប់ជាសុចរិតនៅចំពោះព្រះអាចកើតឡើងបានលុះត្រាតែមានជំនឿលើព្រះគ្រីស្ទ។
បញ្ញត្តិទាំងដប់ប្រការគឺពេញដោយសិរីល្អ។ បញ្ញត្តិទាំងដប់ប្រការ ឬច្បាប់ដ៏ល្អឥតខ្ចោះរបស់ព្រះមិនដែលជាបញ្ហាឡើយ។
បញ្ហានោះគឺជាសមត្ថភាពដែលមិនល្អឥតខ្ចោះរបស់មនុស្សក្នុងការគោរពតាមច្បាប់ដ៏ល្អឥតខ្ចោះរបស់ព្រះ។
ដោយផ្អែកលើលក្ខខណ្ឌនៃសេចក្ដីសញ្ញារបស់លោកម៉ូសេ ប្រសិនបើអ្នកគោរពតាមច្បាប់របស់ព្រះ អ្នកនឹងទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើអ្នកគោរពតាមមិនបានទេ អ្នកនឹងត្រូវបណ្តាសា ហើយនឹងត្រូវទទួលទោសប្រហារជីវិតដោយព្យួរក។
ជាក់ស្តែងនៅក្រោមសេចក្ដីសញ្ញាចាស់ គ្មានមនុស្សណាម្នាក់អាចគោរពតាមច្បាប់បានល្អឥតខ្ចោះនោះទេ។ នោះហើយជាមូលហេតុដែលភ្លាមៗបន្ទាប់ពីក្រឹត្យវិន័យត្រូវបានប្រទានមក ព្រះបានប្រទានឲ្យមានការបូជាសត្វ ដើម្បីឲ្យបណ្តាសា ការដាក់ទោស និងការកាត់ទោសប្រហារជីវិតរបស់មនុស្សអាចត្រូវផ្ទេរទៅឲ្យគោឈ្មោល ឬកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជា។ នេះជារូបភាពរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង! នៅពេលដែលយ៉ូហានបាទីស្ទបានឃើញព្រះយេស៊ូវនៅលើច្រាំងទន្លេយ័រដាន់ លោកបាននិយាយថា «នុ៎ះន៏! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ ដូច្នេះ សូម្បីតែនៅក្នុងក្រឹត្យវិន័យក៏ដោយ យើងឃើញថា ក្តីសង្ឃឹមតែមួយគត់របស់មនុស្សក្នុងការបានមេត្រីនឹងព្រះម្តងជាសូរេច គឺព្រះគ្រីស្ទ។ ការបង្រៀនអំពីព្រះគុណពិតឲ្យតម្លៃដល់ភាពល្អឥតខ្ចោះខាងសីលធម៌នៃក្រឹត្យវិន័យ ប៉ុន្តែវាក៏នឹងបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថា គ្មានមនុស្សណាម្នាក់អាចបានរាប់ជាសុចរិតដោយការគោរពតាមបទបញ្ញត្តិទាំងដប់ប្រការនោះទេ ដើម្បីឲ្យយើងឃើញពីតម្រូវការរបស់យើងដែលត្រូវការព្រះគ្រីស្ទ។
ព្រះគុណពិតនាំអ្នកឲ្យបំពេញតាមលើសពីក្រឹត្យវិន័យ
ក្នុងរយៈពេល ១៥០០ ឆ្នាំដែលរាស្ត្ររបស់ព្រះបានរស់នៅក្រោមក្រឹត្យវិន័យ គ្មានមនុស្សណាម្នាក់ (ក្រៅពីព្រះអម្ចាស់ព្រះយេស៊ូវនៃយើង) អាចស្ដាប់បង្គាប់តាមបទបញ្ញត្តិទាំងដប់ប្រការបានយ៉ាងល្អឥតខ្ចោះ ហើយត្រូវបានរាប់ជាសុចរិតនោះឡើយ។ សូមស្តាប់ដោយយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនឹងនិយាយ។ នៅក្រោមព្រះគុណ នៅពេលដែលយើងទទួលបទពិសោធពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវជាព្រះអម្ចាស់នៃយើង យើងនឹងបំពេញតាមក្រឹត្យវិន័យ! នៅក្រោមព្រះគុណពិត យើងនឹងក្លាយជាមនុស្សដែលមានភាពបរិសុទ្ធ។ ព្រះគុណបង្កើតឲ្យមានភាពបរិសុទ្ធពិតប្រាកដ! ដូចដែលសាវ័កប៉ុលបានប្រកាសយ៉ាងក្លាហានថា «សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាកិច្ចសំរេចតាមក្រិត្យវិន័យហើយ។» (រ៉ូម ១៣:១០)។
នៅពេលដែលសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវស្ថិតនៅក្នុងយើង យើងមិនអាចធ្វើអ្វីបានក្រៅពីបំពេញតាមក្រឹត្យវិន័យនោះទេ។» នៅពេលដែលចិត្តរបស់យើងពោរពេញដោយព្រះគុណ និងសេចក្តីសប្បុរសរបស់ព្រះ យើងបាត់បង់បំណងចិត្តចង់ប្រព្រឹត្តអំពើផិតក្បត់ សម្លាប់មនុស្ស ធ្វើសាក្សីក្លែងក្លាយ ឬលោភលន់។
យើងនឹងមានអំណាចដើម្បីស្រឡាញ់អ្នកជិតខាងយើងឲ្យដូចខ្លួនយើង។ តើអំណាចនេះមកពីណា? មកពីយើងចាក់ឫសយ៉ាងរឹងមាំ ហើយបានតាំងឡើងនៅក្នុងព្រះគុណរបស់ព្រះ។ យើងមានអំណាចដើម្បីស្រឡាញ់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ (សូមមើល ១ យ៉ូហាន ៤:១៩)!
ជាក់ស្តែង នៅពេលដែលរាស្ត្ររបស់ព្រះនៅក្រោមព្រះគុណ ពួកគេមិនត្រឹមតែបំពេញតាមអ្វីដែលក្រឹត្យវិន័យចែងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបំពេញតាមលើសពីនោះ ឬបំពេញតាមលើសពីកម្រិតកំណត់ទៀតផង។ ក្រឹត្យវិន័យបង្គាប់យើងកុំឲ្យប្រព្រឹត្តអំពើផិតក្បត់ ហើយមានមនុស្សដែលអាចបំពេញតាមអ្វីដែលក្រឹត្យវិន័យបានចែងយ៉ាងត្រឹមត្រូវ ហើយមើលពីសម្បកក្រៅគេមិនប្រព្រឹត្តអំពើផិតក្បត់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅខាងក្នុងចិត្តរបស់ពួកគេ ពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះប្ដី ឬប្រពន្ធរបស់ពួកគេឡើយ។ ព្រះគុណផ្លាស់ប្តូរអ្វីៗទាំងអស់នោះ។ ព្រះគុណមិនត្រឹមតែដោះស្រាយតែផ្ទៃខាងក្រៅប៉ុណ្ណោះទេ វាចូលទៅជ្រៅជាងនោះ ហើយបង្រៀនបុរសម្នាក់ឲ្យស្រឡាញ់ប្រពន្ធរបស់គាត់ ដូចព្រះគ្រីស្ទស្រឡាញ់ក្រុមជំនុំដូច្នោះដែរ។
ក្នុងរបៀបដូចគ្នាដែរ ក្រឹត្យវិន័យអាចបង្គាប់យើងកុំឲ្យលោភលន់ ប៉ុន្តែវាគ្មានសមត្ថភាពធ្វើឲ្យយើងក្លាយជាអ្នកដែលរីករាយក្នុងការឲ្យនោះទេ។ ជាថ្មីម្តងទៀត ព្រះគុណរបស់ព្រះចូលទៅជ្រៅជាងផ្ទៃសើៗខាងក្រៅ ដើម្បីផ្លាស់ប្រែចិត្តលោភលន់របស់យើងទៅជាចិត្តដែលមានសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងចិត្តសប្បុរស។ តើអ្នកចាំរឿងរបស់សាខេនៅក្នុងគម្ពីរលូកាជំពូកទី ១៩ ឬទេ? គ្មានបញ្ញត្តិណាមួយត្រូវបានប្រទានមកទេ។ យ៉ាងណាក៏ដោយ នៅពេលដែលសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងបានប៉ះពាល់ចិត្តគាត់ អ្នកទារពន្ធដែលធ្លាប់លោភលន់ និងពុករលួយបែរជាចង់ចែកទ្រព្យសម្បត្តិពាក់កណ្តាលរបស់គាត់ទៅឲ្យអ្នកក្រ ហើយសងអ្វីដែលគាត់បានលួចទៅគេវិញមួយជាបួន។ សេចក្ដីស្រឡាញ់ចំពោះលុយបានស្លាប់ទៅ នៅពេលដែលសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចូលមក។
