ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ២/៣)
ចែករំលែកតាមរយៈ
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអាចរកព្រះគុណដ៏បរិបូរហូរហៀររបស់ព្រះសម្រាប់អ្នកបាន ដើម្បីបំផ្លាស់បំប្រែអ្នក ឬស្ថានភាពរបស់អ្នកហួសពីអ្វីដែលអ្នកអាចស្រមៃដល់។ នៅក្នុងអត្ថបទជាស៊េរីដែលមានបីភាគនេះ លោកគ្រូយ៉ូសែប ព្រីនស៍ បង្ហាញអ្នកពីមូលហេតុដែលបំណងព្រះហឫទ័យព្រះនៅតែផ្គត់ផ្គង់ព្រះគុណរបស់ទ្រង់ដល់អ្នក ទោះបីជាអ្នកបានបរាជ័យក៏ដោយ និងរបៀបដែលអ្នកអាចទទួលបានព្រះគុណនោះ។ សូមស្វែងយល់ផងដែរអំពីរបៀបដែលព្រះនៅតែអាចប្រើអ្នកសម្រាប់សិរីល្អរបស់ទ្រង់បាន ទោះបីជាអ្នកធ្លាប់មានកំហុសពីអតីតកាលក៏ដោយ។
ព្រះប្រើមនុស្សដែលលោកីយនេះចាត់ទុកថាគ្មានប្រយោជន៍
មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នាដឹងថា ខ្ញុំជាមនុស្សនិយាយត្រដិតកាលនៅរៀនវិទ្យាល័យ។ នៅក្នុងថ្នាក់រៀន គ្រូបង្រៀនម្នាក់តែងតែឲ្យខ្ញុំក្រោកឈរ ហើយឡើងអាន ដើម្បីបានសើចសប្បាយពេលស្តាប់ខ្ញុំនិយាយត្រដិត ៖ «ភ្លៀង ភ្លៀង ភ្លៀង ធ្លាក់…ប្រចាំ ឆ្នាំ…ប្រចាំ ឆ្នាំ…ភ្លៀង ធ្លាក់…ធ្លាក់…នៅប្រទេសប្រេស៊ីល…»។ មនុស្សគ្រប់គ្នានឹងសើចចំអកឲ្យខ្ញុំ ហើយខ្ញុំខ្មាសគេរហូតដល់ក្រហមស្លឹកត្រចៀក។ ហើយកាលណាខ្ញុំកាន់តែព្យាយាមនិយាយធម្មតា វាកាន់តែអាក្រក់ទៅៗ។
ខ្ញុំមិនបានដឹងទាល់តែសោះថា ព្រះបានស្រាយព្រះគុណរបស់ទ្រង់យ៉ាងបរិបូរហូរហៀរនៅក្នុងផ្នែកដែលជាចំណុចខ្សោយរបស់ខ្ញុំ។ ខ្ញុំចង់មានន័យថា ព្រះគុណរបស់ទ្រង់មិនត្រឹមធ្វើឲ្យខ្ញុំឈប់និយាយត្រដិតប៉ុណ្ណោះទេ។ ទេ វាពិតជាច្រើនក្រាស់ក្រែលណាស់ ដែលវាបានប្រែក្លាយខ្ញុំទៅជាគ្រូអធិប្បាយម្នាក់ដែលមិនអាចឈប់និយាយអំពីព្រះយេស៊ូវបាន!
