សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចែករំលែកតាមរយៈ
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជារៀងរាល់ថ្ងៃ! ក្នុងអត្ថបទដែលមានបីភាគនេះ គ្រូគង្វាល យ៉ូសែប ព្រីនស៍ នឹងបង្ហាញអ្នកពីហេតុផលដែលអ្នកអាចបន្តទុកចិត្តលើព្រះសម្រាប់ការទម្លុះទម្លាយរបស់អ្នក។ សូមទទួលយកការលើកទឹកចិត្តនៅពេលអ្នកចាប់ផ្តើមវគ្គសិក្សានេះ ដើម្បីទទួលបានបទពិសោធអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះអ្នក!
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានការងារធ្វើ។ ខ្ញុំពិតជាត្រូវការការងារណាស់។
ខ្ញុំសង្ឃឹមថាកូនស្រីរបស់ខ្ញុំនឹងបានទទួលឲ្យចូលរៀននៅសាលារៀននេះ។ ព្រោះជាសាលាដ៏ល្អជាងគេក្នុងតំបន់នេះ។
ខ្ញុំពិតជាសង្ឃឹមថាស្ថានភាពដែលខ្ញុំកំពុងជួប នឹងបានប្រសើរឡើង និងមិនកាន់តែអាក្រក់ឡើយ។
ខ្ញុំបានឮមនុស្សជាច្រើនស្រដីចេញមកនូវអារម្មណ៍ទាំងនេះ និងពាក្យបែបនេះផ្សេងៗទៀតជាច្រើន ដោយបង្កប់នូវអារម្មណ៍អស់សង្ឃឹមថា អ្វីដែលពួកគេចង់ឃើញនឹងមិនអាចកើតឡើងនោះឡើយ។ ជាទូទៅ ការបង្ហាញសេចក្តីសង្ឃឹមរបស់ពួកគេមានលាយឡំជាមួយនឹងការបាក់ទឹកចិត្ត និងការព្រួយបារម្ភអំពីលទ្ធផលផ្ទុយពីការរំពឹងទុកនោះវិញ។
តើយើងអាចមានសេចក្តីសង្ឃឹមមួយ ដែលមិនពឹងផ្អែកលើភាពចៃដន្យ ឬឥទ្ធិពលខាងក្រៅ ឬក៏លើអារម្មណ៍ និងការប្រែប្រួលមិនទៀងទាត់របស់មនុស្សដោយរបៀបណា? តើយើងអាចមានសេចក្តីសង្ឃឹមដែលមិនរងផលប៉ះពាល់ដោយកំហុសដែលយើងបានសាង ឬពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពមានដែនកំណត់របស់យើងបានដោយរបៀបណា?
មិត្តអើយ ខ្ញុំចង់ណែនាំអ្នកអំពីអ្វីដែលខ្ញុំហៅថា «សេចក្តីសង្ឃឹមក្នុងព្រះគម្ពីរ» ជាប្រភេទនៃសេចក្តីសង្ឃឹមដែលមិនធ្វើឲ្យអ្នកខកចិត្ត ឬលេងសើចជាមួយអ្នកឡើយ។
ហេតុអ្វីបានជាច្បាស់ និងប្រាកដយ៉ាងនេះ? ព្រោះសេចក្ដីសង្ឃឹមនេះត្រូវបានបោះភ្ជាប់នឹងយុថ្កាម្យ៉ាងដែលមិនផ្លាស់ប្ដូរ មិនរង្គោះរង្គើ និងគួរឲ្យទុកចិត្តទាំងស្រុង ជាសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងកិច្ចការដែលទ្រង់បានបញ្ចប់នៅកាល់វ៉ារី។
ខ្ញុំអធិស្ឋានសូមឲ្យអ្នកទទួលបានការយល់ដឹងដ៏ជ្រាលជ្រៅនៅក្នុងចិត្តអ្នកថ្ងៃនេះថា ៖ គ្មានអ្វីអាចបំបែកអ្នកចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយ។ គ្មានអ្វីអាចបំផ្លាញកិច្ចការដែលទ្រង់បានសម្រេចនោះទេ។ ប្រសិនបើមានបុគ្គលម្នាក់ដែលអ្នកអាចទុកចិត្តបានមួយរយភាគរយគ្រប់ពេលវេលា ជាម្នាក់ដែលនឹងមិនធ្វើឲ្យអ្នកខកចិត្តម្ដងណាសោះ បុគ្គលនោះជាព្រះគ្រីស្ទយេស៊ូវហ្នឹងហើយ។ នៅពេលដែលអ្នកសង្ឃឹមលើទ្រង់ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក សេចក្ដីសង្ឃឹមនោះនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ!