ផ្ទុយទៅវិញ មន្រ្តីវ័យក្មេងដែលមានទ្រព្យសម្បត្តិម្នាក់នៅក្នុងគម្ពីរ លូកា ជំពូកទី១៨ បានមករកព្រះអម្ចាស់យេស៊ូវដោយអួតថាគាត់បានកាន់តាមបទបញ្ញត្តិទាំងអស់។ បុរសវ័យក្មេងម្នាក់នេះប្រហែលជារំពឹងថាព្រះយេស៊ូវនឹងសរសើរគាត់ចំពោះការកាន់តាមក្រឹត្យវិន័យរបស់គាត់ ហើយមានអារម្មណ៍ជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង។ ប៉ុន្តែ សូមកត់សម្គាល់អ្វីដែលព្រះយេស៊ូវមានបន្ទូលទៅកាន់គាត់។ ជំនួសឲ្យការសរសើរគាត់ ទ្រង់មានបន្ទូលថា «អ្នកនៅខ្វះសេចក្តីមួយទៀត» (សូមមើលលូកា ១៨:២២)។ អ្នកឃើញទេ រាល់ពេលដែលយើងអួតពីសមត្ថភាពរបស់យើងដើម្បីបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ ព្រះអម្ចាស់នឹងចង្អុលបង្ហាញឲ្យឃើញផ្នែកដែលយើងខ្វះខាត។ ទ្រង់បានប្រាប់បុរសវ័យក្មេងនោះឲ្យលក់ទ្រព្យសម្បត្តិទាំងអស់ដែលគាត់មាន ចែកទៅអ្នកក្រ ហើយដើរតាមទ្រង់។ ព្រះយេស៊ូវបានប្រទានបញ្ញត្តិដំបូងបង្អស់ដល់គាត់ «កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ» (សូម្បីតែលុយក៏ដោយ) ហើយសូមមើលថាមានអ្វីកើតឡើង។ មន្ត្រីវ័យក្មេងនោះបានដើរចេញយ៉ាងសោកសៅ។ គាត់មិនអាចលះបង់បានសូម្បីតែមួយដុល្លារ! ខ្ញុំជឿថាព្រះវិញ្ញាណបរិសុទ្ធ បានដាក់រឿងទាំងពីរនេះនៅក្បែរគ្នានៅក្នុងលូកាជំពូក ១៨ និង ១៩ ដើម្បីបង្ហាញយើងអំពីអ្វីដែលការអួតអាងអំពីក្រឹត្យវិន័យបង្កើតឲ្យមាន និងអ្វីដែលអំណាចនៃព្រះគុណឥតលក្ខខណ្ឌរបស់ព្រះអម្ចាស់បង្កើតឲ្យមាននៅក្នុងជីវិតរបស់មនុស្ស។
រីកចម្រើនពីសិរីល្អមួយទៅសិរីល្អមួយទាំងមុខទទេ
ព្រះគុណរបស់ព្រះមិនមែនប្រឆាំងនឹងក្រឹត្យវិន័យដ៏ល្អឥតខ្ចោះ និងពេញដោយសិរីល្អរបស់ព្រះនៅក្នុងបទបញ្ញត្តិទាំងដប់ប្រការនោះទេ។ ជាក់ស្តែងសាវ័កលោកប៉ុលនិយាយថា «ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ» (រ៉ូម ៧:២២)។ ទោះជាយ៉ាងណាក៏ដោយគាត់បន្តនិយាយថា «តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង» (រ៉ូម ៧:២៣)។ តើអ្នកឃើញទេ? ក្រឹត្យវិន័យរបស់ព្រះគឺបរិសុទ្ធ ត្រឹមត្រូវ និងល្អ ប៉ុន្តែវាគ្មានអំណាចធ្វើឲ្យអ្នកបរិសុទ្ធ ត្រឹមត្រូវ និងល្អនោះទេ។ សូមស្តាប់អ្វីដែលលោកប៉ុលនិយាយនៅក្នុងគម្ពីររ៉ូម ៧ ៖
ដូច្នេះ យើងនឹងថាដូចម្តេច តើក្រិត្យវិន័យជាតួបាបឬអី? ទេ មិនមែនឡើយ! ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនជាក្រិត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថាមានសេចក្ដីលោភផងឡើយ។ តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ! ប្រសិនបើគ្មានក្រឹត្យវិន័យទេ អំពើបាបនឹងមិនមានអំណាចនោះទេ… ក្រិត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្ដីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ…គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ … ដូច្នេះបញ្ហាមិនមែនស្ថិតនៅជាមួយក្រឹត្យវិន័យទេ ព្រោះវាជាកិច្ចការខាងវិញ្ញាណ និងល្អដែរ។ បញ្ហាគឺស្ថិតនៅជាមួយខ្ញុំ ព្រោះខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប។
— រ៉ូម ៧:៧–៨, ១២–១៤
យើងរៀនបានពីលោកប៉ុលថា នៅពេលដែលយើងរួមបញ្ចូលក្រឹត្យវិន័យដ៏ល្អឥតខ្ចោះរបស់ព្រះជាមួយនឹងសាច់ឈាម (គោលការណ៍នៃអំពើបាប) នោះលទ្ធផលដែលទទួលបានមិនមែនជាភាពបរិសុទ្ធទេ។ ដូចដែលលោកប៉ុលបានរៀបរាប់ វាគឺជាជីវិតមួយដែលត្រូវបានត្រួតត្រាដោយអំពើបាប ការថ្កោលទោស និងសេចក្តីស្លាប់។ គ្មានអ្វីដែលល្អស្ថិតនៅក្នុងសាច់ឈាមរបស់មនុស្សទេ ហើយដរាបណាយើងនៅក្នុងរូបកាយរមែងតែស្លាប់នេះ គោលការណ៍នៃអំពើបាបនៅក្នុងសាច់ឈាមរបស់យើងនឹងនៅបន្តមានវត្តមាន។ ប៉ុន្តែ សូមថ្វាយសិរីល្អដល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ រឿងនេះមិនចាំបាច់បញ្ចប់ដោយទុក្ខវេទនា និងភាពអស់សង្ឃឹមនោះទេ។ ដោយសារតែអ្វីដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាង យើងអាចដោះស្បៃនៃក្រឹត្យវិន័យចេញបាន ដើម្បីឲ្យយើងអាចឃើញព្រះយេស៊ូវមុខទល់មុខ និងបានទទួលការបំផ្លាស់បំប្រែពេញដោយសិរីល្អ ៖
ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត!…តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដូច្នេះពួកគេមិនអាចយល់ពីសេចក្តីពិតបានទេ។ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ… ដូច្នេះយើងទាំងអស់គ្នាដែលបានបកស្បៃនោះចេញ អាចមើលឃើញ និងឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះអម្ចាស់បាន។ ព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ធ្វើឲ្យយើងកាន់តែដូចទ្រង់ នៅពេលយើងបានទទួលការផ្លាស់ប្រែឲ្យមានលក្ខណៈពេញដោយសិរីល្អដូចជាទ្រង់។
— ២ កូរិនថូស ៣:១១, ១៤, ១៨
ព្រះបន្ទូលរបស់ព្រះបង្ហាញយ៉ាងច្បាស់ថា ក្រឹត្យវិន័យជំរុញនិស្ស័យបាបរបស់យើង ចំណែកឯព្រះគុណបង្កើតឲ្យមានភាពបរិសុទ្ធពិតប្រាកដ។ ភាពបរិសុទ្ធគឺជាការប្រែជាកាន់តែមានលក្ខណៈដូចព្រះយេស៊ូវខ្លាំងឡើង ហើយវាកើតឡើងនៅពេលដែលស្បៃនៃក្រឹត្យវិន័យត្រូវបានបកចេញ។ នៅពេលដែលស្បៃត្រូវបានបកចេញ យើងឃើញព្រះអង្គសង្គ្រោះដ៏ឧត្តមរបស់យើងមុខទល់មុខ ហើយព្រះគុណដ៏រុងរឿងរបស់ទ្រង់បំផ្លាស់បំប្រែយើងពីសិរីល្អមួយទៅសិរីល្អមួយទៀត។ ដំណឹងល្អដ៏រុងរឿងនៃព្រះគុណតែងតែបង្កើតឲ្យមានជីវិតដ៏រុងរឿង។ នៅពេលដែលយើងសម្លឹងមើលព្រះយេស៊ូវ យើងនឹងរីកចម្រើនពីសិរីល្អមួយទៅសិរីល្អមួយទៀត និងបញ្ចេញពន្លឺភ្លឺចែងចាំងជាសក្ខីភាពនៃសេចក្តីល្អ និងភាពល្អឥតខ្ចោះខាងសីលធម៌របស់ព្រះអម្ចាស់។
ព្រះគុណមិនមានន័យថាសេចក្តីសង្គ្រោះដោយស្វ័យប្រវត្តិសម្រាប់ទាំងអស់គ្នានោះទេ
នៅពេលដែលព្រះអម្ចាស់ព្រះយេស៊ូវបានសុគតនៅកាល់វ៉ារី ទ្រង់បានទទួលយកអំពើបាបរបស់មនុស្សជាតិទាំងអស់ទៅជាមួយនឹងការថ្វាយយញ្ញបូជាតែមួយរបស់ទ្រង់នៅលើឈើឆ្កាង។ ទ្រង់បានទទួលយកការជំនុំជម្រះ ការដាក់ទណ្ឌកម្ម និងការថ្កោលទោសចំពោះអំពើបាបនីមួយៗមកលើអង្គទ្រង់។ នោះគឺជាតម្លៃរបស់មនុស្សតែម្នាក់គត់ គឺព្រះយេស៊ូវ។ ទ្រង់គឺជាការបង់ថ្លៃលើសសម្រាប់អំពើបាបទាំងអស់របស់យើង។
ដូច្នេះ តើនេះមានន័យថាមនុស្សគ្រប់គ្នាបានទទួលការអត់ទោស និងបានសង្គ្រោះដោយស្វ័យប្រវត្តិមែនឬទេ?
