អំពី New Creation TV

⁠អំពី⁠ ⁠New⁠ ⁠Creation⁠ ⁠TV⁠

⁠បំភ្លឺ⁠មនុស្ស⁠​⁠លោក⁠ដោយ⁠ដំណឹងល្អ⁠របស់⁠ព្រះយេស៊ូវ⁠ ⁠ម្ដង⁠មួយ⁠ភាសា⁠​⁠។⁠

⁠ព្រះ⁠ដ៏⁠ជា⁠សេចក្ដី⁠ស្រឡាញ់⁠ដែល⁠ស្គាល់⁠​⁠ចំ⁠​⁠ឈ្មោះ⁠​⁠។⁠ ⁠ព្រះ⁠ដ៏⁠ជា⁠សេចក្ដីសង្ឃឹម⁠ដែល⁠នៅ⁠ជាប់⁠ជាមួយ⁠អ្នក⁠​⁠ក្នុង⁠គ្រា⁠ងងឹត⁠​⁠។⁠ ⁠⁠ព្រះ⁠ដ៏⁠ជា⁠ការលើកលែង⁠ទោស⁠​⁠ដែល⁠ឱបក្រសោប⁠អ្នក⁠ ⁠ដោយ⁠ព្រះហស្ដ⁠​⁠បើកចំហ⁠សម្រាប់⁠អ្នក⁠។⁠

⁠មាន⁠មនុស្សជា⁠ច្រើន⁠នៅ⁠ជុំវិញ⁠ពិភពលោក⁠​⁠មិនទាន់⁠បាន⁠ជួបប្រទះ⁠នឹង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះយេស៊ូវ⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠នៅ⁠លើ⁠ឈើឆ្កាង⁠ ⁠ជា⁠ដំណឹងល្អ⁠ដែល⁠នាំ⁠យើង⁠គ្រប់គ្នា⁠ចេញពី⁠ភាព⁠ងងឹត⁠ចូល⁠ទៅ⁠ក្នុង⁠ពន្លឺ⁠។⁠

⁠នោះ⁠ហើយ⁠ជា⁠មូលហេតុ⁠ដែល⁠យើង⁠ខិតខំ⁠សម្រេច⁠​⁠បេសកកម្ម⁠មួយ⁠ ⁠៖⁠ ⁠ដើម្បី⁠ចែករំលែក⁠ដំណឹងល្អ⁠ជា⁠ភា⁠សា⁠ផ្សេង⁠ៗ⁠​⁠នៅ⁠ជុំវិញ⁠ពិភពលោក⁠ ⁠ដើម្បីឲ្យ⁠មនុស្ស⁠⁠កាន់តែ⁠ច្រើន⁠⁠អាចម⁠ក⁠ជួបប្រទះ⁠នឹង⁠សេចក្ដី⁠ស្រឡាញ់⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠ចំពោះ⁠ពួកគេ⁠!⁠

⁠ព្រះយេស៊ូវ⁠ ⁠ជា⁠អ្នក⁠ដែល⁠ស្រង់⁠យក⁠​⁠​⁠ជីវិត⁠មនុស្ស⁠​⁠ចេញពី⁠ភាព⁠ងងឹត⁠

⁠ចាប់ពី⁠ការ⁠ប្រោស⁠​⁠អ្នក⁠​⁠ជំងឺ⁠ឲ្យបាន⁠ជាសះស្បើយ⁠​⁠ក្នុង⁠របៀប⁠ដ៏⁠អស្ចារ្យ⁠ ⁠រហូតដល់⁠ការ⁠រួចផុត⁠ពី⁠ការ⁠ញៀន⁠ ⁠រហូតដល់⁠ការ⁠ស្តារ⁠ឡើងវិញ⁠នូវ⁠ទំនាក់ទំនង⁠នានា⁠​⁠។⁠ ⁠យើង⁠បន្ត⁠ស្ដាប់⁠​⁠ឮ⁠ពី⁠មនុស្ស⁠នៅ⁠ទូទាំង⁠ពិភពលោក⁠ ⁠អំពី⁠របៀប⁠ដែល⁠ជំនួប⁠ជាមួយ⁠​⁠ព្រះយេស៊ូវ⁠បាន⁠ផ្លាស់ប្ដូរ⁠ជីវិត⁠របស់⁠ពួកគេ⁠។⁠

⁠នៅ⁠បណ្ដា⁠ប្រទេស⁠នានា⁠​⁠ ⁠ផល⁠ប៉ះពាល់⁠ដែល⁠យើង⁠បានឃើញ⁠តាមរយៈ⁠ការពង្រីក⁠វិសាលភាព⁠ឌីជីថល⁠ ⁠និង⁠កម្មវិធី⁠​⁠ទូរទស្សន៍⁠របស់⁠យើង⁠ផ្តល់⁠ឲ្យ⁠​⁠យើង⁠នូវ⁠ហេតុផល⁠កាន់តែ⁠ច្រើន⁠ដើម្បី⁠បន្តដំណើរ⁠របស់⁠យើង⁠។⁠

⁠ហើយ⁠យើង⁠ដឹង⁠ថា⁠នៅ⁠មានដំណើរ⁠ដ៏⁠វែងឆ្ងាយ⁠​⁠ទៀត⁠ដែល⁠ត្រូវ⁠បន្ត⁠!⁠

⁠ទីកន្លែង⁠ដែល⁠ ⁠New Creation TV⁠ ⁠កំពុង⁠ផ្សព្វផ្សាយ⁠ពាសពេញ⁠ពិភពលោក⁠

⁠ក្នុងនាម⁠ជា⁠សាខា⁠បេសកកម្ម⁠សកល⁠នៃ⁠ក្រុមជំនុំ⁠​⁠ ⁠New Creation Church⁠ ⁠យើង⁠ផ្តល់⁠លទ្ធភាព⁠ឲ្យ⁠មនុស្ស⁠កាន់តែ⁠ច្រើន⁠នៅ⁠ជុំវិញ⁠ពិភពលោក⁠បាន⁠ជួបប្រទះ⁠នឹង⁠ព្រះយេស៊ូវ⁠ដោយ⁠ផ្ទាល់⁠ ⁠តាមរយៈ⁠ព័ន្ធកិច្ច⁠របស់⁠គ្រូគង្វាល⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠៖⁠

វត្តមានរបស់យើង

⁠១៨⁠

⁠ភាសា⁠ផ្សេង⁠​⁠​⁠ទូទាំង⁠ពិភពលោក⁠

⁠១៩០⁠+

⁠ប្រទេស⁠ ⁠និង⁠ដែនដី⁠ ⁠ដែល⁠​⁠ ⁠New Creation TV⁠ ⁠ត្រូវ⁠បាន⁠ផ្សាយ⁠ ⁠និង⁠ចាក់⁠ផ្សាយ⁠ជា⁠ភា⁠សា⁠ផ្សេង⁠ៗ⁠

⁠សូមឲ្យ⁠​⁠ដំណឹងល្អ⁠បំភ្លឺ⁠ជីវិត⁠របស់⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠ ⁠នៅពេល⁠អ្នក⁠ជួប⁠​⁠នឹង⁠ព្រះយេស៊ូវ⁠ ⁠និង⁠ព្រះគុណ⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠!⁠ ⁠

អំពី​គ្រូគង្វាល យ៉ូសែប និង វេនឌី ព្រីនស៍

សំឡេងឈានមុខគេនៃបដិវត្តន៍ព្រះគុណ

⁠ដោយ⁠បាន⁠បម្រើការ⁠​⁠ពេញ⁠ម៉ោងជាង⁠ពីរ⁠ទសវត្សរ៍⁠កន្លងមក⁠​ ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠សព្វថ្ងៃ⁠នេះ⁠ ⁠គឺជា⁠សំឡេង⁠ឈានមុខ⁠គេ⁠ក្នុង⁠ការប្រកាស⁠ដំណឹងល្អ⁠នៃ⁠ព្រះគុណ⁠នៅ⁠ជុំវិញ⁠ពិភពលោក⁠តាមរយៈ⁠សៀវភៅ⁠ ⁠ធនធាន⁠បង្រៀន⁠ ⁠និង⁠ព័ន្ធកិច្ច⁠ទូរទស្សន៍⁠របស់⁠លោក⁠។⁠

⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠ជា⁠អ្នកនិពន្ធ⁠សៀវភៅ⁠លក់ដាច់⁠បំផុត⁠ដូចជា⁠ The Power of Right Believing, Destined To Reign ⁠និង⁠ Unmerited Favor ⁠ព្រមទាំង⁠​⁠ជា⁠វាគ្មិន⁠សន្និបាត⁠ដែល⁠ទទួលការ⁠អញ្ជើញ⁠ឲ្យ⁠អធិប្បាយ⁠យ៉ាង⁠មមាញឹក⁠​⁠ផង⁠ដែរ⁠។⁠ ⁠លោក⁠​⁠បាន⁠​⁠ជះឥទ្ធិពល⁠​⁠ដល់⁠​⁠អ្នក⁠​⁠ដឹកនាំ⁠​⁠ក្រុមជំនុំ⁠​⁠នៅ⁠​⁠ទូទាំង⁠​⁠ពិភពលោក⁠ ⁠ដោយ⁠​⁠ផ្សព្វផ្សាយ⁠​⁠ដំណឹងល្អ⁠​⁠ដ៏⁠​⁠បរិសុទ្ធ⁠ ⁠ឥត⁠កាឡៃ⁠​⁠របស់⁠​⁠ព្រះយេស៊ូ⁠​⁠វ⁠ដោយ⁠​⁠ភាព⁠​⁠ក្លាហាន⁠។⁠ ⁠លោក⁠ត្រូវ⁠បាន⁠គេ⁠ស្គាល់⁠ដោយសារ⁠ការ⁠បង្រៀន⁠ព្រះបន្ទូល⁠​​⁠តាមរបៀប⁠ថ្មីសន្លាង⁠ ⁠ជាក់ស្តែង⁠ ⁠និង⁠ប្រកបដោយ⁠ការ⁠​⁠បើក⁠សម្តែង⁠ ⁠ដែល⁠តែងតែ⁠បង្ហាញ⁠ពី⁠ព្រះយេស៊ូវ⁠។⁠ ⁠បែបបទ⁠​​⁠នៃ⁠​⁠ការ⁠​⁠អធិប្បាយ⁠ដែល⁠មាន⁠ភាព⁠​⁠កំប្លែង⁠ ⁠ស្វាហាប់⁠ ⁠និង⁠​⁠ទាក់ទាញ⁠​⁠របស់⁠​⁠លោក⁠​⁠ក៏⁠​⁠បាន⁠​⁠ធ្វើឲ្យ⁠​​⁠លោក⁠ទទួល⁠បាន⁠​​⁠ការ⁠​⁠ចាប់⁠​⁠អារម្មណ៍⁠​⁠យ៉ាង⁠​⁠ខ្លាំង⁠​⁠ពី⁠​​⁠ទស្សនិកជន⁠​⁠ជាច្រើន⁠​⁠ដែល⁠​⁠បាន⁠​⁠តាមដាន⁠​⁠កម្មវិធី⁠​⁠ទូរទស្សន៍⁠​⁠ប្រចាំថ្ងៃ⁠​⁠របស់⁠​⁠លោក⁠​​⁠។⁠ ⁠បច្ចុប្បន្ន⁠នេះ⁠ ⁠ការផ្សាយ⁠របស់⁠លោក⁠​⁠បាន⁠ប៉ះពាល់⁠ដល់⁠​⁠រាប់⁠លាន⁠ក្រុម⁠គ្រួសារ⁠​⁠នៅ⁠ទូទាំង⁠ទ្វីប⁠​⁠អាមេរិក⁠ខាងជើង⁠ ⁠អឺរ៉ុប⁠ ⁠អាហ្វ្រិក⁠ ⁠អូស្ត្រាលី⁠ ⁠និង⁠​⁠អ៊ីស្រាអែល⁠ ⁠ទាំង⁠នៅ⁠លើ⁠ប៉ុ⁠ស្ដិ៍⁠ទូរទស្សន៍⁠​⁠អាណាចក្រ⁠ ⁠និង⁠គ្រិស្ត⁠បរិស័ទ⁠។⁠

⁠ព្រះអម្ចាស់⁠⁠មាន⁠⁠ព្រះបន្ទូល⁠⁠មក⁠⁠ខ្ញុំ⁠⁠ថា⁠
«⁠ចូរ⁠​⁠នាំ⁠ព្រះបុត្រា⁠​⁠របស់⁠យើង⁠​⁠ត្រឡប់⁠មក⁠ក្រុមជំនុំ⁠វិញ⁠»⁠។⁠
– ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠​ ⁠ព្រីនស៍⁠

⁠ក្រោម⁠ការដឹកនាំ⁠របស់⁠គ្រូគង្វាល⁠ ⁠ព្រីនស៍⁠ ⁠ក្រុមជំនុំ⁠ New Creation Church ⁠បាន⁠រីកចម្រើន⁠ជាង⁠មួយ⁠រយ⁠ដង⁠។⁠ ⁠បច្ចុប្បន្ន⁠ ⁠លោក⁠បម្រើការ⁠ងារ⁠ជាមួយ⁠ក្រុមជំនុំ⁠ក្នុង⁠តួនាទី⁠​⁠ស្ម័គ្រចិត្ត⁠។⁠

⁠ដោយ⁠បាន⁠កសាង⁠ ⁠និង⁠បណ្តុះ⁠ក្រុម⁠​⁠អ្នកដឹកនាំ⁠ ⁠និង⁠ពួកជំនុំ⁠នៃ⁠ក្រុមជំនុំ⁠​ New Creation Church ⁠លើ⁠គ្រឹះ⁠ដ៏⁠រឹងមាំ⁠របស់⁠ព្រះយេស៊ូវគ្រីស្ទ⁠ ⁠ឥឡូវនេះ⁠​⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠កំពុង⁠បំពេញបេសកកម្ម⁠​⁠ដែល⁠ព្រះ⁠​⁠បាន⁠ប្រទាន⁠ដល់⁠លោក⁠យ៉ាងសកម្ម⁠នៅ⁠ជុំវិញ⁠ពិភពលោក⁠ ⁠ដើម្បី⁠ប្រកាស⁠​⁠ដោយ⁠គ្មាន⁠ការសម្រប⁠សម្រួល⁠នូវ⁠​⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠ដែល⁠​⁠មនុស្ស⁠​​⁠មិន⁠សមនឹង⁠ទទួល⁠បាន⁠។⁠ ⁠លោកគ្រូ⁠​⁠ដឹកនាំ⁠ព័ន្ធកិច្ច⁠ ⁠យ៉ូ⁠សែប⁠ព្រីនស៍⁠ ⁠អាយ⁠អិន⁠ស៊ី⁠ ​⁠ជា⁠អង្គការ⁠អន្តរជាតិ⁠មិន⁠ស្វែងរក⁠ប្រាក់ចំណេញ⁠ ⁠ដែល⁠ខិតខំ⁠ក្នុង⁠​⁠ការ⁠កសាង⁠ ⁠លើកទឹកចិត្ត⁠ ⁠និង⁠បំផុសគំនិត⁠មនុស្សជា⁠មួយ⁠នឹង⁠ដំណឹងល្អ⁠របស់⁠ព្រះយេស៊ូវគ្រីស្ទ⁠ ⁠តាមរយៈ⁠ការ⁠ចាក់⁠​⁠ផ្សាយ⁠តាម⁠ទូរទស្សន៍⁠ ⁠ក៏ដូចជា⁠បច្ចេកវិទ្យា⁠ប្រព័ន្ធ⁠ផ្សព្វផ្សាយ⁠ថ្មី⁠។⁠ ⁠ព័ន្ធកិច្ច⁠របស់⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠ក្នុងនាម⁠ជា⁠​⁠គ្រូគង្វាល⁠ ⁠គ្រូបង្រៀន⁠ ⁠វាគ្មិន⁠សន្និបាត⁠ ⁠និង⁠អ្នកនិពន្ធ⁠ ⁠បន្ត⁠ផ្លាស់⁠ប្រែ⁠​⁠ជីវិត⁠មនុស្ស⁠​⁠ជាច្រើន⁠ ⁠ដោយ⁠ដោះលែង⁠មនុស្ស⁠ឲ្យ⁠រួចផុត⁠ពី⁠នឹម⁠ដ៏⁠ធ្ងន់⁠នៃ⁠ក្រឹត្យវិន័យ⁠ ⁠កំហុស⁠ ⁠និង⁠ការ⁠ថ្កោលទោស⁠ ⁠ដោយ⁠ចង្អុលបង្ហាញ⁠ពួកគេ⁠ទៅកាន់⁠ព្រះយេស៊ូវ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠បាន⁠បញ្ចប់⁠របស់⁠ទ្រង់⁠នៅ⁠ឯ⁠កាល់⁠វ៉ា⁠រី⁠។⁠

⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠ជឿជាក់⁠លើ⁠អ្វី⁠ដែល⁠ប្រសើរ⁠​⁠បំផុត⁠នៅក្នុង⁠មនុស្ស⁠ម្នា⁠ក់ៗ⁠ ⁠ហើយ⁠ប្តេជ្ញា⁠ជួយ⁠ពួកគេ⁠ឲ្យ⁠រក⁠ឃើញ⁠ពី⁠របៀប⁠ដែល⁠ពួកគេ⁠អាច⁠សោយរាជ្យ⁠​⁠ក្នុង⁠ជីវិត⁠តាមរយៈ⁠ភាព⁠បរិបូរណ៍⁠នៃ⁠ព្រះគុណ⁠ ⁠និង⁠ព្រះ⁠​⁠អំណោយទាន⁠នៃ⁠សេចក្តី⁠សុចរិត⁠។⁠ ​⁠លោក⁠មានបំណង⁠ចិត្ត⁠​​⁠ចង់⁠​⁠ជួយ⁠អ្នកជឿ⁠ជំនាន់⁠នេះ⁠ឲ្យ⁠យល់⁠អំពី⁠សម្ពន្ធ⁠‌⁠មេត្រី⁠​⁠ថ្មី⁠នៃ⁠ព្រះគុណ⁠ ⁠ហើយ⁠ដឹង⁠ថា⁠ព្រះវរបិតា⁠របស់⁠ពួកគេ⁠ដែល⁠គង់នៅ⁠ឯ⁠ស្ថានសួគ៌⁠ប្រទាន⁠ព្រះពរ⁠យ៉ាង⁠ធំធេង⁠ដល់⁠ពួកគេ⁠ ​⁠សព្វ⁠ព្រះហឫទ័យ⁠នឹង⁠ពួកគេ⁠ ⁠ព្រមទាំង⁠​⁠ស្រឡាញ់⁠ពួកគេ⁠យ៉ាង⁠ខ្លាំង⁠​⁠។⁠