ការនិយាយត្រដិតរបស់ខ្ញុំគ្រាន់តែជាការប៉ុនប៉ងរបស់មារសត្រូវក្នុងការបញ្ឈប់អ្វីដែលព្រះបានចាប់ផ្តើមរួចហើយនៅក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចមើលឃើញអ្វីដែលព្រះបានចាប់ផ្តើមរួចហើយនៅក្នុងផ្នែកដែលជាចំណុចខ្សោយរបស់ខ្ញុំ ខ្ញុំនឹងមិនបាក់ទឹកចិត្ត និងមានការខ្មាសអៀនខ្លាំងបែបនេះទេ។ អ្នកប្រហែលជាធ្លាប់ឮខ្ញុំនិយាយហើយថា ខ្ញុំកើតមកដើម្បីអធិប្បាយអំពីការសម្រាក និងព្រះគុណរបស់ព្រះ។ ឥឡូវនេះខ្ញុំដឹងហើយថា ព្រះគុណរបស់ទ្រង់បានប្រទានមកខ្ញុំយ៉ាងបរិបូរ សូម្បីតែពេលខ្ញុំនៅក្នុងផ្ទៃម្តាយរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានទទួលការត្រាស់ហៅឲ្យអធិប្យាយមុនពេលខ្ញុំកើតមកទៅទៀត!
បញ្ហារបស់អ្នកកាន់តែធំ ព្រះគុណរបស់ទ្រង់កាន់តែធំនៅក្នុងផ្នែកនោះ ដើម្បីបំផ្លាស់បំប្រែវាសម្រាប់សិរីល្អរបស់ទ្រង់។
បងប្អូនអើយ នៅក្នុងផ្នែកដែលជាចំណុចខ្សោយរបស់អ្នក ព្រះអម្ចាស់បានប្រទានដល់អ្នកនូវព្រះគុណដ៏លើសលប់របស់ទ្រង់រួចហើយ។ បញ្ហារបស់អ្នកកាន់តែធំ ព្រះគុណរបស់ទ្រង់កាន់តែធំនៅក្នុងផ្នែកនោះ ដើម្បីបំផ្លាស់បំប្រែវាសម្រាប់សិរីល្អរបស់ទ្រង់។ ឥឡូវនេះ ប្រហែលជាអ្នកកំពុងជួបប្រទះបញ្ហាធំៗជាមួយកូនដែលមានវ័យជំទង់របស់អ្នកដែលមិនស្តាប់បង្គាប់។ និយាយទៅសូមកុំគ្រាន់តែរំពឹងថាពួកគេគ្រាន់តែស្ដាប់បង្គាប់អ្នកច្រើនជាងនេះឡើយ។ ចូររំពឹងថាកូននេះក៏នឹងមានចិត្តឆេះឆួលសម្រាប់ព្រះយេស៊ូវដែរ។ ចូររំពឹងថាកូននេះក៏នឹងធំឡើងជាមនុស្សជោគជ័យ ជាប្តី ឬប្រពន្ធដែលមានក្តីស្រឡាញ់ និងឪពុកម្តាយដែលមានការទទួលខុសត្រូវ ពោរពេញដោយប្រាជ្ញារបស់ព្រះអម្ចាស់!
ដូច្នេះចូរជឿថាព្រះគុណ ឬក្តីមេត្តាដ៏បរិបូរហូរហៀររបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងស្ថានភាពរបស់អ្នករួចហើយ ដើម្បីធ្វើសម្រាប់អ្នកហួសសន្ធឹកលើសអ្វីទាំងអស់ដែលអ្នកសូម ឬគិត (អេភេសូរ ៣:២០)។ ចូរមានស្មារតីដឹងខ្លួនចំពោះព្រះគុណនេះជារៀងរាល់ថ្ងៃ។ ចូរបន្តការលន់តួ។ ចូរបន្តរំពឹងថានឹងទទួលបានអ្វីដែលល្អបំផុតចេញពីស្ថានភាពដែលហាក់ដូចជាគ្មានសង្ឃឹមរបស់អ្នក។ វាអាចនឹងមិនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់អ្នករួចហើយ។ ទ្រង់កំពុងផ្គុំអ្វីៗទាំងអស់ចូលគ្នាឡើង ទៅជាស្នាដៃដ៏អស្ចារ្យដ៏ស្រស់ស្អាតមួយ។ ដូច្នេះ សូមកុំមើលពីភាពអវិជ្ជមាន ហើយមើលដោយភ្នែកនៃជំនឿពីសេចក្តីល្អដែលព្រះអម្ចាស់កំពុងធ្វើរួចហើយនៅក្នុងជីវិតរបស់អ្នក!
