សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចែករំលែកតាមរយៈ
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជារៀងរាល់ថ្ងៃ! ក្នុងអត្ថបទដែលមានបីភាគនេះ គ្រូគង្វាល យ៉ូសែប ព្រីនស៍ នឹងបង្ហាញអ្នកពីហេតុផលដែលអ្នកអាចបន្តទុកចិត្តលើព្រះសម្រាប់ការទម្លុះទម្លាយរបស់អ្នក។ សូមទទួលយកការលើកទឹកចិត្តនៅពេលអ្នកចាប់ផ្តើមវគ្គសិក្សានេះ ដើម្បីទទួលបានបទពិសោធអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះអ្នក!
សេចក្តីសង្ឃឹម ជាប្រេងបញ្ឆេះជំនឿ
អ្នកប្រហែលជាកំពុងគិតថា «ហេតុអ្វីបានជាសំខាន់ម៉្លេះ ក្នុងការមានសេចក្តីសង្ឃឹមក្នុងព្រះគម្ពីរ? តើសំខាន់ប៉ុណ្ណា?»
មិត្តអើយ! សេចក្តីសង្ឃឹមក្នុងព្រះគម្ពីរគឺសំខាន់ ព្រោះវាជាគ្រឿងផ្សំដ៏សំខាន់សម្រាប់សេចក្តីជំនឿ។ បើគ្មានសេចក្តីសង្ឃឹមទេ សេចក្តីជំនឿរបស់អ្នកមិនអាចដំណើរការបានទេ។ ហេព្រើរ ១១:១ ចែងថា «រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។» ប្រសិនបើអ្នកមិនមានសេចក្ដីសង្ឃឹម តើអ្នកអាចមានជំនឿដោយរបៀបណា? ប្រសិនបើអ្នកមិនមានការរំពឹងទុកដោយទំនុកចិត្តសម្រាប់ការល្អទេ តើមានអ្វីបញ្ជាក់អំពីជំនឿរបស់អ្នក?
ដូច្នេះ ការមានសេចក្តីសង្ឃឹមគឺចាំបាច់ និងសំខាន់ ព្រោះក្ដីសង្ឃឹមបញ្ឆេះជំនឿរបស់អ្នក។
សូមពិចារណាអំពីស្ត្រីដែលមានជំងឺធ្លាក់ឈាមនៅក្នុងព្រះគម្ពីរ។ រយៈពេលដប់ពីរឆ្នាំដែលនាងមានជំងឺធ្លាក់ឈាមរ៉ាំរ៉ៃ។ នាងបានចំណាយលុយទាំងអស់របស់នាង ដើម្បីស្វែងរកការព្យាបាលពីគ្រូពេទ្យជាច្រើន ប៉ុន្តែគ្មានការព្យាបាលណាមួយជួយនាងបានឡើយ។ តាមពិតទៅ ព្រះគម្ពីរប្រាប់យើងថា «នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ» (ម៉ាកុស ៥:២៦)។
ស្ត្រីភាគច្រើននឹងបោះបង់ចោលការព្យាបាល ប៉ុន្តែស្ត្រីកំសត់ម្នាក់នេះមិនបានបោះបង់ទេ។ នាងចាប់ផ្តើមមានសង្ឃឹមក្នុងព្រះគម្ពីរ ពេលដែលនាងបានឮអំពីព្រះអង្គសង្គ្រោះដែលពេញដោយសេចក្ដីស្រឡាញ់។ ចូរយើងបន្តសាច់រឿងនេះក្នុងម៉ាកុស ៥:២៧-២៩ ៖
នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ
តើអ្នកឃើញទេ? ព្រោះតែអ្វីដែលនាងបានឮអំពីព្រះយេស៊ូវ នោះការរំពឹងទុកដោយជឿជាក់ថានឹងទទួលបានការល្អពីព្រះយេស៊ូវបានកើតឡើងនៅក្នុងខ្លួននាង ហើយបានបញ្ឆេះជំនឿរបស់នាងឲ្យជឿថា ប្រសិនបើនាងអាចប៉ះព្រះពស្ត្ររបស់ព្រះយេស៊ូវបាន នាងនឹងបានជាសះស្បើយ។