អ្នកគ្រូ វេនឌី ព្រីនស៍

⁠ជា⁠ភរិយា⁠ដ៏⁠ស្មោះត្រង់⁠ចំពោះ⁠គ្រូគង្វាល⁠ ⁠ព្រីនស៍⁠ ⁠និង⁠ជា⁠ម្តាយ⁠ដែល⁠ពោរពេញ⁠ដោយ⁠សេចក្ដី⁠​⁠ស្រឡាញ់⁠ចំពោះ⁠កូន⁠ ⁠ចេស⁠ស៊ី⁠កា⁠ ⁠សេ⁠ណា⁠ (Jessica Shayna) ⁠និង⁠ ⁠ចាស្⁠ទីន⁠ ⁠ដាវីឌ⁠ (Justin David) ⁠អ្នកគ្រូ⁠ ⁠វេន⁠ឌី⁠ ⁠ព្រីនស៍⁠ ⁠គឺជា⁠ស្ត្រី⁠ដ៏⁠មានគុណ⁠ធម៌⁠ដែល⁠បាន⁠រៀបរាប់⁠នៅក្នុង⁠សុភាសិត⁠ ⁠ជំពូក⁠ ⁠៣១⁠។⁠ ⁠អ្នកគ្រូ⁠គឺជា⁠ប្រភព⁠នៃ⁠សេចក្តី⁠ស្រឡាញ់⁠ ⁠និង⁠ការ⁠គាំទ្រ⁠ឥត⁠ឈប់ឈរ⁠ចំពោះ⁠គ្រូគង្វាល⁠ ⁠ព្រីនស៍⁠ ⁠ហើយ⁠បាន⁠ប្តេជ្ញា⁠ចិត្ត⁠ក្នុង⁠ការ⁠ចិញ្ចឹម⁠បីបាច់⁠កូន⁠ ⁠ចេស⁠ស៊ី⁠កា⁠ ⁠សេ⁠ណា⁠ ⁠និង⁠ ⁠ចាស្⁠ទីន⁠ ⁠ដាវីឌ⁠ ⁠ឲ្យ⁠រីកចម្រើន⁠តាម⁠មាគ៌ា⁠​⁠របស់⁠ព្រះអម្ចាស់⁠។⁠ ⁠ការ⁠បន្ទាបខ្លួន⁠ ⁠ភាព⁠កក់ក្តៅ⁠ ⁠និង⁠សេចក្តី⁠ស្រឡាញ់⁠ដ៏⁠ចេញពី⁠ចិត្ត⁠​⁠របស់⁠អ្នកគ្រូ⁠​⁠ចំពោះ⁠ព្រះ⁠​ ⁠និង⁠មនុស្ស⁠ផង⁠ទាំងពួង⁠​⁠បាន⁠នាំឲ្យ⁠អ្នកគ្រូ⁠​⁠មានការ⁠ប្រឹក្សា⁠យោបល់⁠​ ⁠និង⁠ប៉ះពាល់⁠ដល់⁠ជីវិត⁠មនុស្ស⁠​⁠ជាច្រើន⁠។⁠

⁠ខ្ញុំ⁠​⁠អធិស្ឋាន⁠​⁠ថា⁠ ⁠ក្នុងនាម⁠ជា⁠ក្រុមជំនុំ⁠ ⁠យើង⁠នឹង⁠ដូច⁠នាង⁠​⁠ម៉ារា⁠ ⁠ដែល⁠​⁠អង្គុយ⁠នៅ⁠ឯ⁠ព្រះ⁠បាទា⁠​⁠ព្រះយេស៊ូ⁠ ⁠ធ្វើ⁠រឿង⁠មួយ⁠ដែល⁠ចាំបាច់⁠ ⁠គឺ⁠ទទួល⁠​⁠ពី⁠​⁠ទ្រង់⁠ ⁠និង⁠ទទួល⁠បាន⁠សេចក្តី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠
– ⁠វេន⁠ឌី⁠ ⁠ព្រីនស៍⁠

អំពីក្រុមជំនុំ New Creation Church

⁠ក្រុមជំនុំ⁠ New Creation Church ⁠គឺជា⁠ក្រុមជំនុំ⁠ក្នុង⁠តំបន់⁠មួយ⁠ដែល⁠មាន⁠មូលដ្ឋាន⁠នៅ⁠ប្រទេស⁠សិង្ហបុរី⁠។⁠

⁠និមិត្ត⁠​⁠របស់⁠យើង⁠ ⁠គឺ⁠ដើម្បី⁠មើលឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ភាពល្អ⁠អស្ចារ្យ⁠គួរ⁠ជាទី⁠​​​​⁠ស្រឡាញ់⁠​⁠នៃ⁠រូបអង្គ⁠ទ្រង់⁠ ⁠និង⁠ភាពល្អ⁠ឥត⁠ខ្ចោះ⁠នៃ⁠កិច្ចការ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠ដើម្បីឲ្យ⁠មនុស្ស⁠​⁠ស្គាល់⁠ទ្រង់⁠តាមរយៈ⁠ការប្រកាស⁠​⁠ដំណឹងល្អ⁠។⁠

⁠នៅ⁠ក្រុមជំនុំ⁠ New Creation Church ⁠យើង⁠ជឿ⁠ថា⁠យើង⁠ជា⁠មនុស្ស⁠​⁠ជា⁠​⁠ទីស្រឡាញ់⁠របស់⁠ព្រះ⁠​⁠។⁠ ⁠ទ្រង់⁠បាន⁠បង្ហាញ⁠រឿង⁠នេះ⁠ ⁠តាមរយៈ⁠ការ⁠លះបង់⁠​⁠នូវ⁠អ្វី⁠ដែល⁠ល្អ⁠បំផុត⁠នៅ⁠ស្ថានសួគ៌⁠ ⁠គឺ⁠​⁠ព្រះរាជបុត្រា⁠តែមួយគត់⁠របស់⁠ទ្រង់⁠ ⁠គឺ⁠ព្រះយេស៊ូវ⁠ ⁠សម្រាប់⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠។⁠ ⁠នៅពេល⁠ដែល⁠យើង⁠យល់⁠​⁠ពី⁠ការ⁠បើក⁠​⁠បង្ហាញ⁠នៃ⁠​⁠សេចក្ដីពិត⁠នេះ⁠ ⁠យើង⁠ត្រូវ⁠បាន⁠ផ្លាស់⁠ប្រែ⁠​⁠ដោយ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ពី⁠ខាងក្នុង⁠មក⁠ក្រៅ⁠។⁠ ⁠នោះ⁠ជា⁠ភាពល្អ⁠អស្ចារ្យ⁠​⁠នៃ⁠ការ⁠ជឿ⁠ ⁠និង⁠ការរស់នៅ⁠ក្នុង⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠និង⁠ព្រះគុណ⁠របស់⁠ព្រះវរបិតា⁠!

⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠​ ⁠ព្រីនស៍⁠ ⁠អធិប្បាយ⁠ព្រះបន្ទូល⁠​⁠ជាប្រចាំ⁠នៅក្នុង⁠ក្រុមជំនុំ⁠ New Creation Church ⁠ក្នុង⁠តួនាទី⁠ស្ម័គ្រចិត្ត⁠ ⁠ហើយ⁠សារ⁠មេរៀន⁠​⁠របស់⁠លោកគ្រូ⁠ដែល⁠ផ្តោត⁠លើ⁠ព្រះគ្រីស្ទ⁠ ⁠បានឮ⁠ទៅដល់⁠មនុស្ស⁠រាប់⁠លាន⁠នាក់⁠នៅ⁠ទូទាំង⁠ពិភពលោក⁠​⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠

⁠សេចក្ដីថ្លែង⁠ការណ៍⁠ស្ដីពី⁠ការ⁠​⁠មិន⁠ជាប់ពាក់ព័ន្ធ⁠

⁠ក្រៅពី⁠អ្នក⁠​⁠ដែល⁠បាន⁠រៀបរាប់⁠យ៉ាង⁠ជាក់លាក់⁠​⁠នៅ⁠លើ⁠គេហទំព័រ⁠របស់⁠យើង⁠ ⁠ឬនៅ⁠ក្នុង⁠ការឆ្លើយឆ្លង⁠ផ្លូវការ⁠របស់⁠យើង⁠ ⁠ក្រុមជំនុំ⁠ New Creation Church ⁠មិន⁠មាន⁠ទំនាក់ទំនង⁠ជាមួយ⁠ក្រុមជំនុំ⁠ ⁠ព័ន្ធកិច្ច⁠ ⁠ឬ⁠​⁠ព័ន្ធ⁠ការី⁠ ⁠អង្គការ⁠ ⁠ចលនា⁠ ⁠ឬ⁠វេទិកា⁠ឌីជីថល⁠ណាមួយ⁠ឡើយ⁠ ⁠មិនថា⁠ក្នុង⁠ស្រុក⁠ ⁠ឬនៅ⁠បរទេស⁠​⁠។⁠ ⁠ក្នុងករណី⁠​⁠ដែល⁠​⁠មាន⁠​⁠បុគ្គល⁠ ⁠ក្រុមជំនុំ⁠ ⁠អង្គការ⁠ ⁠ឬ⁠ក្រុម⁠ណាមួយ⁠ដែល⁠អះអាង⁠ថា⁠មានការ⁠ពាក់ព័ន្ធ⁠​⁠ជាមួយ⁠ក្រុមជំនុំ⁠ New Creation Church (⁠និង⁠/⁠ឬ⁠ ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠​ ⁠ព្រីនស៍⁠) ⁠ពួកគេ⁠​⁠ធ្វើបែប⁠នេះ⁠​​⁠ដោយ⁠យើង⁠មិនបាន⁠ដឹង⁠ ⁠ឬមិន⁠បាន⁠អនុញ្ញាត⁠ ⁠ហើយ⁠មិន⁠តំណាង⁠ឲ្យ⁠យើង⁠ទេ⁠។⁠