ព្រះនៅតែអាចប្រើអ្នកបាន
ប្រសិនបើមាននរណាម្នាក់បានប្រាប់ខ្ញុំកាលពីខ្ញុំនៅវ័យជំទង់ថា ថ្ងៃណាមួយខ្ញុំនឹងអធិប្បាយទៅកាន់មនុស្សរាប់ពាន់នាក់ ហើយនឹងមានព័ន្ធកិច្ចតាមទូរទស្សន៍ដ៏ជោគជ័យមួយ ខ្ញុំមុខជាគិតថាគាត់នោះឆ្កួតមិនខាន។ តើព្រះអាចប្រើមនុស្សដែលនិយាយត្រដិតម្តេចនឹងកើតទៅ? បើទ្រង់ជ្រើសរើសនរណាម្នាក់ដែលពូកែវោហារ និងមិនអៀនច្រើន មិនប្រសើរជាងទេឬ?
ចូរចងចាំជានិច្ចថា កន្លែងណាដែលមានអំពើបាប (ឬការមិនសម្រេចតាមគោលដៅ) ចម្រើឡើង នោះព្រះគុណរបស់ព្រះក៏ចម្រើនឡើងយ៉ាងបរិបូរដែរ។
មនុស្សជាច្រើនគិតថា ព្រះមិនអាចប្រើពួកគេបានទេ ពីព្រោះពួកគេមានកំហុសណាមួយ ឬកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងចំណុចខ្សោយណាមួយរបស់ពួកគេ។ អ្នកប្រហែលជាគិតថា បញ្ហារបស់ខ្ញុំគឺអត្តចរិតឆេវឆាវ ដូច្នេះខ្ញុំគិតថាព្រះមិនចង់ឲ្យខ្ញុំបម្រើទ្រង់ទេ។ បងប្អូនអើយ ចូរចងចាំជានិច្ចថា កន្លែងណាដែលមានអំពើបាប (ឬការមិនសម្រេចតាមគោលដៅ) ចម្រើឡើង នោះព្រះគុណរបស់ព្រះក៏ចម្រើនឡើងយ៉ាងបរិបូរដែរ។ ព្រះគុណរបស់ទ្រង់គឺជាព្រះគុណដែលរកមិនបាន មិនសមនឹងទទួលបាន ហើយគួរនឹងទទួលបាន។ ដូច្នេះ វាស្ថិតនៅក្នុងផ្នែកដែលជាចំណុចខ្សោយរបស់អ្នក ដែលព្រះគុណដ៏បរិបូរហូរហៀរ ដែលមិនសមនឹងទទួលបានរបស់ព្រះអាចហូរចូល និងបំផ្លាស់បំប្រែជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ទ្រង់!