ទេ មិនមែនឡើយ! ខណៈពេលដែលអំពើបាបរបស់មនុស្សគ្រប់គ្នាត្រូវបានបង់ថ្លៃនៅកាល់វ៉ារី បុគ្គលម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីទទួលបានការអត់ទោសចំពោះអំពើបាបទាំងអស់របស់ខ្លួន ដោយទទួលព្រះយេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ។ ការបង្រៀនណាមួយដែលគេឲ្យឈ្មោះថា «ព្រះគុណ» ដែលបង្រៀនផ្ទុយពីនេះ គឺជាការបង្រៀនអំពីព្រះគុណក្លែងក្លាយ។ គ្មានមធ្យោបាយផ្សេងទៀតដើម្បីបានសង្គ្រោះទេ លើកលែងតែតាមរយៈព្រះយេស៊ូវ និងព្រះលោហិតដែលទ្រង់បានបង្ហូរ។ សូមមើលអ្វីដែលព្រះបន្ទូលរបស់ព្រះចែង ៖
បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត។ ដ្បិតយើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់។ ពីព្រោះគម្ពីរថា «អស់អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ ហើយសាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណាដែលអំពាវនាវរកទ្រង់។ ហើយគ្រប់គ្នា «គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ»។
— រ៉ូម ១០:៩–១៣
អត្ថបទគម្ពីរមិនមានភាពចម្រូងចម្រាសអំពីរបៀបដែលមនុស្សម្នាក់ក្លាយជាអ្នកជឿដែលបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទនោះទេ។ ដើម្បីបានសង្គ្រោះ មាត់របស់អ្នកត្រូវតែប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់របស់អ្នក ហើយជឿក្នុងចិត្តរបស់អ្នកថា ព្រះបានប្រោសទ្រង់ឲ្យរស់ពីសុគតឡើងវិញ។
ដូច្នេះប្រសិនបើគ្រូបង្រៀនពី «ព្រះគុណ» ណាម្នាក់ប្រាប់អ្នកថា អ្នកមិនចាំបាច់ទទួលព្រះយេស៊ូវជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់អ្នក ដើម្បីបានសង្គ្រោះនោះទេ ពីព្រោះមាន «វិធីផ្សេងទៀត» នោះពួកគេកំពុងនិយាយមិនត្រឹមត្រូវតាមអត្ថបទគម្ពីរទេ។
ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់។ គ្មានសេចក្ដីសង្គ្រោះឡើយ ប្រសិនបើគ្មានព្រះយេស៊ូវ។ គ្មានការអត់ទោសឡើយ ប្រសិនបើគ្មានព្រះលោហិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ។ គ្មានការធានាអះអាងថាអំពើបាបរបស់យើងទាំងអស់ត្រូវបានអត់ទោសដោយគ្មានការរស់ឡើងវិញរបស់ព្រះយេស៊ូវនោះឡើយ។ មានសេចក្ដីសង្គ្រោះនៅក្នុងព្រះយេស៊ូវ ហើយមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ!
ខ្ញុំក៏ដឹងដែរថា មានគ្រូអធិប្បាយពីព្រះគុណក្លែងក្លាយមួយចំនួន ដែលបង្រៀនថា មនុស្សគ្រប់រូប សូម្បីតែមារសាតាំង និងបរិវាររបស់វា នៅថ្ងៃណាមួយក្នុងពេលអនាគតក៏នឹងបានទទួលការសង្រ្គោះដែរ។ ដោយសារតែជំនឿនេះ ពួកគេក៏បង្រៀនដែរថាឋាននរកមិនមែនជាកន្លែងពិតប្រាកដសម្រាប់ការដាក់ទោសដ៏អស់កល្បជានិច្ចនោះទេ។ មនុស្សទាំងនេះមានជំហររឹងមាំជ្រុលពេកលើសេចក្ដីស្រឡាញ់របស់ព្រះ ដោយមិនរាប់បញ្ចូលសេចក្ដីសុចរិត និងការជំនុំជម្រះរបស់ទ្រង់ ដោយបដិសេធមិនជឿអ្វីដែលអត្ថបទគម្ពីរបង្រៀនយ៉ាងច្បាស់អំពីការធ្វើទារុណកម្មដ៏អស់កល្បនៅក្នុងឋាននរកសម្រាប់អ្នកដែលមិនទាន់បានសង្គ្រោះ។ នេះមិនមែនជាដំណឹងល្អនៃព្រះគុណទេ។
តើមានតែអំពើបាបពីអតីតកាលរបស់យើងទេឬដែលបានទទួលការអត់ទោស?
ត្រលប់មកមើលការអត់ទោសបាបវិញ ដំណឹងល្អពិតប្រាប់យើងថា នៅពេលដែលយើងយាងព្រះយេស៊ូវចូលក្នុងដួងចិត្តរបស់យើង ហើយប្រកាសថាទ្រង់ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង អំពើបាបទាំងអស់របស់យើង ទាំងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល បានទទួលការអត់ទោស។ ដើម្បីយល់ពីការអត់ទោសបាបទាំងស្រុង យើងត្រូវយល់ពីតម្លៃរបស់មនុស្សដែលបានថ្វាយខ្លួនជាយញ្ញបូជានៅលើឈើឆ្កាងសម្រាប់យើង។ មានតែព្រះយេស៊ូវទេ ពីព្រោះទ្រង់ជាព្រះរាជបុត្រារបស់ព្រះដែលគ្មានបាប ទ្រង់អាចបង់ថ្លៃលោះបាបទាំងអស់របស់មនុស្សគ្រប់រូប ដែលធ្លាប់មានជីវិតរស់នៅតាមរយៈការថ្វាយខ្លួនទ្រង់ជាយញ្ញបូជាតែម្តងគត់។
ប៉ុន្តែ មានការបង្រៀនមួយចំនួនដែលលើកឡើងថា នៅពេលដែលយើងទទួលព្រះយេស៊ូវ មានតែអំពើបាបអតីតកាលរបស់យើងប៉ុណ្ណោះដែលបានទទួលការអត់ទោស។ អំពើបាបនាពេលអនាគតរបស់យើងនឹងបានទទួលការអត់ទោស នៅពេលដែលយើងសារភាពវា ហើយសុំការអត់ទោសពីព្រះ។ យើងនឹងមើលឃើញថាការនេះផ្ទុយនឹងអត្ថបទគម្ពីរ។
អេភេសូរ ១:៧ ចែងថា «ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់»។ នៅក្នុងអត្ថបទភាសាក្រិកដើម កិរិយាស័ព្ទសម្រាប់ពាក្យ «មាន» គឺជាបច្ចុប្បន្នកាលធម្មតា ដែលបង្ហាញពីសកម្មភាពយូរអង្វែង មានន័យថាយើងកំពុងទទួលបានការអត់ទោសបាបជាបន្តបន្ទាប់ រួមទាំងអំពើបាបទាំងអស់ដែលយើងនឹងប្រព្រឹត្ត។
គម្ពីរ ១ យ៉ូហាន ២:១២ ចែងថា «កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់»។ កាលសុក្រឹតក្នុងភាសាក្រិកដែលបានយកមកប្រើនៅទីនេះសម្រាប់ពាក្យ «បានទទួលការអត់ទោស» មានន័យថា ការអត់ទោសនេះគឺជាសកម្មភាពច្បាស់លាស់ដែលបានបញ្ចប់នៅក្នុងអតីតកាល ដោយមានឥទ្ធិពលបន្តរហូតដល់បច្ចុប្បន្នកាល។ នេះមានន័យថា ការអត់ទោសរបស់ព្រះមានប្រយោជន៍សម្រាប់យើងនៅក្នុងបច្ចុប្បន្នកាលរបស់យើង ហើយបន្តរហូតដល់អនាគតកាលរបស់យើង។
ខ្ញុំសូមបង្ហាញអ្នកនូវអត្ថបទគម្ពីរច្បាស់លាស់មួយទៀត ដែលចែងថា អំពើបាបរបស់យើងទាំងអស់ រួមទាំងអំពើបាបនាពេលអនាគតរបស់យើង បានទទួលការអត់ទោស ៖
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម។ នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា។ ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង។
— កូល៉ុស ២:១៣-១៤
ព្រះយេស៊ូវបានអត់ទោសបាបរបស់យើងទាំងអស់។ ពាក្យថា «ទាំងអស់» នៅក្នុងអត្ថបទគម្ពីរខាងលើ គឺជាពាក្យក្រិកថា pas ដែលមានន័យថា «គ្រប់ប្រភេទ ឬចម្រុះ… ចំនួនសរុបនៃមនុស្ស ឬវត្ថុដែលបានរៀបរាប់ខាងលើ»។ វាសំដៅទៅលើ «ទាំងអស់ ណាមួយ គ្រប់បែបយ៉ាង ទាំងមូល»។ ដូច្នេះ «ទាំងអស់» មានន័យថា ទាំងអស់។
ការអត់ទោសរបស់ព្រះចំពោះបាបយើងគ្របដណ្តប់លើអំពើបាបទាំងអស់ ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល! នៅពេលដែលយើងបានទទួលព្រះអម្ចាស់យេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើង យើងបានទទួលការអត់ទោសបាបទាំងស្រុង និងពេញលេញ។
តួនាទីរបស់យើងជាអ្នកបម្រើរបស់ព្រះ គឺត្រូវចែករំលែកដល់បងប្អូនរបស់យើងអំពីការធានាអះអាងដោយទំនុកចិត្តអំពីសេចក្ដីសង្គ្រោះ និងការអត់ទោសរបស់ពួកគេដែលមាននៅក្នុងព្រះគ្រីស្ទ។ មិនមែនបង្រៀនសារដែលច្របូកច្របល់ បន្សល់ទុកនូវគ្រោះថ្នាក់ និងភាពមិនប្រាកដប្រជានៅក្នុងចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេឆ្ងល់ថាតើពួកគេពិតជាបានទទួលការអត់ទោសឬទេ ហើយថាតើកិច្ចការរបស់ព្រះអង្គសង្គ្រោះរបស់ពួកគេនៅលើឈើឆ្កាងបានចប់សព្វគ្រប់ហើយឬនៅ។ ការធានាអះអាងពីសេចក្ដីសង្គ្រោះ និងការអត់ទោសបាបទាំងស្រុង បង្កើតបានជាមូលដ្ឋានគ្រឹះនៃដំណឹងល្អដែលយើងប្រកាស។ ខ្ញុំសូមជម្រាបបងប្អូនថា ការបើកសម្ដែងអំពីដំណឹងល្អនៃការអត់ទោសរបស់ព្រះនេះ មិននាំឲ្យមនុស្សម្នាក់រស់នៅដោយគ្មានការប្រុងប្រយ័ត្ននោះទេ។ ព្រះយេស៊ូវផ្ទាល់មានបន្ទូលថា អ្នកដែលបានទទួលការអត់ទោសច្រើននឹងស្រឡាញ់ទ្រង់ច្រើន។ អ្នកដែលបានទទួលការអត់ទោសតិចតួច (តាមពិត គ្មានវត្តមានអ្នកទាំងនោះទេ ព្រោះយើងទាំងអស់គ្នាបានទទួលការអត់ទោសច្រើន) ឬខ្ញុំគួរតែនិយាយថា អ្នកដែលគិតថាខ្លួនបានទទួលការអត់ទោសតិចតួច នឹងស្រឡាញ់ទ្រង់តិចតួចប៉ុណ្ណោះ។
ខ្ញុំអធិស្ឋានឲ្យអស់អ្នកដែលស្តាប់ការអធិប្បាយរបស់យើងអំពីដំណឹងល្អពិតនៃព្រះគុណ នឹងឮថាការអត់ទោសរបស់ព្រះពេញលេញយ៉ាងណាចំពោះអ្នកដែលនឹងទទួលព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។ វាពិតជានឹងនាំពួកគេឲ្យស្រឡាញ់ព្រះយេស៊ូវកាន់តែជ្រាលជ្រៅ ហើយបង្កើតឲ្យមានជីវិតដែលសរសើរ ថ្វាយកិត្តិយស និងសិរីល្អដល់ទ្រង់។
ចុះចំពោះការលន់តួបាបវិញនោះ?