⁠ប្រសិនបើ⁠អ្នកដឹង⁠ថា⁠មាន⁠​⁠បុគ្គល⁠ ⁠ក្រុមជំនុំ⁠ ⁠អង្គការ⁠ ⁠ឬ⁠ក្រុម⁠ណាមួយ⁠ដែល⁠អះអាង⁠ថា⁠មានការ⁠ពាក់ព័ន្ធ⁠​⁠ជាមួយ⁠យើង⁠​ ⁠ឬ⁠ទទួលការ⁠គាំទ្រ⁠ពី⁠​⁠យើង⁠ (⁠និង⁠/⁠ឬ⁠ ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠​ ⁠ព្រីនស៍⁠) ⁠និង⁠/⁠ឬ⁠ប្រើប្រាស់⁠ការ⁠អះអាង⁠បែបនេះ⁠ដើម្បី⁠រៃអង្គាស⁠ថវិកា⁠ ⁠ឬ⁠ដើម្បី⁠ផ្សព្វផ្សាយ⁠ព្រឹត្តិ⁠ការណ៍⁠របស់⁠ពួកគេ⁠ ⁠សូម⁠ជូនដំណឹង⁠មក⁠យើង⁠ជាបន្ទាន់⁠នៅ⁠⁠ត្រង់នេះ⁠។⁠

⁠ដើម្បី⁠ស្វែងយល់⁠បន្ថែម⁠អំពី⁠ក្រុមជំនុំ⁠ New Creation Church ⁠សូម⁠ចុច⁠⁠ត្រង់នេះ⁠⁠។⁠

⁠អ្វី⁠ដែល⁠យើង⁠ជឿ⁠

⁠ក្រុមជំនុំ⁠ New Creation Church ⁠គឺជា⁠ក្រុមជំនុំ⁠ក្នុង⁠តំបន់⁠មួយ⁠ដែល⁠មាន⁠មូលដ្ឋាន⁠នៅ⁠ប្រទេស⁠សិង្ហបុរី⁠។⁠ ⁠និមិត្ត⁠​⁠របស់⁠យើង⁠ ⁠គឺ⁠ដើម្បី⁠មើលឃើញ⁠ព្រះយេស៊ូវ⁠នៅក្នុង⁠ភាពល្អ⁠អស្ចារ្យ⁠គួរ⁠ជាទី⁠​​​​⁠ស្រឡាញ់⁠​⁠នៃ⁠រូបអង្គ⁠ទ្រង់⁠ ⁠និង⁠ភាពល្អ⁠ឥត⁠ខ្ចោះ⁠នៃ⁠កិច្ចការ⁠របស់⁠ទ្រង់⁠ ⁠ហើយ⁠ដើម្បីឲ្យ⁠មនុស្ស⁠​⁠ស្គាល់⁠ទ្រង់⁠តាមរយៈ⁠ការប្រកាស⁠​⁠ដំណឹងល្អ⁠។⁠

⁠យើងខ្ញុំ⁠សូម⁠អញ្ជើញលោក⁠អ្នកឲ្យ⁠ស្វែងយល់⁠បន្ថែម⁠អំពី⁠ ⁠មូលដ្ឋាន⁠គ្រឹះ⁠នៃ⁠ជំនឿ⁠របស់⁠យើងខ្ញុំ⁠ ⁠និង⁠អ្វី⁠ដែល⁠យើងខ្ញុំ⁠ជឿ⁠អំពី⁠ ⁠ការ⁠យកឈ្នះ⁠លើ⁠​⁠បាប⁠ ⁠ព្រះចេស្ដា⁠​⁠នៃ⁠ព្រះគុណ⁠ ⁠ការ⁠ប្រែចិត្ត⁠ ⁠ការ⁠ផ្គត់ផ្គង់⁠របស់⁠ព្រះ⁠ ⁠ពិធី⁠លៀង⁠ព្រះអម្ចាស់⁠​⁠​⁠ ⁠និង⁠ ⁠ការ⁠រួបរួម⁠​⁠ ⁠នៃ⁠ក្រុមជំនុំ⁠ ⁠ដែល⁠ព្រះ⁠បាន⁠ត្រាស់⁠​⁠ហៅ⁠យើង⁠នៅក្នុង⁠សេចក្តី⁠ប្រកាស⁠​⁠ជំនឿ⁠របស់⁠យើង⁠ខាងក្រោម⁠។⁠

⁠អ្នក⁠ក៏⁠ប្រហែលជា⁠ចង់⁠អាន⁠អត្ថបទ⁠មួយ⁠ស្តី⁠ពី⁠ ⁠⁠ព្រះគុណ⁠ដ៏⁠ពិត⁠ ⁠និង⁠​⁠ព្រះគុណ⁠ក្លែងក្លាយ⁠។⁠.

យើងជឿ និងអះអាងនូវ​គោលជំនឿរបស់ពួកសាវ័ក និងគោលជំនឿណាយស៊ីន។

យើងជឿលើសិទ្ធិ​អំណាចនៃព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ​។ យើងជឿថាអត្ថបទ​គម្ពីរ​ទាំងអស់ត្រូវបានបណ្ដាល​ឲ្យតែងឡើង​ដោយព្រះ​ ហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គោលលទ្ធិដ៏ត្រឹមត្រូវ (២ ធីម៉ូថេ ៣:១៦-១៧)។

យើងជឿថាមានព្រះ​តែមួយអង្គ ដែលគង់នៅ​អស់កល្បជានិច្ច ជា​​បីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះ‌វិញ្ញាណបរិសុទ្ធ​ (ម៉ាថាយ ៣:១៦-១៧, ២ កូរិនថូស ១៣:១៤, អេភេសូរ ៤:៤-៦)។

យើងជឿលើភាពជាព្រះរបស់ព្រះអម្ចាស់ព្រះយេស៊ូវ​គ្រីស្ទ ក្នុងការប្រសូត​របស់ទ្រង់​ពីស្ត្រី​ព្រហ្មចារី​ ក្នុងជីវិតដែលគ្មានបាបរបស់ទ្រង់ ក្នុងព្រះចេស្ដា​របស់ទ្រង់ក្នុងការប្រោស​ឲ្យជា​ ក្នុងការអស្ចារ្យរបស់ទ្រង់ ក្នុងសុគតដែល​ប្រោសលោះរបស់ទ្រង់តាមរយៈការបូជាព្រះជន្ម​របស់ទ្រង់នៅលើឈើឆ្កាង ក្នុងការ​រស់ឡើងវិញរបស់ទ្រង់ និងក្នុងការយាងឡើងទៅគង់នៅ​ខាងស្ដាំ​ព្រះវរបិតា ជាសម្ដេចសង្ឃ និងជាព្រះអង្គសម្រុះសម្រួល​របស់យើង។ យើងជឿថាព្រះអម្ចាស់ព្រះយេស៊ូវ​នឹងយាងមកវិញម្តងទៀត ដូចដែលទ្រង់បានសន្យា (យ៉ូហាន ១៤:២-៣, ម៉ាថាយ ២៤:៣០)។

យើងជឿថា ពិធីបុណ្យជ្រមុជទឹកគឺជាការបង្ហាញ​ចេញមកខាងក្រៅអំពី​ជំនឿរបស់យើង ដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកជឿ ជាមួយនឹងការសុគត ការបញ្ចុះព្រះ​សព និងការមានព្រះជន្ម​រស់ឡើងវិញរបស់ព្រះអម្ចាស់​យេស៊ូវនៃ​យើង (កិច្ចការ ៨:១២, រ៉ូម ៦:៤)។

យើងជឿថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ គឺជាព្រះដែលកម្សាន្ដ​​លួងលោមចិត្តយើង។ ព្រះអង្គ​​ណែនាំ​យើង​នៅ​គ្រប់​វិស័យ​នៃ​ជីវិត​របស់​យើង (យ៉ូហាន ១៤:២៦)។ យើងជឿលើការ​ជ្រមុជក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយមានភស្តុតាងជា​ការអធិស្ឋានដោយការណែនាំពី​ព្រះវិញ្ញាណ (កិច្ចការ ២:១-៤)។ យើងជឿលើព្រះ​អំណោយទានទាំងប្រាំបួននៃព្រះវិញ្ញាណ និង​លក្ខណៈទាំងប្រាំបួននៃផលផ្លែនៃព្រះវិញ្ញាណ (១ កូរិនថូស ១២:៧-១១, កាឡាទី ៥:២២-២៣)។