សេចក្ដីសង្ឃឹមរបស់ម្ដាយម្នាក់បានក្លាយជាការពិត
អ្នកនាង អានីតា ជាម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯង រស់នៅក្នុងរដ្ឋវើជីនៀ សហរដ្ឋអាមេរិក ជាមួយកូនជំទង់ពីរនាក់របស់គាត់ បានចែករំលែកទីបន្ទាល់ជាមួយខ្ញុំ អំពីការមានសេចក្ដីសង្ឃឹមប្រភេទនេះនៅក្នុងខ្លួន ដែលបានផ្ដល់កម្លាំងដល់នាងក្នុងការរង់ចាំការទម្លុះទម្លាយមួយ។
បន្ទាប់ពីត្រូវបានបញ្ឈប់ពីតំណែងការងារជាអ្នកត្រួតពិនិត្យផលិតកម្មនៅក្នុងរោងចក្រផលិតមួយកន្លែង អ្នកនាង អានីតា បានប្រឈមមុខនឹងភាពតានតឹងផ្នែកថវិកាដ៏លំបាក។ នាងមិនអាចបង់ថ្លៃចំណាយក្នុងផ្ទះទាន់ពេលវេលា និងមានអាហារគ្រប់គ្រាន់សម្រាប់គ្រួសារឡើយ លុះត្រាតែមានការងារដែលមានប្រាក់ខែសមរម្យផ្ដល់ឲ្យនាង។ ដោយបដិសេធមិនព្រមទទួលយកការភ័យខ្លាច និងគំនិតអវិជ្ជមានក្នុងអំឡុងពេលគ្មានការងារធ្វើ អ្នកនាង អានីតា បានជ្រើសរើសងាកទៅរកព្រះអម្ចាស់ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រមទាំងព្រះបន្ទូលសន្យាដ៏អស្ចារ្យរបស់ទ្រង់សម្រាប់នាងដែលមាននៅក្នុងព្រះបន្ទូល។ នាងបានផ្ដោតអារម្មណ៍ទៅលើព្រះគុណរបស់ទ្រង់ នៅពេលដែលនាងស្ដាប់សេចក្ដីអធិប្បាយរបស់ខ្ញុំជាប់ជានិច្ច នាងចាក់ស្ដាប់សូម្បីតែពេលនាងកំពុងដេកលក់ក៏ដោយ!
ដោយពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះនាង នាងបានអធិស្ឋានសុំព្រះសម្រាប់ការងារក្នុងក្តីស្រមៃរបស់នាង ក្នុងតំណែងជាអ្នកគ្រប់គ្រងធនធានមនុស្ស។
នាងបានប្រាប់ខ្ញុំអំពីរបៀបដែល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈពេលដែលនាងរង់ចាំការងារ ភាពប្រាកដចិត្ត និងទំនុកចិត្តដ៏ខ្លាំងបានការពារចិត្តរបស់នាង។
សេចក្តីសង្ឃឹមរបស់នាងនៅក្នុងព្រះអម្ចាស់ ថាទ្រង់នឹងផ្គត់ផ្គង់អ្វីដែលនាង និងក្រុមគ្រួសាររបស់នាងត្រូវការនោះពិតជាខ្លាំងក្លាណាស់។ នៅពេលដែលមានមនុស្សសួរ នាងគ្រាន់តែប្រាប់ពួកគេដោយភាពប្រាកដចិត្តថា អ្វីៗនឹងល្អប្រសើរ។
តើអ្វីទៅដែលរក្សាសេចក្តីសង្ឃឹមបែបនេះឲ្យនៅរស់រវើកនៅក្នុងចិត្តនាង ហើយតើវានឹងមានលទ្ធផលយ៉ាងណា? ខ្ញុំនឹងសុំឲ្យអ្នកនាង អានីតា ប្រាប់អ្នកដោយពាក្យរបស់នាងផ្ទាល់ ៖
នៅពេលដែលខ្ញុំបានស្តាប់សេចក្ដីអធិប្បាយ សេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅស្ថានសួគ៌ និងព្រះយេស៊ូវនៃខ្ញុំ បានក្លាយជាការពិតនៅក្នុងចិត្តរបស់ខ្ញុំ ដែលខ្ញុំគ្រាន់តែដឹងថាអ្វីៗនឹងល្អប្រសើរ។ នៅពេលដល់ថ្ងៃដែលត្រូវបង់ថ្លៃចំណាយ ខ្ញុំនឹងឮព្រះអម្ចាស់ប្រាប់ខ្ញុំថា «កុំគិតអំពីថ្ងៃស្អែកឡើយ ព្រះគុណរបស់យើងគ្រប់គ្រាន់សម្រាប់អ្នកហើយ»។ ពិតណាស់ អ្វីៗតែងតែដំណើរការទៅដោយរលូន។