ពេលខ្ញុំប្រកាសថា អំពើបាបរបស់យើងទាំងអស់ត្រូវបានអត់ទោស ហើយយើងស្ថិតនៅក្រោមប្រភពទឹកនៃព្រះលោហិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូជានិច្ច សំណួរមួយទៀតដែលគេតែងតែសួរខ្ញុំនោះគឺថា ចុះចំពោះការលន់តួបាបដែលបានរៀបរាប់នៅក្នុងគម្ពីរ ១ យ៉ូហាន ១:៩ វិញ? ខគម្ពីរនេះចែងយ៉ាងច្បាស់ថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។ តើយើងមិនចាំបាច់លន់តួបាបរបស់យើង ដើម្បីទទួលបានការអត់ទោស និងការសម្អាតពីគ្រប់អំពើទុច្ចរិតទាំងអស់ទេឬ?
បងប្អូនអើយ អ្នកកំពុងមើលទៅមនុស្សម្នាក់ដែលបានដើរតាមការបកស្រាយ និងការយល់ដឹងបែបបុរាណនៃខគម្ពីរនេះហើយ។ ក្នុងនាមជាយុវវ័យម្នាក់ដែលចង់រស់នៅក្នុងជីវិតដែលបរិសុទ្ធ និងគាប់ព្រះហឫទ័យព្រះ ខ្ញុំបានចាប់ផ្តើមលន់តួបាបរបស់ខ្ញុំគ្រប់ពេល នៅពេលដែលខ្ញុំបានទទួលការបង្រៀននោះ។ ខ្ញុំមិនចង់ចំណាយពេលសូម្បីតែមួយនាទីដោយគ្មាន «សន្តិភាពជាមួយនឹងព្រះ» ឡើយ។ ដូច្នេះ នៅពេលដែលមានគំនិតខុសឆ្គងតែមួយបានឆ្លងកាត់ចិត្តខ្ញុំ ខ្ញុំនឹងលន់តួបាបនោះភ្លាមៗ។ ខ្ញុំនឹងបិទមាត់ ហើយលន់តួបាបរបស់ខ្ញុំខ្សិបៗ ទោះបីជាខ្ញុំកំពុងលេងបាល់ទាត់ជាមួយមិត្តភក្តិរបស់ខ្ញុំក៏ដោយ!
មិនបាច់និយាយក៏ដឹងថាខ្ញុំមើលទៅចម្លែកក្នុងចំណោមមិត្តភក្តិរបស់ខ្ញុំដែរ។ ខ្ញុំក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាមិត្តភក្តិជាគ្រីស្ទបរិស័ទរបស់ខ្ញុំមិនលន់តួបាបរបស់ពួកគេដូចខ្ញុំ? ហេតុអ្វីពួកគេមិនច្បាស់លាស់ក្នុងការចង់មានសន្តិភាពជាមួយនឹងព្រះ ១០០% ដូច្នេះ?
ការលន់តួបាបឥតឈប់ឈររបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានស្មារតីដឹងខ្លួនថាមានអំពើបាបយ៉ាងខ្លាំង។ ខ្ញុំបានដឹងខ្លួន និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះគំនិតអវិជ្ជមាននីមួយៗ ដោយខ្ញុំជឿថាលែងមានការអត់ទោសចំពោះអំពើបាបរបស់ខ្ញុំទៀតហើយ។ ខ្ញុំថែមទាំងចាប់ផ្តើមជឿថាខ្ញុំបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយនឹងធ្លាក់ទៅឋាននរក! មារសត្រូវបានឆ្លៀតឱកាសពីការជំពាក់ចិត្តជាមួយនឹងការត្រូវការលន់តួបាបនីមួយៗរបស់ខ្ញុំ ហើយបានឃុំខ្ញុំនៅក្រោមការថ្កោលទោសឥតឈប់ឈរ។ ការគាបសង្កត់កាន់តែធ្ងន់ទៅៗ រហូតខ្ញុំមានអារម្មណ៍ថាចិត្តខ្ញុំចង់ផ្ទុះហើយ!
ខ្ញុំបានចែករំលែកយ៉ាងទូលំទូលាយជាងនេះអំពីបញ្ហាជាប់ស្ទះពីមុនរបស់ខ្ញូំជាមួយគម្ពីរ ១ យ៉ូហាន ១:៩ និងអត្ថន័យពិតប្រាកដរបស់ខគម្ពីរនេះនៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា Unmerited Favor។ ដូច្នេះ ខ្ញុំសូមផ្តល់ឲ្យអ្នកនូវការយល់ដឹងខ្លីមួយអំពីប្រធានបទនេះនៅទីនេះ ៖
- ជំពូកទីមួយនៃគម្ពីរយ៉ូហានទី១ មិនបានសរសេរទៅកាន់គ្រីស្ទបរិស័ទទេ ប៉ុន្តែទៅកាន់អ្នកជឿលើសាសនាខុសឆ្គងដែលមិនជឿថាព្រះយេស៊ូវបានយាងមកកើតជាមនុស្ស ដូច្នេះហើយទើបមានការស្វាគមន៍ខុសពីធម្មតានៅក្នុងលិខិតទីមួយនៃគម្ពីរយ៉ូហាន។ មិនមានការសួរសុខទុក្ខដល់គ្រីស្ទបរិស័ទទេ មិនដូចអ្វីដែលយើងឃើញនៅក្នុងលិខិតទីពីរ និងទីបីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ សាវ័កយ៉ូហានបានបើកលិខិតដំបូងរបស់គាត់ជាមួយនឹងសុន្ទរកថាដោយផ្ទាល់ទៅកាន់លទ្ធិខុសឆ្គងធ្ងន់ធ្ងររបស់ពួកអ្នកជឿលើសាសនាខុសឆ្គង ៖ «ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ខាងឯព្រះបន្ទូលនៃជីវិត» (១យ៉ូហាន ១:១)។ លោកយ៉ូហានកំពុងប្រាប់ពួកគេថា ព្រះយេស៊ូវពិតជាបានយាងមកកើតជាមនុស្ស ដូចដែលគាត់ និងពួកសិស្សដទៃទៀតរបស់គាត់បានឮ បានមើលឃើញ និងបានប៉ះព្រះយេស៊ូវដែរ។
- មានតែនៅក្នុងជំពូកទី២ នៃលិខិតដំបូងរបស់លោកយ៉ូហានប៉ុណ្ណោះដែលអ្នកឃើញឃ្លាថា «កូនតូចៗរាល់គ្នាអើយ» ជាលើកដំបូង ដោយបញ្ជាក់ថាចាប់ពីជំពូកនោះតទៅ សាវ័កយ៉ូហានកំពុងនិយាយទៅកាន់គ្រីស្ទបរិស័ទ។
- ពួកអ្នកជឿលើសាសនាខុសឆ្គងក៏ជឿថាពួកគេគ្មានបាបដែរ។ ដូច្នេះ សាវ័កយ៉ូហានកំពុងប្រាប់ពួកគេថា ប្រសិនបើពួកគេទទួលស្គាល់ និងលន់តួបាបរបស់ពួកគេ ព្រះនឹងអត់ទោសឲ្យពួកគេ ហើយសម្អាតពួកគេពីអំពើទុច្ចរិតទាំងអស់ (១ យ៉ូហាន ១:៨–៩)។
- គ្រីស្ទបរិស័ទដំបូងមិនទាន់មានកណ្ឌគម្ពីរយ៉ូហានទី១ ក្នុងរយៈពេលប្រហែលហាសិបឆ្នាំ ដូច្នេះការ «បានមេត្រីនឹងព្រះ» របស់ពួកគេមិនអាចកើតឡើងតាមរយៈការលន់តួបាបនោះទេ។
- សាវ័កលោកប៉ុល ដែលបានសរសេរលិខិតរពីរភាគបីទៅកាន់ក្រុមជំនុំ មិនដែលបង្រៀនអំពីការលន់តួអំពើបាបម្តងណាឡើយ។ តាមពិតទៅ នៅក្នុងលិខិតរបស់គាត់ទៅកាន់គ្រីស្ទបរិស័ទនៅក្រុងកូរិនថូស ដែលមនុស្សជាច្រើនបានប្រព្រឹត្តអំពើបាបដូចជាការទៅរកស្រីពេស្យាជាដើម គាត់មិនបានប្រាប់ពួកគេឲ្យទៅលន់តួបាបដើម្បីបានមេត្រីនឹងព្រះនោះទេ។ ផ្ទុយទៅវិញ គាត់បានរំលឹកពួកគេថាពួកគេជានរណានៅក្នុងព្រះគ្រីស្ទ «តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា?» (១ កូរិនថូស ៣:១៦)។
- ការដែលយើងមាន «សន្តិភាពជាមួយព្រះ» មិនមែនផ្អែកលើការលន់តួបាបដែលមិនឥតខ្ចោះរបស់មនុស្សដែលមិនឥតខ្ចោះនោះទេ ប៉ុន្តែផ្អែកលើព្រះគុណដ៏ហូរហៀររបស់ព្រះ និងយញ្ញបូជាដ៏ល្អឥតខ្ចោះរបស់ព្រះរាជបុត្រារបស់ទ្រង់។