តើអ្វីទៅដែលបណ្ដាលឲ្យស្ត្រីម្នាក់នេះ ហ៊ានប្រឈមមុខនឹងហ្វូងមនុស្ស ដែលនាងដឹងថាគេមានសិទ្ធិគប់សម្លាប់នាងដោយដុំថ្ម ព្រោះតែការបង្ហាញខ្លួនក្នុងទីសាធារណៈក្នុងស្ថានភាពមិនបរិសុទ្ធ ដើម្បីចូលទៅជិតព្រះយេស៊ូវ និងទាញយកការព្យាបាលរបស់នាងពីទ្រង់ដូច្នេះ? នោះជាជំនឿដ៏ក្លាហានដែលបញ្ឆេះដោយសេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរ។ ហើយសេចក្ដីសង្ឃឹមនេះមិនធ្វើឲ្យខកចិត្តទេ ព្រោះបានពឹងផ្អែកលើសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ។
កាលណានាងឮកាន់តែច្រើនអំពីរបៀបដែលព្រះយេស៊ូវបានព្យាបាលអ្នកជំងឺ និងមនុស្សដែលត្រូវគេមើលងាយ ជាមនុស្សដូចនាង នាងកាន់តែចាប់ផ្ដើមមើលឃើញថាទ្រង់មិនមែនជាព្រះនៃការកាត់ទោសទេ ប៉ុន្តែជាព្រះនៃសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណា នោះសេចក្ដីសង្ឃឹម និងជំនឿដែលមិនដឹងខ្លួនកាន់តែកើនឡើងក្នុងនាង។
បងប្អូនជាទីស្រឡាញ់អើយ ប្រសិនបើអ្នកកំពុងជឿលើព្រះសម្រាប់ការប្រោសឲ្យជាក្នុងរូបកាយរបស់អ្នកនៅថ្ងៃនេះ សូមកុំផ្តោតលើថាតើអ្នកមានជំនឿ «គ្រប់គ្រាន់» ឬអត់នោះឡើយ (មិនមានកំណត់ត្រានៅក្នុងព្រះគម្ពីរថាស្ត្រីនោះបានគិតបែបនេះទេ)។ គ្រាន់តែបន្តស្តាប់អំពីព្រះយេស៊ូវ ៖ អំពីសេចក្ដីស្រឡាញ់ ព្រះគុណ និងសេចក្ដីល្អរបស់ទ្រង់ចំពោះអ្នក។ សូមមើលក្នុងព្រះគម្ពីរដំណឹងល្អ អំពីរបៀបដែលទ្រង់ប្រោសអ្នកជំងឺដោយគ្មានលក្ខខណ្ឌអ្វីឡើយ។ ទ្រង់មិនដែលថ្កោលទោសនរណាម្នាក់ចំពោះការឈឺ ឬស្ដីបន្ទោសនរណាម្នាក់ដែលហ៊ានសុំទ្រង់សម្រាប់ការប្រោសឲ្យជានោះទេ។ ទ្រង់បានប្រោសអ្នកដែលមករកទ្រង់ដោយស្ម័គ្រចិត្ត មិនថាប្រវត្តិរបស់ពួកគេជាអ្វីនោះទេ។
នៅពេលដែលអ្នកឮអំពីសេចក្ដីល្អរបស់ទ្រង់ ហើយមានការបើកសម្ដែងផ្ទាល់ខ្លួនអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក នោះការរំពឹងទុកដ៏ជឿជាក់ និងវិជ្ជមានចំពោះសេចក្ដីល្អពីព្រះអម្ចាស់នឹងកើតឡើងនៅក្នុងចិត្តរបស់អ្នក។ ដោយបានតាំងចិត្តយ៉ាងមុតមាំ ចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីសង្ឃឹមនេះនឹងបញ្ឆេះជំនឿរបស់អ្នកដូចជាស្ត្រីដែលមានជំងឺធ្លាក់ឈាម អ្នកនឹងអាចទាញយកការប្រោសឲ្យជាដោយចិត្តក្លាហានរបស់អ្នក!