យើងជឿដំណឹងល្អថា ព្រះទ្រង់ស្រឡាញ់មនុស្ស​លោក​ខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវមក ហើយអ្នកណាដែលជឿលើទ្រង់ មិនត្រូវវិនាសឡើយ គឺនឹង​មាន​ជីវិត​អស់កល្ប​ជានិច្ចវិញ។ ដ្បិត​ព្រះ​​មិន​បាន​ចាត់​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ក្នុង​លោកិយ ​ដើម្បីជំនុំជម្រះ​​លោកិយ​​ទេ គឺ​ដើម្បី​ឲ្យ​លោកិយ​បាន​សង្គ្រោះ​ដោយសារ​ទ្រង់​វិញ (យ៉ូហាន ៣:១៦-១៧)។ យើងជឿថាយើងត្រូវបានត្រាស់​ហៅឲ្យនាំដំណឹងល្អនេះ ជាដំណឹងល្អនៃព្រះគុណ ​ទៅកាន់គ្រប់ជាតិសាសន៍ (កិច្ចការ ២០:២៤)។

យើងជឿថា ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត និងជាជីវិត (យ៉ូហាន ១៤:៦)។ អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវ នោះនឹងបានសង្គ្រោះ (រ៉ូម ១០:១៣)។ ព្រះគម្ពីរប្រាប់យើងថា «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត។ ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់» (រ៉ូម ១០:៩–១០)។

យើងជឿថា ​បាបបានញែកយើងចេញពីព្រះដ៏​បរិសុទ្ធ ហើយទោសនៃ​បាបគឺសេចក្តីស្លាប់។ រ៉ូម ៦:២៣ ប្រាប់យើងថា «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ ដំណឹងល្អគឺថា រ៉ូម ៦:២៣ មិនឈប់ត្រឹមហ្នឹងទេ។ ខគម្ពីរនេះ​បន្តចែងប្រាប់យើង​ថា «​តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា»។ នៅក្នុងព្រះគ្រីស្ទ «​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់» (អេភេសូរ ១:៧)។ ព្រះ​គម្ពីរក៏ប្រាប់យើង​ផងដែរ​​ថា «បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១ យ៉ូហាន ១:៩)។ ដូច្នេះ ជាការសំខាន់ណាស់ នៅពេលដែលនរណាម្នាក់ក្លាយជាអ្នកជឿលើព្រះយេស៊ូ​វគ្រីស្ទ ពួកគេទទួលស្គាល់អំពើបាបរបស់ពួកគេ ទទួលស្គាល់ថា​​ពួកគេត្រូវការ​ព្រះអង្គសង្គ្រោះ ហើយធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ដើម្បីទទួលបានការអត់ទោសបាបដ៏​ពេញលេញរបស់ទ្រង់ ចំពោះអំពើបាបទាំងអស់របស់ពួកគេ។

យើងជឿថា ក្នុងនាមជា​អ្នកជឿ​ដែលបានកើតជាថ្មីនៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ យើងត្រូវបានត្រាស់​ហៅឲ្យរស់នៅដោយជ័យជម្នះលើអំណាចនៃ​បាប និង «ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​បាន​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង» (កូល៉ុស ១:១០)។ យើងជឿថា អំពើបាបតែងតែមានផលវិបាកដែល​បំផ្លិចបំផ្លាញ។ នេះមិនមែនជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់ព្រះទៅលើ​អ្នកជឿនោះទេ ប៉ុន្តែជាផលវិបាក​បំផ្លិចបំផ្លាញនៃអំពើបាបខ្លួនឯង។ ជាឧទាហរណ៍ អ្នកជឿអាចប្រើជម្រើសដោយសេរីរបស់ពួកគេ ហើយដាក់ដៃរបស់ពួកគេចូលទៅក្នុងភ្លើង។ ផលវិបាកបំផ្លិចបំផ្លាញគឺជាលទ្ធផលនៃការជ្រើសរើស​របស់បុគ្គលនេះផ្ទាល់ មិនមែនជា​ការដាក់ទណ្ឌកម្មពីព្រះ​ទេ។

យើងជឿថាព្រះគុណគឺជាគ្រូដែលបង្រៀនអ្នកជឿដ៏​ពិតឲ្យបដិសេធអំពើទុច្ចរិត និងតណ្ហាខាងលោកិយ។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា «ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់‌ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ» (ទីតុស ២:១១-១២)។ ព្រះគុណមិនមែនជាលេសដើម្បី​ឲ្យ​អ្នកជឿ​ប្រព្រឹត្ត​បាបទេ។ បុគ្គលណាដែលធ្វើការអះអាងមិនត្រឹមត្រូវបែបនេះ ដើម្បីបង្ហាញថា​ជម្រើសនៃ​ជីវិតរបស់ពួកគេមានភាព​ត្រឹមត្រូវ បុគ្គលនោះ​មិនយល់ពីដំណឹងល្អនៃព្រះគុណ ហើយក៏មិនតំណាងឲ្យអ្វីដែលយើងជឿដែរ។

យើងជឿថា​បាបនឹងមិនមានអំណាចលើអ្នកជឿដែលមានការបើកសម្ដែងត្រឹមត្រូវអំពី​ដំណឹងល្អនៃព្រះគុណ និងអ្នកដែលកាន់អត្តសញ្ញាណដ៏សុចរិតរបស់ពួកគេនៅក្នុងព្រះគ្រីស្ទឡើយ។ រ៉ូម ៦:៨, ១២–១៤ បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ «បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ...ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ»។

ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ (រ៉ូម ៦:១៤)

យើងជឿថា ផលផ្លែដ៏ប្រសើរ​នៃដំណឹងល្អនៃព្រះគុណនឹងនាំទៅរកជីវិតដែលមានជ័យជម្នះ​លើអំពើបាប អាពាហ៍ពិពាហ៍ដ៏មានសុភមង្គល គ្រួសាររឹងមាំ ចិត្តសប្បុរសពិតប្រាកដ និងអ្នកជឿដែលបានកើតជាថ្មី ដែលសោយរាជ្យ​នៅគ្រប់វិស័យនៃជីវិតរបស់ពួកគេ ដើម្បីថ្វាយសិរីល្អ​ដល់ព្រះ​។ រ៉ូម ៥:១៧ ប្រាប់យើងថា «​ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ»។

យើងជឿថា អ្នកជឿដែលបានកើតជាថ្មីយ៉ាងពិតប្រាកដ មិនកំពុងតែ​ស្វែងរកលេសដើម្បីប្រព្រឹត្តអំពើបាបនោះទេ។ តើពួកគេអាចធ្វើដូចម្តេច ប្រសិនបើពួកគេ​បានរង​ឥទ្ធិពលពី​សេចក្តីស្រឡាញ់ និងការលះបង់របស់ព្រះយេស៊ូវ? យើងជឿថា ពួកគេកំពុងស្វែងរកផ្លូវចេញពីអំពើបាប និងចេញពីគុកនៃការភ័យខ្លាច កំហុស និងការថ្កោលទោស។ យើងបានសង្កេតឃើញថា កាលណាយើងប្រកាសពីព្រះគុណដ៏អស្ចារ្យ និងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌរបស់ព្រះ​កាន់តែច្រើន យើងកាន់តែទទួលបានទីបន្ទាល់ជាច្រើនអនេក​ពីមនុស្សនៅជុំវិញពិភពលោក ដែលត្រូវបានរំដោះចេញពីរូបភាពអាសអាភាស ការញៀនស្រា គ្រឿងញៀន និងអំពើ​ប្រាស​ចាក​សីលធម៌ខាងផ្លូវភេទ។ នោះគឺជាព្រះចេស្ដា​នៃដំណឹងល្អនៃព្រះគុណ។ នៅពេលដែលមាន​មនុស្ស​ប្រកាស​អំពី​ព្រះយេស៊ូវ នោះ​បាបបាត់បង់អំណាច​ក្នុងការគ្រប់គ្រងលើជីវិតរបស់មនុស្ស ហើយការ​ប្រែ​ចិត្ត​​ពិតប្រាកដកើតមាន​ឡើង។

យើងជឿថាសព្វថ្ងៃនេះ យើងស្ថិតនៅក្រោមសេចក្ដីសញ្ញា​ថ្មី​នៃព្រះគុណ។ «ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ» (យ៉ូហាន ១:១៧)។ សេចក្ដីសញ្ញាចាស់នៃក្រឹត្យវិន័យត្រូវបានប្រទានមកតាមរយៈអ្នកបម្រើម្នាក់។ ព្រះគុណ និងសេចក្តីពិតបានមកតាមរយៈព្រះរាជបុត្រា។ ក្រឹត្យវិន័យនិយាយអំពីអ្វីដែលមនុស្សគួរតែក្លាយជា។ ព្រះគុណបង្ហាញថាព្រះ​ជានរណាចំពោះមនុស្ស។ នៅក្នុងការអស្ចារ្យដំបូងរបស់លោកម៉ូសេ ទ្រង់បានប្រែទឹកទៅជាឈាម ដែលបណ្តាលឲ្យស្លាប់។ នៅក្នុងការអស្ចារ្យដំបូងនៃព្រះគុណ ព្រះយេស៊ូវបានប្រែទឹកទៅជាស្រា ដែលនាំឲ្យមានជីវិត និងការអបអរសាទរ។ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ (២ កូរិនថូស ៣:៦)។ នៅក្រោម​ក្រឹត្យវិន័យ ព្រះ​ទាមទារនូវសេចក្ដី​សុចរិតពីមនុស្សដែលបានរលួយខូចខាងឯវិញ្ញាណ​។ ប៉ុន្តែនៅក្រោមព្រះគុណ ព្រះប្រទានសេចក្តីសុចរិតជាអំណោយទាន​មួយ (២ កូរិនថូស ៥:២១, រ៉ូម ៥:១៧)។