ឥឡូវនេះ សូមកុំយល់ច្រឡំអ្វីដែលខ្ញុំកំពុងនិយាយនៅត្រង់នេះ ហើយគិតថាការនេះបើផ្លូវឲ្យអ្នកប្រព្រឹត្តអំពើបាប ឬបណ្តោយឲ្យអ្នកមានផ្នែកដែលជាចំណុចខ្សោយដោយចេតនា ដើម្បីឲ្យអ្នកអាចរីករាយនឹងព្រះគុណដ៏បរិបូររបស់ព្រះ។ ធ្វើដូច្នោះដូចជាការនិយាយថា «ចូរយើងនាំគ្នាធ្វើឲ្យខ្លួនឆ្លងជំងឺដោយចេតនា ដើម្បីឲ្យយើងអាចរីករាយក្នុងការទទួលបានការព្យាបាលពីព្រះ។» នោះមិនមែនជាអ្វីដែលខ្ញុំកំពុងលើកទឹកចិត្តឲ្យធ្វើនោះទេ។
អ្វីដែលខ្ញុំកំពុងលើកទឹកចិត្តឲ្យធ្វើគឺសម្រាប់អ្នកដែលត្រូវបានគេប្រាប់ថា ដោយសារតែពួកគេបានបរាជ័យនៅកន្លែងណាមួយ ពួកគេដូចជាបក្សីដែលបាក់ស្លាប ពួកគេនឹងមិនអាចហោះហើរម្តងទៀតបានទេ។ បងប្អូនអើយ នោះហើយជាអ្វីដែលពិភពលោកនេះជឿ។ ប៉ុន្តែ ព្រះមានបន្ទូលថា «យើងនឹងមិនគ្រាន់តែព្យាបាលស្លាបរបស់អ្នកប៉ុណ្ណោះទេ យើងនឹងធ្វើឲ្យអ្នកក្លាយជាសត្វឥន្ទ្រី។ អ្នកនឹងហោះហើរម្តងទៀត ហើយអ្នកនឹងហោះហើរខ្ពស់ជាងពីមុនទៅទៀត! គ្រាន់តែពឹងផ្អែកលើព្រះគុណដ៏បរិបូររបស់យើងប៉ុណ្ណោះ!»
បងប្អូនអើយ សូមកុំឲ្យគុណវិបត្តិដែលអ្នកឃើញនៅក្នុងខ្លួនអ្នកនៅថ្ងៃនេះ ធ្វើឲ្យអ្នកជឿថាព្រះមើលមកអ្នកជាមនុស្សគ្មានប្រយោជន៍ឡើយ។ ប្រហែលជាមាននរណាម្នាក់បានប្រាប់អ្នកថា អ្នកគឺជា «មនុស្សគ្មានសង្ឃឹម» ឬថាអ្នកនឹងមិនអាចជោគជ័យក្នុងរឿងអ្វីទាំងអស់។ សូមស្តាប់ខ្ញុំ។ សូមកុំខ្វល់ពីអ្នកមានដែលគំនិតអវិជ្ជមាន។ ព្រះមានផែនការដ៏អស្ចារ្យសម្រាប់ជីវិតរបស់អ្នក។ ទ្រង់បានត្រាស់ហៅអ្នកតាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ ដើម្បីគោលបំណងដ៏ល្អឥតខ្ចោះមួយ។
ទោះបីជាចំណុចខ្សោយ ឬកំហុសរបស់អ្នកជាអ្វីក៏ដោយ ចូរថ្វាយវាទៅក្នុងព្រះហស្តរបស់ទ្រង់ចុះ។ ទ្រង់អាចយកវា ហើយប្រើវាដើម្បីនាំអ្នកទៅទីខ្ពស់ជាងមុន និងធ្វើឲ្យអ្នករឹងមាំជាងមុន ដើម្បីសិរីល្អរបស់ទ្រង់។ នៅពេលដែលអ្នកពឹងផ្អែកទាំងស្រុងលើព្រះគុណដ៏បរិបូររបស់ទ្រង់ អ្នកមិនចាំបាច់ជាប់គាំងនៅកន្លែងដែលអ្នកកំពុងស្ថិតនៅ នៅក្នុងជីវិតនោះទេ។ ព្រះគុណដ៏បរិបូររបស់ទ្រង់បានប្រទានដល់អ្នករួចស្រេចហើយ តាមរយៈការលះបង់របស់ព្រះរាជបុត្រារបស់ទ្រង់ ដើម្បីជួយអ្នកឲ្យសម្រេចសុបិននិមិត្តដែលព្រះប្រទានឲ្យអ្នក!