- អ្នកដែលជឿថា គម្ពីរយ៉ូហានទី១ ១:៩ កំពុងប្រាប់គ្រីស្ទបរិស័ទឲ្យលន់តួបាបរបស់ពួកគេរាល់ពេលដែលពួកគេប្រព្រឹត្តអំពើបាប ត្រូវដឹងថាអំពើបាបទាំងអស់ត្រូវតែបានទទួលស្គាល់ និងបានលន់តួ (បើមិនដូច្នោះទេ ដោយផ្អែកលើខគម្ពីរនោះ មនុស្សម្នាក់នៅតែជាមនុស្សទុច្ចរិតដដែល)។ អ្នកមិនអាចជ្រើសរើសអ្វីដែលត្រូវលន់តួ ឬលន់តួតែអំពើបាបណាដែលអ្នកចងចាំនោះទេ។ ហើយក្នុងនាមជាមនុស្ស វាមិនអាចទៅរួចទេក្នុងការលន់តួបាបទាំងអស់នៅក្នុងគំនិត ពាក្យសម្ដី និងទង្វើ។
- ពាក្យថា លន់តួ នៅក្នុងគម្ពីរយ៉ូហានទី១ ១:៩ គឺជាពាក្យក្រិកថា homologeo ដែលមានន័យថា «និយាយដូចគ្នា» ឬ «យល់ស្របជាមួយ»។ ដូច្នេះការលន់តួបាបរបស់យើង គឺជាការនិយាយដូចគ្នាអំពីអំពើបាបរបស់យើងដូចដែលព្រះមានបន្ទូល ៖ ថាវាជាអំពើបាប ហើយអំពើបាបរបស់យើងបានទទួលការអត់ទោស និងលាងសម្អាតដោយព្រះលោហិតរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើង (វិវរណៈ ១:៥)។ នៅពេលដែលអ្នកបានប្រព្រឹត្តអំពើបាប ហើយដឹងថាអ្នកបានប្រព្រឹត្តអំពើបាប ការលន់តួពិតប្រាកដគឺជាការយល់ស្របនឹងព្រះបន្ទូលរបស់ព្រះ និងបង្ហាញពីការដឹងគុណរបស់អ្នកចំពោះទ្រង់សម្រាប់ការពិតអំពីការអត់ទោសរបស់អ្នកនៅក្នុងព្រះគ្រីស្ទ។
ជូនចំពោះទេវវិទូ ខ្ញុំចង់ចែករំលែកជាមួយអ្នកនូវការបើកសម្ដែងដ៏មានអានុភាពមួយ ដែលព្រះអម្ចាស់បានបើកភ្នែករបស់ខ្ញុំឲ្យមើលឃើញ។ នៅក្នុងការសិក្សារបស់ខ្ញុំ ទ្រង់បានឲ្យខ្ញុំពិនិត្យពិច័យពាក្យថា «អំពើបាប» នៅក្នុងគម្ពីរ ១ យ៉ូហាន ១:៩ ហើយមើលថាតើពាក្យនេះជានាម ឬកិរិយាសព្ទនៅក្នុងអត្ថបទភាសាក្រិកដើម។ តើអ្នកត្រៀមខ្លួនហើយឬនៅ?
ក្នុងករណីពីរដែលយើងឃើញពាក្យថា «អំពើបាប» នៅក្នុងគម្ពីរ ១ យ៉ូហាន ១:៩ គឺពាក្យថា hamartia ជានាមក្នុងភាសាក្រិកដែលត្រូវបានគេប្រើ។ យោងតាមអ្នកប្រាជ្ញខាងព្រះគម្ពីរល្បីឈ្មោះ គឺលោក William Vine ពាក្យថា hamartia («ការមិនសម្រេចបានតាមគោលដៅ») បង្ហាញពី «គោលការណ៍ ឬប្រភពនៃសកម្មភាព ឬធាតុផ្សំខាងក្នុងដែលបង្កើតជាសកម្មភាព…គោលការណ៍គ្រប់គ្រង ឬអំណាច»។ ម្យ៉ាងវិញទៀត វាសំដៅទៅលើគោលការណ៍នៃអំពើបាប ឬស្ថានភាពបាបរបស់យើងដោយសារតែអំពើបាបរបស់អ័ដាម។ ដោយការប្រើពាក្យនេះក្នុងថ្នាក់ពាក្យជានាម លោកយ៉ូហានច្បាស់ជាមិនសំដៅទៅលើការប្រព្រឹត្តអំពើបាបរបស់យើងម្នាក់ៗទេ មិនដូច្នោះគាត់មុខជាប្រើថ្នាក់ពាក្យជាកិរិយាស័ព្ទថា hamartanoជំនួសវិញមិនខាន។
ដោយពិចារណាលើចំណុចនេះ តើអ្នកអាចមើលឃើញដែរឬទេ ពីរបៀបដែលគម្ពីរ ១ យ៉ូហាន ១:៩ មិនសំដៅលើការលន់តួបាបរបស់យើងរាល់ពេលដែលយើងប្រព្រឹត្តអំពើបាបក្នុងគំនិត ឬក្នុងទង្វើ? លោកយ៉ូហានកំពុងនិយាយអំពីតម្រូវការក្នុងការទទួលស្គាល់ និងលន់តួចំពោះព្រះថា យើងជាមនុស្សមានបាបដោយសារតែអំពើបាបរបស់អ័ដាម ក៏ដូចជាទទួលបានការអត់ទោសទាំងស្រុងសម្រាប់អំពើបាបទាំងអស់របស់យើងតាមរយៈកិច្ចការរបស់ព្រះយេស៊ូវដែលបានចប់សព្វគ្រប់ហើយ។ តើយើងត្រូវធ្វើបែបនេះញឹកញាប់ប៉ុណ្ណា? តែម្តងប៉ុណ្ណោះ។
នោះហើយជាមូលហេតុដែលគម្ពីរ ១ យ៉ូហាន ១:៩ ជាខគម្ពីរអំពីសេចក្តីសង្គ្រោះជាពិសេស ដែលលើកទឹកចិត្តមនុស្សមានបាបឲ្យទទួលស្គាល់ និងសារភាពពីស្ថានភាពបាប ឬ «ភាពជាប់បាប» របស់ខ្លួន ហើយបានកើតជាថ្មីដោយជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយឲ្យស្ថានភាពបាបរបស់គាត់ដែលជាប់មកដោយសារអ័ដាមត្រូវបានជំនួសដោយស្ថានភាពសុចរិតថ្មីមួយតាមរយៈព្រះគ្រីស្ទ។ គោលលទ្ធិខុសឆ្គងរបស់ពួកអ្នកជឿសាសនាខុសឆ្គងមិនបានយល់ស្របនឹងជំនឿលើស្ថានភាពបាបរបស់មនុស្សទេ។ លោកយ៉ូហានបានថ្លែងអំពីជំនឿខុសឆ្គងនេះដោយផ្ទាល់នៅក្នុងជំពូកទីមួយនៃគម្ពីរ យ៉ូហានទី១ ហើយលើកទឹកចិត្តពួកអ្នកជឿសាសនាខុសឆ្គងឲ្យសារភាពពីស្ថានភាពបាបរបស់ពួកគេ និងទទួលបានការអត់ទោសពេញលេញពីព្រះអម្ចាស់ និងការសម្អាតទាំងស្រុងពីអំពើទុច្ចរិតទាំងអស់របស់ពួកគេតាមរយៈកិច្ចការរបស់ទ្រង់នៅលើឈើឆ្កាងដែលបានចប់សព្វគ្រប់ហើយ។
បន្ទាប់មក តើសាវ័កយ៉ូហាននិយាយអ្វីខ្លះអំពីការប្រព្រឹត្តអំពើបាបរបស់យើងបន្ទាប់ពីយើងបានក្លាយជាគ្រីស្ទបរិស័ទហើយ? គ្រាន់តែពីរខបន្ទាប់ពីនោះនៅក្នុងជំពូកទីពីរនៃគម្ពីរយ៉ូហានទី១ លោកយ៉ូហានឆ្លើយសំណួរនេះ នៅពេលដែលគាត់ចាប់ផ្តើមសុន្ទរកថារបស់គាត់ទៅកាន់គ្រីស្ទបរិស័ទថា ៖ «កូនតូចៗរាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត។ តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត» (១ យ៉ូហាន ២:១)។
លើកនេះ ពាក្យថា បាប និង អំពើបាប គឺជាពាក្យក្រិកដែលមានថ្នាក់ពាក្យជាកិរិយាសព្ទថា hamartano។ បន្ទាប់មក លោកយ៉ូហានសំដៅទៅលើការប្រព្រឹត្តអំពើបាបរបស់គ្រីស្ទបរិស័ទ ជាគំនិត និងទង្វើបាបរបស់ពួកគេ។ តើលោកយ៉ូហាននិយាយអ្វីខ្លះអំពីរឿងនេះ? គាត់រំលឹកយើងថា នៅពេលដែលយើងបរាជ័យក្នុងនាមជាគ្រីស្ទបរិស័ទ យើងមានព្រះដ៏ជាជំនួយមួយអង្គនៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ។