យើងជឿថា តាមរយៈកិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងឯកាល់វ៉ារី អស់អ្នកជឿលើទ្រង់ ហើយទទួលស្គាល់ទ្រង់ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ គឺស្ថិតនៅក្រោមសេចក្ដីសញ្ញា​ថ្មីនៃព្រះគុណ។ នៅក្រោមក្រឹត្យវិន័យ​ ព្រះ​បានមានបន្ទូលថា ទ្រង់នឹងមិនលើកលែងទោសអ្នកដែលមានទោសឡើយ ប៉ុន្តែនឹងដាក់ទោសអំពើបាបរបស់ពួកគេដល់ជំនាន់ទីបី និងទីបួន (និក្ខមនំ ៣៤:៧)។ នៅក្រោមព្រះគុណ ព្រះ​មានបន្ទូលថា «​ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត» (ហេព្រើរ ៨:១២)។ ក្រឹត្យវិន័យ​គឺផ្តោតលើមនុស្ស ចំណែកឯព្រះគុណគឺផ្តោតលើព្រះយេស៊ូវ។ ក្រឹត្យវិន័យផ្តោតលើអ្វីដែលយើងត្រូវតែសម្រេចបានដើម្បីបានសុចរិត។ ព្រះគុណផ្តោតទាំងស្រុងលើអ្វីដែលព្រះយេស៊ូវបានសម្រេចសម្រាប់ការការរាប់ជាសុចរិតរបស់យើង។ នៅក្រោមក្រឹត្យវិន័យ យើងត្រូវបានដកហូតសិទ្ធិដោយសារការមិនស្តាប់បង្គាប់របស់យើង។ នៅក្រោមព្រះគុណ យើងមានសិទ្ធិ​ដោយសារការស្ដាប់​បង្គាប់របស់ព្រះយេស៊ូ។ នៅក្រោមក្រឹត្យវិន័យ យើងត្រូវបានរាប់ជា​សុចរិតនៅពេលដែលយើងធ្វើត្រឹមត្រូវ។ នៅក្រោមព្រះគុណ យើងត្រូវបានប្រោស​ឲ្យបាន​សុចរិតនៅពេលដែលយើងជឿត្រឹមត្រូវ (រ៉ូម ៤:៣-៨)។

ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ (យ៉ូហាន ១:១៧)។

យើងជឿថាបទបញ្ជាទាំងដប់ប្រការគឺបរិសុទ្ធ យុត្តិធម៌ ​រុងរឿង និងល្អប្រសើរ​ ហើយយើងឲ្យតម្លៃ​ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះក្រឹត្យវិន័យដ៏ល្អឥតខ្ចោះរបស់ព្រះ។ យើងជឿថាបទ‌បញ្ជាទាំងដប់ប្រការគឺបរិសុទ្ធនៅក្នុងបទដ្ឋាន​ស្តង់ដារនៃបទបញ្ជានោះ​ ហើយក៏តម្រូវដោយមិនលម្អៀង​នៅក្នុងភាព​បរិសុទ្ធ ដូចដែលកាឡាទី ៣:១១ បញ្ជាក់យ៉ាងច្បាស់ថា «ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រិត្យ‌វិន័យ​ឡើយ»។ ការរាប់ជាសុចរិតនៅចំពោះព្រះអាចកើតឡើងបានតែដោយសារជំនឿលើព្រះគ្រីស្ទប៉ុណ្ណោះ ៖ «យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទ​នោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ឡើយ... ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ‌វិន័យ ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ។ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រិត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ» (កាឡាទី ២:១៦, ១៩-២១)។

យើងជឿថា អ្នកជឿដែលបានផ្លាស់ប្រែ​ដោយព្រះចេស្ដានៃព្រះគុណរបស់ព្រះអម្ចាស់ នឹងចង់អនុវត្ត ព្រមទាំង​រក្សាឧត្តមភាពខាងផ្នែក​សីលធម៌ តម្លៃ និងគុណធម៌ដែលគាំទ្រដោយបញ្ញត្តិទាំងដប់ប្រការ។ ព្រះគុណពិត បង្កើតភាពបរិសុទ្ធពិត។ ដូចលោក​សាវ័កប៉ុលបានប្រកាស​ថា «សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ» (រ៉ូម ១៣:១០)។

យើងជឿថា រាស្ត្ររបស់ព្រះដែលស្ថិតនៅក្រោមព្រះគុណមិនត្រឹមតែបំពេញតាមអក្សរនៃក្រឹត្យវិន័យប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងព្រះគ្រីស្ទ ពួកគេបំពេញលើពីនោះ ហើយទៅឆ្ងាយជាងនោះ​។ ឧទាហរណ៍ ក្រឹត្យវិន័យ​អាចបញ្ជាតែមនុស្សម្នាក់មិនឲ្យប្រព្រឹត្តអំពើផិតក្បត់ប៉ុណ្ណោះ ហើយខណៈពេលដែលមនុស្សម្នាក់អាចរក្សាក្រឹត្យវិន័យនោះ​នៅសម្បក​ក្រៅ ​ក៏​អាចទៅរួចដែលថា នៅខាងក្នុង​ចិត្តរបស់ពួកគេ​ ពួកគេនៅតែគ្មានសេចក្តីស្រឡាញ់ចំពោះប្តី ឬប្រពន្ធរបស់ពួកគេ។ ព្រះគុណមិនត្រឹមតែដោះស្រាយជាមួយនឹងការកែប្រែអាកប្បកិរិយាដោយបង្ហាញចេញមកខាងក្រៅ ឬសម្បក​ក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏ដោះស្រាយនឹងការកែប្រែក្នុងកម្រិត​កាន់តែជ្រៅ​។ ព្រះគុណ​បង្រៀនបុរសម្នាក់ឲ្យស្រឡាញ់ប្រពន្ធរបស់គាត់ ដូចដែលព្រះគ្រីស្ទ​ស្រឡាញ់ពួក​ជំនុំ និងកសាងអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតដោយផ្អែកលើព្រះចេស្ដា​នៃឈើឆ្កាង។ នោះគឺជាព្រះចេស្ដាដែលនាំការផ្លាស់ប្រែ​នៃព្រះគុណរបស់ព្រះ។ អំណាចក្នុងការស្រឡាញ់ និងរស់នៅជីវិតដែលប្រកបដោយសីលធម៌ និងថ្វាយសិរីល្អដល់ព្រះ ជាដំបូង​កើតចេញពីការជួបប្រទះនូវ​សេចក្តីស្រឡាញ់ដ៏ស្និទ្ធស្នាលបំផុតរបស់ព្រះអម្ចាស់ចំពោះយើង (១ យ៉ូហាន ៤:១៩)។ នៅពេលដែល​បានជួបប្រទះនឹងព្រះគុណដ៏លើសលប់របស់ព្រះ មនុស្ស​ម្នាក់​មិនត្រឹមតែ​​មិនលោភលន់ចង់បាន​អ្វីដែលជារបស់អ្នកជិតខាង​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានអំណាចក្នុងការមានចិត្តទូលាយចំពោះអ្នកជិតខាង និងសហគមន៍របស់ពួកគេផងដែរ។ យើងជឿថានេះជាអ្វីដែលបានកើតឡើងចំពោះលោក​សាខេ បន្ទាប់ពីគាត់បានជួបប្រទះនឹងព្រះគុណរបស់ព្រះដោយផ្ទាល់។ គាត់​បាន​និយាយ​ថា «មើល ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ចែក​ទ្រព្យ​ទូលបង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូលបង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូលបង្គំ​នឹង​សង​គេ​១​ជា​៤​វិញ» (លូកា ១៩:៨)។

យើងជឿ​ថា ជាការសំខាន់ណាស់ក្នុងការយល់ដឹងពីអត្ថន័យដើមនៃពាក្យក្រិកសម្រាប់ «ការប្រែចិត្ត» ហើយមិនមែនគ្រាន់តែជាប្រពៃណីនៃការធ្វើពិធី​ចិត្តនឹកស្ដាយ​​ដោយបង្ហាញចេញមកខាងក្រៅនោះទេ។ ពាក្យក្រិកសម្រាប់ «ប្រែចិត្ត» គឺ metanoia ដែលមានន័យថា «ការផ្លាស់ប្តូរចិត្តគំនិត»។ ការប្រែចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរចិត្តគំនិត​ពិតប្រាកដ គឺជ្រៅជាងការបង្ហាញពីការប្រែចិត្ត ដែល​បង្ហាញចេញមកខាងក្រៅសុទ្ធសាធ។ មនុស្សម្នាក់អាចមើលទៅហាក់ដូចជាសោកស្ដាយពីសម្បក​ខាងក្រៅ និង​ថែមទាំងយំសោក​ទៀតផង ហើយនៅតែមិនទាន់បានឆ្លងកាត់ការទម្លុះទម្លាយ​​នៅលើ​អំពើបាបរបស់ពួកគេ។ ការប្រែចិត្ត​ពិតប្រាកដ (metanoia) និយាយអំពីការប្រែចិត្ត​ពិតប្រាកដ ការទទួលស្គាល់អំពើខុសឆ្គង និងការមាន​បំណងចិត្តពិតប្រាកដ​ដើម្បីងាកចេញពីអំពើបាប ហើយត្រឡប់ទៅរកព្រះគុណវិញ ដោយមានការបើកសម្តែងនៃឈើឆ្កាង (២ កូរិនថូស ៧:៩-១០)។