ចំណុចខ្វះខាតរបស់អ្នកបានទាក់ទាញព្រះគុណ
មានម្តងព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា «ចំណុចខ្វះខាតរបស់មនុស្សបានទាក់ទាញព្រះគុណរបស់ខ្ញុំ»។ ពិតមែន! ចំណុចអវិជ្ជមានរបស់យើងបានទាក់ទាញព្រះគុណរបស់ព្រះ។ តើអ្នកបានសម្គាល់មើលទេ? ពេលព្រះយេស៊ូវបង្ហាញព្រះគុណដល់មនុស្សឃ្លង់ អ្នកជំងឺ និងមនុស្សដែលមានអារក្សសង្កត់សង្កិន អ្នកទារពន្ធ និងស្រីពេស្យាហាក់ដូចជាមិនមានអ្វីជាបញ្ហាទេ។ ប៉ុន្តែ ទ្រង់មានបញ្ហាជាមួយពួកផារីស៊ីដែលគិតថាខ្លួនឯងសុចរិត ឬអ្នកដែលជឿថាពួកគេមានអ្វីគ្រប់យ៉ាង ហើយមិនត្រូវការព្រះអង្គសង្គ្រោះទេ។ ក្នុងអំឡុងពេលបំពេញព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី ព្រះយេស៊ូវបានធ្វើដំណើរក្នុងចំណោមមនុស្សដែលពោរពេញដោយចំណុចអវិជ្ជមាន និងចំណុចខ្វះខាត។ ពួកគេបានស្វាគមន៍ទ្រង់ ពីព្រោះពួកគេបានឃើញថាពួកគេត្រូវការទ្រង់ ហើយពួកគេបានឃើញថាព្រះគុណរបស់ទ្រង់មានឥទ្ធិពលយ៉ាងខ្លាំងចំពោះពួកគេ។
ដូច្នេះ ចូរមានកម្លាំងចិត្តឡើងបងប្អូន។ ចំណុចខ្សោយ និងគុណវិបត្តិ ចំណុចខ្វះខាត និងចំណុចអវិជ្ជមានរបស់អ្នក ពិតជាធ្វើឲ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រះគុណដ៏បរិបូរហូរហៀររបស់ព្រះ។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាក្នុងនាមជាឪពុកម្តាយទោល មិនមានប្ដី ឬប្រពន្ធ ចូរដឹងថាព្រះគុណរបស់ទ្រង់ស្ថិតនៅជាមួយអ្នកទ្វេដង ដើម្បីឲ្យអ្នកក្លាយជាម្តាយដ៏ល្អ និងជាឪពុកដ៏ល្អសម្រាប់កូនៗរបស់អ្នក។ ទ្រង់ក៏កំពុងប្រទានប្រេងតាំង កម្លាំង និងប្រាជ្ញាដល់អ្នកផងដែរ ដើម្បីបំពេញទាំងតម្រូវការក្នុងគ្រួសារ និងការងារ។
ប្រសិនបើអ្នកញៀនជាតិនីកូទីន ឬគ្រឿងស្រវឹង ព្រះគុណរបស់ទ្រង់មានរួចស្រេចហើយសម្រាប់អ្នកដើម្បីឲ្យអ្នកបោះបង់ទម្លាប់នេះចោល។ ព្រះគុណរបស់ទ្រង់ថែមទាំងនៅទីនោះដើម្បីជួសជុលការខូចខាតណាមួយដែលបានកើតឡើងចំពោះរាងកាយរបស់អ្នកទៀតផង។ ប្រសិនបើអ្នកតែងតែជាប់ចំណាត់ថ្នាក់ក្រោយគេក្នុងថ្នាក់រៀន ចូរដឹងថាអ្នកមានព្រះគុណរបស់ទ្រង់ដើម្បីផ្លាស់ប្តូរនិទ្ទេស F ទាំងនោះទៅជាទិន្ទេស A វិញ! អ្នកនឹងមិនត្រឹមតែរៀនពូកែប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានប្រាជ្ញាហួសពីអាយុរបស់អ្នកផងដែរ!