បន្ទាប់ពីដប់ខែនៃការរង់ចាំ នាយកប្រតិបត្តិនៃអង្គការមួយបានទូរស័ព្ទមកខ្ញុំ។ នាងបានប្រាប់ខ្ញុំថា នាងកំពុងពិនិត្យឯកសារក្នុងថតតុរបស់អតីតអ្នកគ្រប់គ្រងធនធានមនុស្ស ហើយបានឃើញប្រវត្តិរូបសង្ខេបរបស់ខ្ញុំ ហើយមានបំណងចង់ធ្វើការសម្ភាសខ្ញុំ។ នៅកន្លែងសម្ភាស នាងបានទទួលយកខ្ញុំភ្លាមៗនៅហ្នឹងកន្លែង! នៅពេលដែលខ្ញុំប្រាប់នាងអំពីប្រាក់ខែដែលខ្ញុំរំពឹងទុក នាងបានឆ្លើយតបដោយនិយាយថា នាងនឹងផ្តល់ឲ្យខ្ញុំលើសពីចំនួនដែលខ្ញុំចង់បាន។ សូមសរសើរតម្កើងព្រះអម្ចាស់។ ឥឡូវនេះ ខ្ញុំមានការងារធ្វើ ជាមួយការងារក្នុងក្ដីស្រមៃរបស់ខ្ញុំ ហើយខ្ញុំដឹងថាព្រះអម្ចាស់បានចាត់ខ្ញុំមកទីនេះ។ វាពិតជាអស្ចារ្យណាស់!
ពិតជាទីបន្ទាល់ដែលលើកទឹកចិត្តមែន! សេចក្តីសង្ឃឹមដ៏មុតមាំដែលអ្នកនាង អានីតា បានឆ្លងកាត់ បានការពារចិត្តរបស់នាងពីការភ័យខ្លាច និងការថប់បារម្ភដែលរួបរឹតនាង ព្រមទាំងការពារនាងពីការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលមិនល្អ ក្នុងអំឡុងពេលដែលនាងគ្មានការងារធ្វើនោះ។
សេចក្តីសង្ឃឹមរបស់នាងមិនរង្គោះរង្គើឡើយ ព្រោះតែនាងដឹងថាព្រះអម្ចាស់ស្រឡាញ់នាងប៉ុណ្ណា។ ហើយនាងក៏មិនខកចិត្តដែរ។
ព្រះអម្ចាស់មិនដែលខកខានក្នុងការផ្គត់ផ្គង់តម្រូវការគ្រួសាររបស់នាងទេ នៅពេលដែលតម្រូវការនោះមកដល់។ ហើយទ្រង់មិនត្រឹមតែឆ្លើយតបការអធិស្ឋានរបស់នាង និងប្រទានការងារក្នុងក្តីស្រមៃដល់នាងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានប្រទានប្រាក់ខែខ្ពស់ជាងការរំពឹងទុកដល់នាងផងដែរ។
សេចក្តីសង្ឃឹមដែលបានបោះភ្ជាប់ទៅនឹងយុថ្កានៃសេចក្ដីស្រឡាញ់របស់ព្រះ
មិត្តអើយ នេះជាប្រភេទនៃសេចក្តីសង្ឃឹមដែលខ្ញុំចង់ឲ្យអ្នកមាន។ សេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរគឺជាការរំពឹងទុកដ៏មុតមាំ រីករាយ និងមានទំនុកចិត្តអំពីការល្អដែលកើតឡើងចំពោះអស់អ្នកដែលពឹងផ្អែកលើព្រះបន្ទូលដែលមិនប្រែប្រួលរបស់ព្រះ មិនមែនជាពាក្យសន្យាដែលប្រែប្រួលរបស់មនុស្សនោះទេ។ នោះជាសេចក្ដីសង្ឃឹមដែលបោះភ្ជាប់ទៅនឹងយុថ្កានៃសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះអម្ចាស់នៃយើង មិនមែនចងភ្ជាប់ទៅនឹងសេចក្ដីស្រឡាញ់ ឬសមត្ថភាពមិនល្អឥតខ្ចោះរបស់មនុស្សនោះទេ។ ជាសេចក្ដីសង្ឃឹមដែលសង់លើគ្រឹះដ៏រឹងមាំ និងមិនរង្គោះរង្គើ គឺជាកិច្ចការដែលបានបញ្ចប់របស់ព្រះគ្រីស្ទ។
នេះជាមូលហេតុដែល រ៉ូម ៥:៥ ចែងថា «សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង។»។ សេចក្ដីស្រឡាញ់របស់ទ្រង់គឺជាការធានាចំពោះសេចក្ដីសង្ឃឹមរបស់យើង។ មូលហេតុដែលអ្នក និងខ្ញុំអាច «ដឹងថា» ជាជាងគ្រាន់តែ «សង្ឃឹមថា» រឿងល្អៗនឹងកើតឡើងចំពោះយើង ព្រោះតែព្រះទ្រង់ស្រឡាញ់យើង! ហើយទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់នេះនៅលើឈើឆ្កាង នៅពេលដែលទ្រង់បានលះបង់ព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ ដើម្បីសុគតជំនួសអំពើបាបរបស់យើង។ ប្រសិនបើព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រាយ៉ាងណាដែរ (សូមមើល រ៉ូម ៨:៣២)?