យើងជឿថា មនុស្សម្នាក់អាចជួបប្រទះនឹងការប្រែចិត្ត​ពិតប្រាកដ និងរួចផុតពីអំពើបាបបាន ដោយមានជំនឿលើប្រសិទ្ធភាពនៃកិច្ចការដែល​ព្រះអម្ចាស់ព្រះយេស៊ូវរបស់យើងបានសម្រេច​។ យើងជឿថា ប្រសិនបើអ្នកជឿម្នាក់បានធ្លាក់ចូលទៅក្នុងអំពើបាប ហើយកំពុងមានបញ្ហាជាប់ស្ទះជាមួយនឹងទម្លាប់បាបនៅថ្ងៃនេះ ជាការសំខាន់ណាស់ដែលពួកគេមានការផ្លាស់ប្តូរចិត្ត​គំនិត ហើយជឿដោយជំនឿថា សូម្បីតែអំពើបាបនោះ ក៏ត្រូវបានកាត់​ទោស​នៅក្នុងព្រះ​កាយរបស់ព្រះយេស៊ូវ ហើយចាប់ផ្តើមទទួល​ការអត់​ទោសពីព្រះសាជាថ្មី ព្រះគុណដែលមិនសមនឹងទទួលបានពីព្រះ និងសេចក្តីសុចរិតរបស់ព្រះ ដើម្បីយកឈ្នះលើភាពទន់ខ្សោយនោះ។ យើងសូមលើកទឹកចិត្តដល់អ្នកដែលបានដួលចុះ កុំ​រត់ចេញពីព្រះអម្ចាស់ព្រះយេស៊ូវរបស់យើង ប៉ុន្តែត្រូវរត់ទៅរកទ្រង់វិញ។ ព្រះយេស៊ូវគឺជាដំណោះស្រាយ ជា​ចម្លើយ និងជាជ័យជម្នះចេញពីវដ្តដែលនាំការ​បំផ្លិចបំផ្លាញនៃ​បាប (រ៉ូម ៥:១៧)។

ដ្បិត​បើ​សិន​ជា​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ។ (រ៉ូម ៥:១៧)

យើង​ជឿ​លើ​ការ​ប្រោសឲ្យបាន​បរិសុទ្ធ​ជា​លំដាប់។ ពេល​ដែល​យើង​ទទួល​ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង យើងទទួលបានការអត់ទោស ការលាង​សម្អាត បានគ្រប់លក្ខណ៍ក្នុងសេចក្តីសុចរិត និងបានសង្រ្គោះ។ យើង​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ព្រះគ្រីស្ទ​ដែរ (ហេព្រើរ ១០:១០)។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវយល់ថាការបើកសម្តែង និងដំណើរការនៃការញែកជាបរិសុទ្ធរបស់យើងនៅក្នុងព្រះគ្រីស្ទគឺកើតឡើងបន្តិចម្តងៗ។ ក្នុង​នាម​ជា​អ្នក​ជឿ យើង​មិន​អាច​ក្លាយ​ជា​មនុស្ស​សុចរិត​ជាង​នេះ​ទេ ប៉ុន្តែ​យើង​អាច​កាន់តែបរិសុទ្ធជាងមុន ឬ​បរិសុទ្ធ​ស្របតាម​របៀប​រស់​នៅ​របស់​យើង។ អាចនិយាយ​ក្នុង​ន័យ​ម្យ៉ាង​ទៀត ខណៈ​ដែល​អ្នក​ជឿ​ត្រូវ​បាន​ប្រោសឲ្យបាន​​សុចរិត ហើយ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះលោហិត​របស់​ព្រះយេស៊ូវម្ដងជាសូរេច ការញែកជាបរិសុទ្ធ​កំពុង​បន្តនៅ​​ក្នុង​ការរីកចម្រើន​​របស់​ពួកគេ​ជា​គ្រីស្ទបរិស័ទ។ កាលណា​មនុស្ស​ម្នាក់​កាន់តែ​រីកចម្រើន​ក្នុង​ព្រះគុណ និង​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះអម្ចាស់ នោះ​មនុស្សម្នាក់នោះកាន់តែ​បានទទួលការលាងសម្អាតម្តងហើយម្តងទៀត​ដោយទឹកនៃព្រះបន្ទូលនៃព្រះគុណរបស់ព្រះ ហើយមនុស្សម្នាក់នោះរីកចម្រើននៅក្នុង​ការញែកជាបរិសុទ្ធ និង​ក្នុង​ភាពបរិសុទ្ធ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​និពន្ធ​សៀវភៅ​ហេព្រើរ​និយាយ​ថា​ យើងជាអ្នកដែលកំពុងត្រូវ​ ​«បាន​ញែក​ជា​បរិសុទ្ធ» ទោះ​ជា​យើង​ ​«បាន​គ្រប់លក្ខណ៍អស់កល្បជានិច្ច» ដោយ​ការ​ស្ដាប់​បង្គាប់​​របស់​ព្រះគ្រីស្ទ​នៅឯ​ឈើ​ឆ្កាង​ក៏​ដោយ (ហេព្រើរ ១០:១៤)។

យើងជឿថា «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត» (២ ធីម៉ូថេ ៣:១៦)។ ដូច្នេះយើងប្រុងប្រយ័ត្នចំពោះ «ការបង្រៀនដោយព្រះគុណ» ក្លែងក្លាយណាមួយដែលនិយាយថា អាកប្បកិរិយា វិន័យ ការកែតម្រូវ និងការរស់នៅត្រឹមត្រូវមិនសំខាន់។ ការបើកសម្តែងនៃការអត់ទោសមិនកាត់បន្ថយ ហើយក៏មិនលះបង់ចោលនូវការរស់នៅដោយត្រឹមត្រូវនោះដែរ។ ផ្ទុយទៅវិញ ការបើកសម្ដែងនោះ​គឺជាគ្រឿងបន្ថែមដែលធ្វើឱ្យការរស់នៅដោយត្រឹមត្រូវកើតមានឡើង។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលយើងដឹងថា ព្រះអម្ចាស់នឹងមិនកែតម្រូវយើងដោយប្រើប្រាស់​គ្រោះថ្នាក់​សោកនាដកម្មដ៏រន្ធត់​ ជំងឺ និងរោគា​ផ្សេងៗឡើយ។ ព្រះគម្ពីរប្រាប់យើងថា «ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ» (សុភាសិត ៣:១២)។

យើងជឿថា ​ព្រះវរបិតា​របស់យើងដែលគង់នៅស្ថានសួគ៌ មានព្រះហឫទ័យ​ផ្គត់ផ្គង់ដល់កូនៗ​របស់ទ្រង់ ដូចដែលយើង​ជាឪពុកម្តាយនៅលើផែនដីចង់ផ្គត់ផ្គង់ដល់កូនៗរបស់យើងដែរ។ ព្រះអម្ចាស់ព្រះយេស៊ូវនៃ​យើងបានបង្ហាញពីព្រះហឫទ័យរបស់ព្រះវរបិតានៅក្នុងសេចក្ដីអធិប្បាយលើភ្នំ នៅពេលដែលទ្រង់មានបន្ទូលថា «ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ» (ម៉ាថាយ ៦:៣១-៣២)។ ទោះជាយ៉ាងណាក៏ដោយ ថ្វីបើ​ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌សព្វព្រះហឫទ័យ​ឲ្យកូនៗ​របស់ទ្រង់ទទួលបានការ​ផ្គត់ផ្គង់យ៉ាងបរិបូរណ៍ និងទទួលបានជោគជ័យដ៏ល្អវិសេស (២ កូរិនថូស ៩:៨, យ៉ូស្វេ ១:៨, ទំនុកដំកើង ១:១-៣) ទ្រង់មិនចង់​ឲ្យកូនៗ​របស់ទ្រង់វង្វេងនឹងសម្ភារៈនិយម ឬងប់ងុលនឹងការដេញ​តាម​ស្វែងរកប្រាក់នោះទេ (សាស្តា ៥:១០, ម៉ាថាយ ៦:២៤)។

លោកសាវ័កប៉ុល បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសំបុត្ររបស់លោកទៅកាន់លោក​ធីម៉ូថេ ​ដែលលោកសរសេរថា «តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស នឹង​សេចក្ដី​អន្តរ‌ធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។ តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​សំឡូត​វិញ» (១ ធីម៉ូថេ ៦:៦–១១)។ យើងជឿថាអាទិភាពរបស់យើងគឺត្រូវ​ស្វែងរកព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃ​យើងជាទីមួយក្នុងគ្រប់កិច្ចការទាំងអស់​ ហើយតាំង​​ទ្រង់ជាគោលដ៏សំខាន់បំផុត​នៃជីវិតរបស់យើង មិនមែនជា​ការស្វែងរកប្រាក់ និងភាពជោគជ័យលើ​លោកិយនោះទេ។ នៅពេលដែលយើងទុកចិត្តលើទ្រង់ ព្រះពររបស់ទ្រង់នឹងមកតាមក្រោយ។ យើងជឿថា ព្រះពរ ភាពចម្រុងចម្រើន​ និង​ជោគជ័យដ៏ត្រចះត្រចង់​ពីព្រះអម្ចាស់ គឺជាអ្វីដែលគ្រប់ជ្រុងជ្រោយ មិនមែនត្រឹម​តែជាសម្ភារៈ ឬហិរញ្ញវត្ថុប៉ុណ្ណោះទេ ហើយវាចាប់ផ្តើមជាមួយនឹងការចម្រើនឡើង​​ខាងព្រលឹង (៣ យ៉ូហាន ១:២)។