មានតែព្រះគុណដ៏ច្រើនក្រាស់ក្រែលរបស់ទ្រង់ប៉ុណ្ណោះ មិនមែនការខិតខំប្រឹងប្រែងរបស់អ្នកជាមនុស្សទេ ដែលនឹងបំផ្លាស់បំប្រែអ្នក និងនាំមកនូវអ្វីដែលល្អបំផុតរបស់ទ្រង់នៅក្នុងអ្នក។ ព្រះគ្រាន់តែចូលចិត្តបង្វែរអ្នកដែលលោកីយហៅថា «ល្ងីល្ងើ» ទៅជាអ្នកដែលជំរុញ និងធ្វើឲ្យមានភាពញាប់ញ័រនៅក្នុងនគររបស់ទ្រង់។ ទ្រង់ជ្រើសរើស «ពួកល្ងង់ល្ងើនៅលោកីយនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ» ហើយជ្រើសរើស «ពួកកំសោយនៅលោកីយនេះ ដើម្បីធ្វើឲ្យពួកអ្នកខ្លាំងពូកែមានសេចក្តីខ្មាស» (១ កូរិនថូស ១:២៧)។ ទ្រង់ជាអ្នកជំនាញក្នុងការជ្រើសរើសមនុស្សដែលនៅចុងក្រោយគេ អ្នកដែលវង្វេង អ្នកតូចតាចបំផុត ហើយបំផ្លាស់បំប្រែពួកគេទៅជាគំរូដ៏ភ្លឺចែងចាំងនៃអ្វីដែលមានតែព្រះគុណរបស់ទ្រង់ប៉ុណ្ណោះដែលអាចសម្រេចបាន!
គ្មានកំហុសណាដែលធំពេកសម្រាប់ព្រះគុណដ៏លើសលប់របស់ទ្រង់ឡើយ។
បងប្អូនជាទីស្រឡាញ់អើយ អ្នកប្រហែលជាបានធ្វើការសម្រេចចិត្តមិនល្អមួយចំនួនក្នុងជីវិត ហើយប្រហែលជាកំពុងទទួលលទ្ធផលមិនល្អពីការសម្រេចចិត្តទាំងនោះ។ ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ខណៈពេលដែលលោកីយអាចនឹងប្រាប់អ្នកថាវាជាកំហុសរបស់អ្នក ហើយប្រព្រឹត្តចំពោះអ្នកដោយគ្មានមេត្តា តែការពិតនោះគឺថាព្រះនៅតែស្រឡាញ់អ្នក ហើយមានផែនការដ៏ល្អសម្រាប់ជីវិតរបស់អ្នក (យេរេមា ២៩:១១)។ ទ្រង់មិនថ្កោលទោសអ្នកទេ។ ទ្រង់ចង់ជួយអ្នក។ គ្មានកំហុសណាដែលធំពេកសម្រាប់ព្រះគុណដ៏លើសលប់របស់ទ្រង់ឡើយ។ ទ្រង់តែមួយគត់ដែលអាចទទួលយកភាពរញ៉េរញ៉ៃនៃកំហុសអតីតកាលរបស់អ្នក ហើយបំផ្លាស់បំប្រែវាដើម្បីផ្តល់ឲ្យអ្នកនូវអនាគតដ៏ស្រស់ស្អាតមួយ។ កន្លែងណាដែលមានអំពើបាបចម្រើនឡើង ព្រះគុណរបស់ទ្រង់ក៏ចម្រើនបរិបូរលើសទៅទៀត។ ហើយប្រសិនបើអ្នកនិយាយថា «ព្រះអម្ចាស់អើយ ខ្ញុំមិនអាចធ្វើវាបានទេ» ទ្រង់មានបន្ទូលថា «ខ្ញុំអាចធ្វើវាបាន។ សូមមើលមកខ្ញុំ!»
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ចូរប្រយ័ត្នចំពោះគ្រោះថ្នាក់នៃព្រះគុណក្លែងក្លាយ
យើងរស់នៅក្នុងសម័យកាលដ៏គួរឲ្យរំភើប។ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទរបស់យើងពិតជាកំពុងស្ដារឡើងវិញនូវដំណឹងល...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ៣/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...