ដោយសារតែព្រះអម្ចាស់យេស៊ូវនៃយើង និងអ្វីដែលទ្រង់បានសម្រេចនៅលើឈើឆ្កាង យើងមានការអត់ទោស ហើយយើងនៅតែឈរដោយសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះ ទោះបីជាយើងមិនសម្រេចតាមគោលដៅក៏ដោយ។ ដូចដែលសាវ័កលោកប៉ុលបានរំលឹកដល់គ្រីស្ទបរិស័ទនៅក្រុងកូរិនថូសដែលបានបរាជ័យថា ពួកគេនៅតែជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ សាវ័កយ៉ូហានក៏បានរំលឹកយើងដែរថាយើងជានរណានៅក្នុងព្រះគ្រីស្ទ និងអ្នកណាជាតំណាងរបស់យើងនៅឯព្រះហស្តស្តាំរបស់ព្រះ។
តើអ្នកមើលឃើញឬទេថា ចម្លើយរបស់ព្រះគម្ពីរចំពោះការយកឈ្នះលើអំពើបាប គឺតែងតែជាការរំលឹកគ្រីស្ទបរិស័ទអំពីអត្តសញ្ញាណដ៏សុចរិតរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ? នេះមិនមែនដើម្បីលើកទឹកចិត្តយើងឲ្យប្រព្រឹត្តអំពើបាបនោះទេ ប៉ុន្តែដើម្បីលើកទឹកចិត្តយើងឲ្យងាកទៅរកព្រះអម្ចាស់ព្រះយេស៊ូវនៃយើង ដើម្បីមើលឃើញអំពើបាបរបស់យើងត្រូវបានដាក់ទោសនៅលើឈើឆ្កាង ហើយរស់នៅដោយជ័យជម្នះ និងដោយរុងរឿងសម្រាប់ទ្រង់។ នោះហើយជាអ្វីដែលហៅថាការកែប្រែចិត្តគំនិតពិតប្រាកដ ជាការងាកទៅរកឈើឆ្កាង ហើយត្រឡប់ទៅរកព្រះគុណរបស់ទ្រង់វិញ! នៅពេលដែលអ្នកបរាជ័យនៅថ្ងៃនេះ ចូរដឹងថាអ្នកអាចនិយាយជាមួយព្រះដោយស្មោះត្រង់អំពីការបរាជ័យរបស់អ្នកបាន ប៉ុន្តែចូរធ្វើវាជាមួយនឹងការបើកសម្ដែងអំពីឈើឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវនៃយើង។ សូមមើលអំពើបាបរបស់អ្នកត្រូវបានដាក់ទោសនៅក្នុងរូបកាយរបស់ទ្រង់ ហើយទទួលបានការអត់ទោសរបស់ទ្រង់ជាថ្មីឡើងវិញ និងព្រះគុណដែលមិនសមនឹងទទួលបានដើម្បីបានសោយរាជ្យលើអំពើបាបរបស់អ្នក។
តើយើងលន់តួបាបរបស់យើងនៅក្រោមព្រះគុណឬទេ
មានពេលមួយ កាលខ្ញុំកំពុងអធិប្បាយនៅប្រទេសអ៊ីតាលី គ្រូពេទ្យចិត្តសាស្រ្តល្បីឈ្មោះម្នាក់ដែលគេបានណែនាំឲ្យខ្ញុំស្គាល់ បានចែករំលែករឿងដ៏គួរឲ្យសោកសៅមួយជាមួយខ្ញុំ។ គាត់បានប្រាប់ខ្ញុំថា គាត់បានផ្តល់ការប្រឹក្សាយោបល់ដល់គ្រីស្ទបរិស័ទដ៏ស្មោះត្រង់ជាច្រើននាក់ដែលកំពុងរស់នៅក្នុងជីវិតដែលបរាជ័យ អ្នកខ្លះថែមទាំងស្ថិតនៅក្នុងមណ្ឌលថែទាំផ្លូវចិត្តទៀតផង ពីព្រោះពួកគេជឿថា ការបានមេត្រីនឹងព្រះគឺអាស្រ័យលើសមត្ថភាពរបស់ពួកគេក្នុងការលន់តួអំពើបាបទាំងអស់។
បងប្អូនអើយ តើអ្នកមើលឃើញថាការបង្រៀននេះមានគ្រោះថ្នាក់យ៉ាងណាទេ? បើគ្មានការធានាអះអាងពីការអត់ទោសទាំងស្រុងទេ គ្រីស្ទបរិស័ទទាំងនេះមានស្មារតីដឹងខ្លួនថាមានបាប មានបន្ទុកដោយកំហុស និងភាពអាម៉ាស់ ត្រូវមារសត្រូវថ្កោលទោស គ្មានអំណរ និងមានភាពអសន្តិសុខទាំងស្រុងអំពីសេចក្ដីសង្គ្រោះរបស់ពួកគេ។
យ៉ាងណាក៏ដោយ ការពិតគឺថា គ្រីស្ទបរិស័ទគ្រប់រូបមានការអត់ទោសទាំងស្រុងនៅក្នុងព្រះគ្រីស្ទ ដែលព្រះលោហិតដ៏អស់កល្បជានិច្ចរបស់ទ្រង់នៅតែបន្តសម្អាតពួកគេពីអំពើបាបទាំងអស់។ នៅពេលដែលពួកគេស្គាល់សេចក្ដីពិតនេះ ស្ថានសួគ៌ចូលមកក្នុងព្រលឹងរបស់ពួកគេ ដូចអ្វីដែលបានកើតឡើងចំពោះលោកស្រី Frances Havergal ដែលជាអ្នកនិពន្ធទំនុកតម្កើងដ៏ល្បីល្បាញក្នុងសតវត្សទីដប់ប្រាំបួន។ ហើយឥទ្ធិពលដែលការនេះបង្កើតឲ្យមាននៅក្នុងជីវិតរបស់ពួកគេ គឺមិនមែនជាបំណងចិត្តចង់ចេញទៅប្រព្រឹត្តអំពើបាបនោះទេ ប៉ុន្តែជាបំណងចិត្តចង់រស់នៅជីវិតដែលថ្វាយសិរីល្អដល់ព្រះអង្គសង្គ្រោះរបស់ពួកគេ។ អ្នកណាដែលដឹងថាគេត្រូវបានអត់ទោសយ៉ាងច្រើន តាមពិតគឺត្រូវបានអត់ទោសពីទោសកំហុសទាំងអស់ គេនឹងស្រឡាញ់ច្រើន (លូកា ៧:៤៧)។
យើងលន់តួបាបរបស់យើងដោយដឹងថា យើងបានទទួលការអត់ទោសរួចហើយ មិនមែនដើម្បីទទួលបានការអត់ទោសទេ។
ដូច្នេះតើលោកគ្រូ យ៉ូសែប ព្រីនស៍ ប្រឆាំងនឹងការលន់តួបាបរបស់គ្រីស្ទបរិស័ទមែនឬទេ? ខ្ញុំសូមនិយាយពីរឿងនេះឲ្យបានច្បាស់ ៖ ខ្ញុំជឿលើការលន់តួបាប ហើយខ្ញុំនៅតែលន់តួអំពើបាបរបស់ខ្ញុំ។ ប៉ុន្តែ ឥឡូវនេះមានភាពខុសគ្នាដាច់ស្រឡះ ៖ ខ្ញុំលន់តួអំពើបាបរបស់ខ្ញុំដោយដឹងថាអំពើបាបរបស់ខ្ញុំទាំងអស់បានទទួលការអត់ទោសរួចហើយ។ ខ្ញុំមិនលន់តួអំពើបាបរបស់ខ្ញុំដើម្បីទទួលបានការអត់ទោសនោះទេ។ ដោយសារតែខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ខ្ញុំអាចស្មោះត្រង់ជាមួយទ្រង់នៅពេលដែលខ្ញុំបានធ្វើខុស។ ខ្ញុំអាចនិយាយជាមួយទ្រង់អំពីវាបាន ទទួលព្រះគុណរបស់ទ្រង់សម្រាប់ចំណុចខ្សោយរបស់ខ្ញុំ ហើយបន្តទៅមុខដោយដឹងច្បាស់ថាទ្រង់បានអត់ទោសឲ្យខ្ញុំរួចហើយតាមរយៈការលះបង់របស់ព្រះរាជបុត្រារបស់ទ្រង់។ ហើយខ្ញុំលែងបារម្ភតទៅទៀតហើយអំពីរឿងដែលខ្ញុំមិនអាចលន់តួបាបទាំងអស់បាន ពីព្រោះខ្ញុំដឹងថាមិនមែនការលន់តួបាបរបស់ខ្ញុំទេដែលបានសង្រ្គោះខ្ញុំ ប៉ុន្តែជាព្រះលោហិតរបស់ព្រះយេស៊ូវទៅវិញទេ។
បងប្អូនជាទីស្រឡាញ់អើយ ការអត់ទោសរបស់យើងត្រូវបានលោះមកយ៉ាងល្អឥតខ្ចោះដោយព្រះលោហិតដ៏មានតម្លៃរបស់ព្រះអម្ចាស់យើង។ វាមិនអាស្រ័យលើថាតើយើងអាចលន់តួបាបទាំងអស់របស់យើងបានល្អឥតខ្ចោះប៉ុណ្ណានោះទេ។ តើការអត់ទោសរបស់យើងអាចអាស្រ័យលើភាពមិនប្រែប្រួល ភាពញឹកញាប់ និងគុណភាពនៃការលន់តួបាបរបស់យើងបានយ៉ាងដូចម្តេច? វាមុខជាបរាជ័យមិនខានទេ! ការអត់ទោសរបស់យើងគឺអាស្រ័យលើជំនឿរបស់យើងលើគុណភាពនៃព្រះលោហិតដែលគ្មានបាបរបស់ព្រះអម្ចាស់នៃយើង ដែលបានបង្ហូរនៅលើឈើឆ្កាង។ មានភាពខុសគ្នាដូចមេឃ និងដី រវាងមូលដ្ឋានទាំងពីរនេះសម្រាប់ការអត់ទោសរបស់យើង ហើយវានាំឲ្យមានភាពខុសគ្នាដូចមេឃ និងដីចំពោះសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់អ្នក!