អ្នក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​បាន​ចំរើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​បាន​សុខ​សប្បាយ​ខាង​រូប​សាច់ ដូច​ជា​ព្រលឹង​អ្នក​បាន​ចំរើន​ឡើង​ដែរ។ (៣ យ៉ូហាន ១:២)

យើងជឿ​ថា មនុស្សដែលស្ថិតនៅក្រោមព្រះគុណមានស្មារតីសប្បុរស ដោយផ្តល់ពេលវេលា ថាមពល និងធនធានហិរញ្ញវត្ថុរបស់ពួកគេដោយចេញពីចិត្ត​​ដើម្បីជួយ​ ស្រឡាញ់ និងយកចិត្តទុកដាក់ដល់អ្នកដែលខ្វះខាត។ ក្នុងនាមជាក្រុមជំនុំ យើងចូលរួមយ៉ាងសកម្ម និងសាបព្រោះដោយសប្បុរសចំពោះគំនិតផ្តួចផ្តើមជាច្រើននៅក្នុងសហគមន៍មូលដ្ឋានរបស់យើង ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ជាច្រើននៅជុំវិញពិភពលោក។ ចំពោះអ្នកដែលមានជីវភាពធូរធារជាង យើងលើកទឹកចិត្តពួកគេឲ្យស្តាប់ដំបូន្មានដែលលោក​សាវ័ក​ប៉ុលបានផ្តល់មកថា «ចូរ​ហាម‌ប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច» (១ ធីម៉ូថេ ៦:១៧-១៩)។ យើងមិនយល់ស្របនឹងអ្វីដែលត្រូវបានគេហៅថា «ដំណឹងល្អនៃភាពចម្រុងចម្រើន» ទេ ហើយយើងក៏មិនបង្រៀនថា អ្នកជឿទាំងអស់នឹងមានទ្រព្យសម្បត្តិច្រើនដែរ។ យើងមិនលើកទឹកចិត្ត​ឲ្យមានចិត្ត​លោភលន់ សម្ភារៈនិយម កំណាញ់ ឬ​ស្រឡាញ់ប្រាក់ឡើយ។ ផ្ទុយទៅវិញ យើងបង្រៀនថា អ្នកជឿត្រូវបានប្រទាន​ពរ​ឲ្យក្លាយជាព្រះពរដល់អ្នកដទៃ (លោកុប្បត្តិ ១២:៣, ២ កូរិនថូស ៩:៨)។

យើងជឿថា ពិធីលៀងព្រះអម្ចាស់រំឭកដល់ការសោយទិវង្គតរបស់ព្រះអម្ចាស់ ហើយយើងទទួលពិធីលៀងព្រះអម្ចាស់ដើម្បីរំឭកដល់ទ្រង់ (១ កូរិនថូស ១១:២៤-២៥)។ ពិធីលៀងព្រះអម្ចាស់ក៏ត្រូវបានគេស្គាល់ថាជា ពិធីលៀងព្រះអម្ចាស់ (Eucharist) ​មកពីពាក្យក្រិក eucharistia ដែលមានន័យថា «ការអរព្រះគុណ»។ នៅលើឈើឆ្កាង «តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» (អេសាយ ៥៣:៥)។ នៅពេលដែលយើងចងចាំ និងគោរពដល់ការសោយទិវង្គតរបស់ព្រះអម្ចាស់តាមរយៈការទទួល​ពិធីលៀងព្រះអម្ចាស់ដោយជំនឿ យើងកំពុងអរព្រះគុណព្រះ និងទទួលបានអ្វីៗគ្រប់យ៉ាងដែលទ្រង់បានសម្រេចនៅលើឈើឆ្កាងជំនួសយើង ដែលរួមមានសុខភាព ភាពពេញលេញ និងសេចក្ដី​សុខសាន្ដ។ យើងចូលរួមជាមួយអ្នកសរសេរ​គម្ពីរទំនុកដំកើងក្នុងការប្រកាសដោយអរព្រះគុណទ្រង់ចេញពីចិត្តយើងថា «ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​រួម​នៅ​ក្នុង​ខ្លួន​អញ ចូរ​សរសើរ​ដល់​ព្រះ‌នាម​បរិសុទ្ធ​នៃ​ទ្រង់​ដែរ ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះ‌គុណ​ណា​មួយ​របស់​ទ្រង់​ឡើយ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​ទុច្ចរិត​របស់​ឯងទ្រង់​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​ជា ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណាបំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯងបាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី» (ទំនុកដំកើង ១០៣:១-៥)។

យើងជឿលើការចូលរួមក្នុងពិធីលៀងព្រះអម្ចាស់រួមគ្នា ជាព្រះ​កាយដែលមានការ​រួបរួមរបស់ព្រះគ្រីស្ទរៀងរាល់ថ្ងៃអាទិត្យ ស្របតាមប្រពៃណីនៃក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ។ ព្រះគម្ពីរប្រាប់យើងថា «លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង» (កិច្ចការ ២០:៧)។

យើងជឿថា យើងត្រូវបានត្រាស់​ហៅឲ្យ​ដូចជា​ក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ ដែល «​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង នឹង​សេចក្ដី​អធិស្ឋាន​ផង» (កិច្ចការ ២:៤២)។ ក្រុមជំនុំដំបូងនៅក្នុងកណ្ឌគម្ពីរកិច្ចការ ច្បាស់ណាស់មានការបើកសម្តែងយ៉ាងស៊ីជម្រៅអំពីខ្លឹមសារ សារៈសំខាន់ និងព្រះចេស្ដានៃពិធីលៀងព្រះអម្ចាស់។ នោះហើយជាមូលហេតុដែលពួកគេមិនបានទទួលពិធីនោះតែម្តងម្កាលនោះទេ។ តាមពិតទៅ ព្រះគម្ពីរប្រាប់យើងថា «រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ ដោយ​អំណរ នឹង​ចិត្ត​ស្មោះ‌ត្រង់» (កិច្ចការ ២:៤៦)។

រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ ដោយ​អំណរ នឹង​ចិត្ត​ស្មោះ‌ត្រង់។ (កិច្ចការ ២:៤៦)

យើងជឿថា រាល់ពេលដែលយើងទទួល​ពិធីលៀងព្រះអម្ចាស់ មិនថានៅក្នុងការជួបជុំ​ក្រុមជំនុំ ឬពី «ផ្ទះមួយទៅផ្ទះមួយ» ដូចនៅក្នុងក្រុមជំនុំដំបូង​ (កិច្ចការ ២:៤៦) យើងគួរតែពិនិត្យពិច័យខ្លួនឯង ដើម្បីធានាថាយើងទទួល​តាមរបៀបដែលសក្តិសមសម្រាប់ពិធីលៀង​ព្រះអម្ចាស់។ ការទទួល​តាមរបៀបដែលសក្តិសមមានន័យថា ទទួល​ជាមួយនឹងការបើកសម្តែងអំពីកិច្ចការដែលបានបញ្ចប់របស់ទ្រង់ ដោយទទួលស្គាល់ថាយើងមិនមែនទទួលទានអាហារធម្មតាទេ ប៉ុន្តែជាអាហារដ៏បរិសុទ្ធ និងញែកដាច់ពីគេ។ វាមានន័យថា យើងត្រូវទទួលទានជាមួយនឹងជំនឿរបស់យើងដែលផ្តោតលើព្រះអម្ចាស់ព្រះយេស៊ូវនៃយើង ដោយដឹងជានិច្ចថា នៅពេលដែលយើងទទួលទាននំប៉័ង យើងចងចាំថាព្រះ​កាយរបស់ទ្រង់បានខ្ទេចខ្ទាំ ដើម្បីឲ្យរូបកាយរបស់យើងបានជាសះស្បើយពេញលេញ (១ កូរិនថូស ១១:២៤, អេសាយ ៥៣:៥)។ ហើយនៅពេលដែលយើងទទួលទានពី​ពែង យើងចងចាំថា ព្រះលោហិតរបស់ទ្រង់ត្រូវបានបង្ហូរសម្រាប់ការអត់ទោស និងការលើកលែងទោសអំពើបាបទាំងអស់របស់យើង (ម៉ាថាយ ២៦:២៨, កូល៉ុស ២:១៣)។

យើងជឿថា ខណៈពេលដែលមានការអនុវត្ត និងជំនឿខុសៗគ្នានៅទូទាំងនិកាយគ្រីស្ទបរិស័ទផ្សេងៗគ្នា នៅទូទាំងប្រវត្តិសាស្ត្រក្រុមជំនុំ យើងទាំងអស់គ្នានៅតែអាចរួបរួមគ្នាដោយសុខដុម​ ជាផ្នែកមួយនៃព្រះ​កាយរបស់ព្រះគ្រីស្ទ ហើយរួបរួមគ្នាជុំវិញគោលលទ្ធិគ្រឹះរបស់គ្រីស្ទបរិស័ទ ដូចដែលបានចែងនៅក្នុងគោលជំនឿរបស់ពួកសាវ័ក និងគោលជំនឿណាយស៊ីន (១ កូរិនថូស ១២:១២, អេភេសូរ ៤:៣)។

ជាវជាប្រចាំ