សេចក្ដីសង្ឃឹម ៖ តំណភ្ជាប់ដែលមើលរំលង
សូមអនុញ្ញាតឲ្យខ្ញុំចែករំលែកជាមួយអ្នកនូវទីបន្ទាល់មួយទៀតអំពីអានុភាពនៃក្តីសង្ឃឹមក្នុងព្រះគម្ពីរ។ លោកស្រី អាលីស និងស្វាមីរបស់នាង ដែលជាគូស្វាមីភរិយាដ៏ស្រស់ស្អាត រស់នៅរដ្ឋផិនស៊ីលវេនៀ សហរដ្ឋអាមេរិក ពួកគេចង់មានកូន។ ពួកគេបានព្យាយាមយកកូនអស់រយៈពេលដប់ឆ្នាំ ប៉ុន្តែលោកស្រី អាលីស មិនអាចមានកូនបានទេ។ នាងថែមទាំងបានទទួលការព្យាបាលសម្រាប់ការមានកូនពេញមួយឆ្នាំ ប៉ុន្តែបានត្រឹមតែវិវត្តទៅជាដុំគីសធំមួយ និងឈឺចាប់នៅលើដៃស្បូនខាងស្តាំរបស់នាង។ ដុំគីសត្រូវបានយកចេញតាមរយៈការវះកាត់ដោយចោះ ប៉ុន្តែបន្ទាប់ពីការវះកាត់ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Endometriosis ធ្ងន់ធ្ងរ។ គ្រូពេទ្យរបស់នាងបានស្នើឲ្យនាងប្រើថ្នាំសម្រាប់ការមានគភ៌ ប៉ុន្តែលោកស្រី អាលីស មិនចង់ប្រើថ្នាំទេ។ នាងបានសម្រេចចិត្តជឿថាព្រះនឹងប្រទានព្រះពរដល់នាងដោយមានកូន ហើយទ្រង់អាច ហើយទ្រង់ក៏នឹងធ្វើកិច្ចការនោះដោយអង្គទ្រង់ផ្ទាល់ ដោយមិនត្រូវការជំនួយវេជ្ជសាស្ត្រឡើយ។
ជាច្រើនខែបានកន្លងផុតទៅ លោកស្រី អាលីស នៅតែមិនមានផ្ទៃពោះ។ បន្ទាប់មកមានថ្ងៃមួយ នាងបានឮសេចក្ដីអធិប្បាយរបស់ខ្ញុំដែលពន្យល់អំពីក្តីសង្ឃឹមក្នុងព្រះគម្ពីរ និងលើកទឹកចិត្តនាងឲ្យសង្ឃឹមលើព្រះដែលពេញដោយព្រះគុណ។
នាងក៏បានរៀនផងដែរថា ព្រះបានធ្វើឲ្យនាងសុចរិត ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រះពរទាំងអស់ តាមរយៈការលះបង់របស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ជាមួយសេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរដក់ជាប់ក្នុងចិត្តរបស់នាងកើតចេញពីការបើកសម្ដែងថ្មីអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះនាង លោកស្រី អាលីស បានប្រាប់ព្រះថា នាងចង់មានជ័យជម្នះសម្រាប់ការមានកូន។ សូមថ្វាយសិរីរុងរឿងដល់ព្រះ មិនយូរប៉ុន្មានលោកស្រី អាលីស ក៏មានផ្ទៃពោះ។ បន្ទាប់ពីការមានផ្ទៃពោះ និងការសម្រាលកូនយ៉ាងងាយស្រួល ឥឡូវនេះនាង និងស្វាមីរបស់នាងមានកូនប្រុសដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ណូអេ!
នាងបាននិយាយ «មានគេប្រាប់ខ្ញុំថា អ្នកដែលមានជំងឺ Endometriosis ក្នុងកម្រិតដែលខ្ញុំមាននេះ មានឱកាសត្រឹមតែមួយទៅពីរភាគរយប៉ុណ្ណោះក្នុងការមានគភ៌ ប្រសិនបើគ្មានការព្យាបាល ហើយសូម្បីតែការបង្កកំណើតក្នុងស្បូនក៏ដោយ ឱកាសគឺទាប»។ «យ៉ាងណាមិញ នេះគឺជាកុមារណូអេ កើតមកដោយគ្មានជំនួយពីមនុស្ស!»