អ្នកអានជាទីគោរព ព្រះគុណមិនសម្រាលអំពើបាបទេ វាគឺជាអំណាចដើម្បីរំដោះខ្លួនចេញពីអំពើបាប! ហើយនេះគឺជាសេចក្តីពិតដែលមានហើយនៃព្រះគុណ ដែលព្រះសព្វព្រះទ័យឲ្យយើងតាំងឡើង (២ ពេត្រុស ១:១២) ដែលទាក់ទងនឹងការលន់តួបាប យើងលន់តួបាបរបស់យើង ពីព្រោះយើងបានទទួលការអត់ទោសរួចហើយ មិនមែនដើម្បីទទួលបានការអត់ទោសពីព្រះទេ។ កាលណាអ្នកកាន់តែដឹងខ្លួនអំពីរបៀបដែលអ្នកបានទទួលការអត់ទោសរួចហើយនៅក្នុងព្រះគ្រីស្ទ នោះអ្នកនឹងរស់នៅកាន់តែមានជ័យជម្នះលើការបរាជ័យទាំងអស់។
ព្រះគុណពិតបង្រៀនអំពីការញែកជាបរិសុទ្ធជាលំដាប់
ឥឡូវនេះ ខ្ញុំយល់ថាមានអ្នកអធិប្បាយព្រះបន្ទូលដែលពិតជាព្រួយបារម្ភថា នៅពេលដែលសេចក្តីពិតអំពីដំណឹងល្អត្រូវបានប្រកាសបែបនោះ មនុស្សនឹងទាញយកប្រយោជន៍ពីការអត់ទោសទាំងស្រុងរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ ហើយនឹងរស់នៅជីវិតដែលមិនគាប់ព្រះហឫទ័យព្រះ។ ពួកគេព្រួយបារម្ភថា ការបង្រៀនបែបនេះមិនសង្កត់ធ្ងន់លើការញែកជាបរិសុទ្ធ ឬបំណងចិត្តក្នុងការរស់នៅជីវិតដ៏បរិសុទ្ធ និងថ្វាយសិរីល្អដល់ព្រះ។ នេះគឺជាការយល់ច្រឡំ ពីព្រោះព្រះគុណពិតបង្រៀនអំពីការញែកជាបរិសុទ្ធជាលំដាប់។
ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ខណៈពេលដែលគ្រីស្ទបរិស័ទបានរាប់ជាសុចរិតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ វាក៏ជាការពិតដែរថា ការញែកជាបរិសុទ្ធកំពុងបន្តនៅក្នុងការរីកចម្រើនជាគ្រីស្ទបរិស័ទរបស់គាត់។ នេះជាមូលហេតុដែលអ្នកនិពន្ធសៀវភៅហេព្រើរនិយាយថាយើងកំពុង «ត្រូវបានញែកជាបរិសុទ្ធ» ទោះបីជាយើង «បានគ្រប់លក្ខណ៍អស់កល្បជានិច្ច» ដោយសារទង្វើនៃការស្ដាប់បង្គាប់មួយរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងក៏ដោយ (សូមមើល ហេព្រើរ ១០:១៤)។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនអាចក្លាយជាមនុស្សសុចរិតជាងនេះទេ ប៉ុន្តែយើងអាចបានញែកជាបរិសុទ្ធ ឬបរិសុទ្ធជាងមុនក្នុងរបៀបដែលយើងរស់នៅ។
ការរាប់ជាសុចរិតដោយសារជំនឿបានកើតឡើងភ្លាមៗ។ នៅពេលដែលយើងបានទទួលព្រះយេស៊ូវ យើងបានទទួលការអត់ទោស ការសម្អាត បានគ្រប់លក្ខណ៍ក្នុងសេចក្តីសុចរិត និងបានសង្គ្រោះ។ យើងក៏បានញែកជាបរិសុទ្ធក្នុងព្រះគ្រីស្ទដែរ (សូមមើល ហេព្រើរ ១០:១០)។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ណាស់ដែលត្រូវយល់ថាការបើកសម្ដែង និងការអនុវត្តនៃការញែកជាបរិសុទ្ធរបស់យើងនៅក្នុងព្រះគ្រីស្ទ គឺជាការរីកចម្រើនជាលំដាប់។ នេះមានន័យថា កាលណាយើងកាន់តែរីកចម្រើនក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់ព្រះយេស៊ូវ នោះយើងនឹងកាន់តែបរិសុទ្ធនៅក្នុងគ្រប់វិស័យនៃជីវិតរបស់យើង។
ព្រះបន្ទូលរបស់ព្រះប្រកាសថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត» (២ ធីម៉ូថេ ៣:១៦)។ ដូច្នេះចូរប្រយ័ត្នចំពោះការបង្រៀនអំពីព្រះគុណក្លែងក្លាយណាមួយដែលនិយាយថា អាកប្បកិរិយា វិន័យ ការកែតម្រូវ និងការរស់នៅត្រឹមត្រូវមិនសំខាន់នោះទេ។ ការបើកសម្ដែងនៃការអត់ទោសមិនកាត់បន្ថយ ហើយក៏មិនលះបង់ចោលនូវការរស់នៅដោយត្រឹមត្រូវនោះដែរ។ ផ្ទុយទៅវិញ ការបើកសម្ដែងនោះគឺជាគ្រឿងបន្ថែមដែលធ្វើឲ្យការរស់នៅដោយត្រឹមត្រូវកើតមានឡើង។
វចនានុក្រម Merriam-Webster Online ពិពណ៌នាអំពីការញែកជាបរិសុទ្ធថាជា «ស្ថានភាពនៃការរីកចម្រើននៅក្នុងព្រះគុណរបស់ព្រះ ដែលជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់គ្រីស្ទបរិស័ទបន្ទាប់ពីការប្រែចិត្តជឿ»។ អ្នកឃើញទេ ទាំងអស់នេះគឺនិយាយអំពីការរីកចម្រើនក្នុងព្រះគុណ។ យើងគួរលើកទឹកចិត្តបងប្អូនរបស់យើងនៅថ្ងៃនេះ ឲ្យរៀបចំខ្លួនឡើងនៅក្នុងដំណឹងល្អនៃព្រះគុណ។ លោកប៉ុលបានប្រាប់ធីម៉ូថេឲ្យ «មានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» (២ ធីម៉ូថេ ២:១)។ លោកពេត្រុសបានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យសង់គ្រឹះដ៏រឹងមាំមួយដោយអវសានកថាទាំងនេះ នៅក្នុងលិខិតចុងក្រោយរបស់គាត់ថា ៖ «ចូរឲ្យអ្នករាល់គ្នាចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា» (២ ពេត្រុស ៣:១៨)។
ព្រះគុណពិតតែងតែបង្កើតភាពបរិសុទ្ធពិត។
កាលណាមនុស្សម្នាក់រីកចម្រើនក្នុងព្រះគុណកាន់តែច្រើន មនុស្សនោះកាន់តែត្រូវបានលាងសម្អាតម្តងហើយម្តងទៀតដោយទឹកនៃព្រះបន្ទូលនៃព្រះគុណរបស់ព្រះ មនុស្សនោះកាន់តែរីកចម្រើនក្នុងការញែកជាបរិសុទ្ធ និងភាពបរិសុទ្ធ។ នៅពេលដែលបងប្អូនរបស់យើងមានបទពិសោធពីព្រះគុណពិតរបស់ព្រះអម្ចាស់ព្រះយេស៊ូវ ការទាក់ទាញ និងការរីករាយក្នុងការប្រព្រឹត្តអំពើបាបនឹងរសាត់បាត់ទៅក្នុងពន្លឺនៃសិរីល្អ និងព្រះគុណរបស់ទ្រង់។ ហើយពួកគេចាប់ផ្តើមរស់នៅដោយមានជ័យជម្នះលើអំណាចនៃអំពើបាប។
សូមកុំខ្មាស់អៀនចំពោះដំណឹងល្អឡើយ