បងប្អូនជាទីស្រឡាញ់អើយ ព្រះមិនចង់ឲ្យអ្នកឆ្លងកាត់ព្យុះភ្លៀងនៃជីវិត ដោយមានឥរិយាបថនៃក្ដីសង្ឃឹមដែលមិនច្បាស់លាស់ ស្រពិចស្រពឹល ហើយត្រូវបានបោកបក់ដោយភាពមិនប្រាកដប្រជា ការខ្វល់ខ្វាយ និងការភ័យខ្លាចឡើយ។
ទេ ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់ ទ្រង់ចង់ឲ្យព្រលឹងរបស់អ្នកមានស្ថិរភាព និងនៅជាប់ជាមួយសេចក្តីសង្ឃឹមក្នុងព្រះគម្ពីរ ជាការរំពឹងទុកដ៏ជឿជាក់ និងវិជ្ជមាន សម្រាប់ការល្អពីទ្រង់ ដែលមិនធ្វើឲ្យអ្នកខកចិត្តឡើយ។ ទ្រង់ចង់ឲ្យអ្នករីករាយនឹងក្តីសង្ឃឹមដែលប្រាកដប្រជា និងរឹងមាំ ដែលនាំអ្នកឆ្លងកាត់ទុក្ខលំបាកគ្រប់យ៉ាងដើម្បីឆ្ពោះទៅរកការទម្លុះទម្លាយ និងជ័យជម្នះដ៏អស្ចារ្យ។
ដូច្នេះ ខ្ញុំចង់លើកទឹកចិត្តអ្នកនៅថ្ងៃនេះ ឲ្យសង្ឃឹមលើព្រះអម្ចាស់ សេចក្តីស្រឡាញ់របស់ទ្រង់ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នកតាមរយៈឈើឆ្កាង។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុមួយចំនួន ខ្ញុំចង់ឲ្យអ្នកប្ដូរពីការនិយាយថា «ស្ថានការណ៍គ្រប់យ៉ាងគឺអាក្រក់ ហើយខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនឹងអាចឆ្លងផុត» ទៅជានិយាយថា «ខ្ញុំមានទំនុកចិត្តថាស្ថានភាពនឹងប្រែជាល្អ ហើយខ្ញុំនឹងមានបរិបូរ ព្រោះព្រះយេស៊ូវស្រឡាញ់ខ្ញុំ!» សេចក្តីសង្ឃឹមក្នុងព្រះគម្ពីរនឹងផ្តល់ឲ្យអ្នកនូវទំនុកចិត្តក្នុងការជឿ និងនិយាយបែបនេះ។
មិត្តអើយ! អ្នកអាចរស់នៅជារៀងរាល់ថ្ងៃជាមួយនឹងការរំពឹងទុកដ៏ជឿជាក់ចំពោះសេចក្តីល្អដែលកើតឡើងចំពោះអ្នក ព្រោះថាអ្នកមិនដូចជាមនុស្សនៃលោកិយទេ ៖ អ្នកជាកូនរបស់ព្រះដ៏ខ្ពស់បំផុត។ អ្នកមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមើលថែអ្នកដោយយកព្រះហឫទ័យទុកដាក់ ស្រឡាញ់អ្នកយ៉ាងជ្រាលជ្រៅ ពេញចិត្តអ្នកយ៉ាងខ្លាំង ហើយគ្មានអ្វីក្រៅពីផែនការល្អសម្រាប់ជីវិតរបស់អ្នកទេ!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...