តើចំណុចរបត់នៃរឿងនេះចាប់ផ្ដើមនៅពេលណា? សូមឲ្យខ្ញុំចែករំលែកជាមួយអ្នកនូវអ្វីដែលលោកស្រី អាលីស បានពន្យល់ដល់ខ្ញុំដោយដោយការរំជួលចិត្ត ៖
នៅពេលដែលខ្ញុំស្តាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ខ្ញុំទទួលស្គាល់ថា ខ្ញុំបានផ្តោតអារម្មណ៍យ៉ាងខ្លាំងដើម្បីមានជំនឿសម្រាប់ការមានកូន ប៉ុន្តែខ្ញុំពិតជាខ្លាច មិនហ៊ានមានសង្ឃឹមសម្រាប់ការមានកូនដោយ «ក្ដីរំពឹងទុកវិជ្ជមានសម្រាប់រឿងល្អ» ដូចដែលលោកគ្រូបានពិពណ៌នានោះទេ។ ខ្ញុំគិតថាការហ៊ានសង្ឃឹមនឹងនាំឲ្យខ្ញុំមានការខកចិត្តកាន់តែច្រើន ព្រោះថាខ្ញុំមិនដែលឮថា សេចក្តីសង្ឃឹមគឺជារឿងប្រាកដប្រជាសម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទនោះទេ។ នេះគឺជាតំណភ្ជាប់ដែលខ្ញុំបានមើលរំលង ក្នុងការយល់ដឹងថាជំនឿជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម មិនមែនជាការប្រព្រឹត្ត ឬកម្រិតនៃជំនឿដែលខ្ញុំត្រូវមាននោះទេ។
ពិតជាអស្ចារ្យណាស់ មែនទេ? ក្តីសង្ឃឹមបានផុសឡើងនៅក្នុងចិត្តរបស់នាង នៅពេលដែលនាងដឹងថា ជំនឿមិនមែនជាអ្វីដែលនាងត្រូវខិតខំស្វែងរក ឬព្យាយាមរក្សានោះទេ។ ហើយនៅពេលដែលនាងដឹងថា ក្តីសង្ឃឹម «គឺជារឿងប្រាកដប្រជាសម្រាប់អ្នកដែលនៅក្នុងព្រះគ្រីស្ទ» ជំនឿរបស់នាងបានកើនឡើងយ៉ាងខ្លាំង។ នេះជាមូលហេតុដែលព្រះគម្ពីរចែងថា រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម។ ជំនឿរបស់អ្នកមិនអាចនាំអ្នកទៅកន្លែងដែលអ្នកចង់ទៅ ដោយគ្មានប្រេងបញ្ឆេះដែលជាសេចក្តីសង្ឃឹមនោះឡើយ។ ហើយដូចដែលលោកស្រី អាលីស បានរកឃើញ នេះជាសេចក្តីសង្ឃឹមដែលប្រាកដប្រជា ជាការរំពឹងទុកដ៏មុតមាំសម្រាប់លទ្ធផលដ៏ជាទីគាប់ចិត្តបំផុត។
ខ្ញុំសូមអធិស្ឋានថា អ្នកនឹងរៀនរីកចម្រើនដូចលោកស្រី អាលីស និងតែងតែមានការរំពឹងទុកវិជ្ជមាន សម្រាប់រឿងល្អៗ ដោយដឹងថាព្រះទ្រង់ស្រឡាញ់អ្នក ហើយចង់បំពេញបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃដួងចិត្តរបស់អ្នក។
បងប្អូនជាទីស្រឡាញ់អើយ ប្រសិនបើអ្នកឈឺឥឡូវនេះ ខ្ញុំចង់លើកទឹកចិត្តអ្នកឲ្យបន្តមានការរំពឹងទុកដោយទំនុកចិត្តថា អ្នកនឹងបានធូរស្រាល។ ប្រសិនបើអ្នកខ្វះខាតផ្នែកហិរញ្ញវត្ថុ ចូរបន្តមានការរំពឹងទុកវិជ្ជមានថាការផ្គត់ផ្គង់នឹងកើតមានដល់អ្នក។ ចូរបន្តសង្ឃឹមថា ក្មេងជំទង់ដែលវង្វេងនោះ នឹងក្លាយជាបុរស ឬស្ត្រីដែលគាប់ព្រះហឫទ័យព្រះ។ ចូរបន្តសង្ឃឹម ដោយដឹងថា សេចក្តីសង្ឃឹមនេះនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ ព្រោះជាសេចក្ដីសង្ឃឹមដែលចងភ្ជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ និងកិច្ចការដែលព្រះយេស៊ូវបានបញ្ចប់។ ហើយថ្ងៃណាមួយ លឿនជាងអ្វីដែលអ្នកគិត អ្នកនឹងបានរីករាយជាមួយផលផ្លែនៃក្តីសង្ឃឹមរបស់អ្នក!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
ព្រះគុណដ៏បរិបូរហូរហៀរសម្រាប់ជីវិតរបស់អ្នក (ភាគទី ១/៣)
ប្រសិនបើអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្ត និងមានបន្ទុកដោយសារចំណុចខ្វះខាតដែលអ្នកមាន សូមកុំបារម្ភអី! អ្នកអ...