ខ្ញុំអធិស្ឋានឲ្យអត្ថបទនេះជួយដល់គ្រូគង្វាល គ្រូអធិប្បាយព្រះបន្ទូល និងអ្នកដឹកនាំនៅក្នុងក្រុមជំនុំ ឲ្យចាប់ផ្តើមដំណើរនៃការបែងចែកភាពខុសគ្នារវាងអ្វីដែលជាព្រះគុណពិតប្រាកដ និងអ្វីដែលជាព្រះគុណក្លែងក្លាយ។ គំនិតជាច្រើនដែលបានចែករំលែកនៅទីនេះត្រូវបានដកស្រង់ចេញពី និងគ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា Grace Revolution — Experience the Power to Live Above Defeat។ ខ្ញុំសូមអង្វរករអ្នកក្នុងនាមជាបងប្អូនក្នុងព្រះគ្រីស្ទ សូមកុំឲ្យថយចេញពីដំណឹងល្អនៃព្រះគុណដោយសារតែពាក្យចចាមអារ៉ាម ការបង្រៀនក្លែងក្លាយ ភាពចម្រូងចម្រាស និងមនុស្សមួយចំនួនតូចដែលបំពាន និងបំភ្លៃដំណឹងល្អតាមរបៀបដែលពួកគេរស់នៅ។
ដំណឹងល្អអំពីព្រះគុណគឺជាចម្លើយ។ ព្រះគុណលើកមនុស្សម្នាក់ដែលកំពុងមានបញ្ហាជាប់ស្ទះជាមួយអំពើបាបចេញពីជីវិតដែលបរាជ័យ។ ព្រះគុណមិនបង្កើតឲ្យមានភាពបរិសុទ្ធដែលបង្ហាញចេញមកខាងក្រៅបណ្ដោះអាសន្ននោះទេ ប៉ុន្តែជាភាពបរិសុទ្ធដ៏ស្ថិតស្ថេរដែលកើតចេញពីការផ្លាស់ប្រែដែលចាប់ផ្តើមនៅក្នុងចិត្តរបស់មនុស្សម្នាក់ នៅពេលដែលគាត់ជួបព្រះយេស៊ូវ។
នេះជាអ្វីដែលបានកើតឡើងចំពោះលោក Neil មកពីចក្រភពអង់គ្លេស ដែលបានសរសេរសំបុត្រទៅកាន់ព័ន្ធកិច្ចរបស់ខ្ញុំអំពីរបៀបដែលព្រះអម្ចាស់បានរំដោះគាត់ចេញពីបញ្ហាជាប់ស្ទះជាមួយនឹងការញៀនផ្លូវភេទអស់រយៈពេលសែសិបឆ្នាំ ៖
ពេលកំពុងអានសៀវភៅមួយក្បាលរបស់គ្រូ ព្រីនស៍ ខ្ញុំបានទទួលការរំដោះពីការញៀនមើលរឿងអាសអាភាសអស់រយៈពេលសែសិបឆ្នាំ។ កាលពីមុន ខ្ញុំបានព្យាយាមចាកចេញពីការញៀននេះដោយអំណាចផ្ទាល់ខ្លួន និងដោយកម្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែបរាជ័យរាល់ពេល។
ក្នុងរយៈពេលនោះ អារក្សបានប្រើការញៀននេះដើម្បីប្រមូលផ្តុំការភ័យខ្លាច កំហុស និងការថ្កោលទោសមកដាក់លើខ្ញុំ។ ការភ័យខ្លាច និងភាពអាម៉ាស់នេះបានរារាំងខ្ញុំពីការសុំជំនួយពីគ្រូគង្វាលក្នុងព្រះវិហារផ្សេងៗដែលខ្ញុំបានចូលរួមក្នុងរយៈពេលជាងសែសិបឆ្នាំមកនេះ។ ខ្ញុំថែមទាំងបានកាន់តំណែងជាអ្នកដឹកនាំនៅកន្លែងមួយចំនួនក្នុងចំណោមកន្លែងទាំងនេះទៀតផង។
ពេលខ្ញុំអានសៀវភៅនេះ ខ្ញុំបានទទួលការបើកសម្ដែងថ្មីមួយអំពីខ្ញុំជានរណានៅក្នុងព្រះគ្រីស្ទ ៖ ខ្ញុំជាសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះគ្រីស្ទយេស៊ូវ និងរបៀបដែលគ្មានការថ្កោលទោសសម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវឡើយ។ តាមរយៈការបើកសម្ដែងថ្មីនេះហើយដែលការជាប់ឃុំក្នុងការញៀននេះត្រូវបានបំបែកចេញពីជីវិតរបស់ខ្ញុំជារៀងរហូត។
ឥឡូវនេះ ខ្ញុំពាក់ចិញ្ចៀនមួយវង់ដើម្បីរំលឹកខ្លួនឯងថាខ្ញុំជាមនុស្សសុចរិត។ រាល់ពេលដែលអារក្សព្យាយាមល្បួងខ្ញុំឲ្យមើលរឿងអាសអាភាស ខ្ញុំគ្រាន់តែត្រូវក្រឡេកមើលចិញ្ចៀនដើម្បីរំលឹកខ្លួនឯងថាខ្ញុំជាសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះគ្រីស្ទ ហើយការល្បួងនោះបាត់បង់ការគ្រប់គ្រងលើខ្ញុំទាំងស្រុង។
នេះជាអំណាចនៃដំណឹងល្អ។ ជីវិតដ៏មានតម្លៃដូចជាជីវិតរបស់លោកនីល កំពុងទទួលបានការប៉ះពាល់ ផ្លាស់ប្តូរ និងផ្លាស់ប្រែដោយសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ព្រះយេស៊ូវនៃយើង។ តួនាទីរបស់យើងក្នុងនាមជាអ្នកអធិប្បាយព្រះបន្ទូលដែលបានទទួលដំណឹងល្អ គឺមិនត្រូវដកថយពីសេចក្ដីពិតនោះទេ ប៉ុន្តែត្រូវសិក្សាព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម បែងចែកព្រះបន្ទូលរបស់ទ្រង់ឲ្យបានត្រឹមត្រូវ និងប្រកាសសេចក្ដីពិតរបស់ទ្រង់ដោយក្តីក្លាហាន ជាមួយនឹងភាពច្បាស់លាស់ និងសេចក្ដីស្រឡាញ់ទាំងស្រុង។ យើងមិនត្រូវខ្មាសអៀនចំពោះដំណឹងល្អឡើយ។ ដូចដែលលោកសាវ័កប៉ុលបានប្រកាសដោយគ្មានមន្ទិលថា «ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ …ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា “មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ” (រ៉ូម ១:១៦-១៧)។ ដំណឹងល្អមិនមែននិយាយអំពីភាពសុចរិតរបស់យើងទេ ប៉ុន្តែជាសេចក្ដីសុចរិតរបស់ព្រះដែលបានប្រទានជាអំណោយដល់អ្នកដែលដាក់ជំនឿរបស់ពួកគេលើព្រះយេស៊ូវជាព្រះអម្ចាស់របស់យើង។
ប្រហែលជាយើងមិនបាននាំគេឲ្យក្លាយជាសិស្សដល់កម្រិតមួយដែលយើងគួរធ្វើនោះទេ ពីព្រោះយើងបានបង្ហាញពីដំណឹងល្អរបស់ព្រះគ្រីស្ទបូករួមជាមួយនឹងកិច្ចការរបស់យើង ទោះបីជាយើងធ្វើវាដោយអចេតនាក្នុងករណីជាច្រើនក៏ដោយ។ ការធ្វើអំពើល្អគឺជាភស្តុតាងនៃសេចក្ដីសង្គ្រោះ ប៉ុន្តែវាពិតជាមិនមែនជាលក្ខខណ្ឌដើម្បីបានសេចក្ដីសង្គ្រោះនោះទេ។ គឺនៅពេលដែលយើងដឹងថាយើងត្រូវបានសង្គ្រោះដោយសារព្រះគុណតាមរយៈជំនឿ ទើបភាពល្អឥតខ្ចោះខាងសីលធម៌កើតឡើង។ វាមិនកើតឡើងតាមរបៀបផ្សេងឡើយ។ ខ្ញុំដឹងពីហេតុផលតែមួយគត់ដែលធ្វើឲ្យទីបន្ទាល់អំពីជីវិតដ៏មានតម្លៃដែលបានទទួលការរំដោះចេញពីអំពើបាប ការញៀន និងចំណងគ្រប់ប្រភេទ មានចំនួនច្រើនសន្ធឹកនៅក្នុងការិយាល័យព័ន្ធកិច្ចរបស់យើងជារៀងរាល់សប្តាហ៍ នោះគឺដោយសារដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទកំពុងត្រូវបានប្រកាស។ សូមឲ្យយើងទាំងអស់គ្នាក្លាយជាអ្នកនាំសារដ៏ត្រឹមត្រូវអំពីដំណឹងល្អពិតអំពីព្រះគុណដែលផ្លាស់ប្តូរជីវិត!
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សេចក្ដីសុចរិតជាអំណោយ
អ្នកមិនអាចទទួលបានព្រះពរពីព្រះតាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ១/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...